ការជ្រាបយកព័ត៌មាន គឺជាផ្នែកមួយនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋរាប់រយលាននាក់ នៅជុំវិញពិភពលោក។ ជារៀងរាល់ថ្ងៃ ពួកគេស្តាប់និងទស្សនាសេចក្តីរាយការណ៍ព័ត៌មានជាសំឡេងនិងវីដេអូ តាមវិទ្យុ ទូរស័ព្ទដៃ ទូរទស្សន៍ និងបណ្តាញសង្គមនានា។ សេចក្តីរាយការណ៍ព័ត៌មានទាំងអស់នេះ ឆ្លុះបញ្ចាំងពីតថភាពសង្គមដែលពួកគេរស់នៅក្នុង និងសង្គមនានាជុំវិញពិភពលោក។
ប៉ុន្តែ មិនមែនសេចក្តីរាយការណ៍ព័ត៌មានទាំងអស់ ត្រូវបានធ្វើឡើងដោយមានវិជ្ជាជីវៈនិងឈរលើគុណតម្លៃសារព័ត៌មាន ក្នុងការជួយស្ថាបនានិងកសាងសង្គមមួយ ប្រកបដោយសេរីភាពនិងប្រជាធិបតេយ្យនោះទេ។ តើការទទួលបានសារព័ត៌មានដែលធ្វើឡើងដោយមានវិជ្ជាជីវៈមានសារៈសំខាន់អ្វីទៅ ដល់ពលរដ្ឋនិងសង្គមជាតិមួយ?
ស្តាប់ភាគទី ១៤ លើបណ្តាញ Apple Podcasts និង Google Podcasts
VOA បានបង្កើតកម្មវិធីផតខាសថ៍ថ្មីមួយឈ្មោះ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ដែលជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវ និងអ្នកនិពន្ធ១៦នាក់ ក្នុងកម្រងសៀវភៅបីក្បាល ក្រោមចំណងជើងថា៖ «កម្ពុជាឆ្នាំ ២០៤០ ឬ Cambodia 2040»។
VOA បានសហការជាមួយ វេទិកាអនាគត Future Forum ដែលបានបោះពុម្ពផ្សាយកម្រងសៀវភៅ «កម្ពុជាក្នុងឆ្នាំ២០៤០ ឬ Cambodia 2040» នេះ ដើម្បីនាំមកនូវការប្រមើលមើលពីស្ថានភាពប្រទេសកម្ពុជាក្នុងឆ្នាំ ២០៤០ ដោយផ្តោតលើប្រធានបទសំខាន់ៗ ដូចជា ការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម គោលនយោបាយ វិស័យការបរទេស និងអភិបាលកិច្ចជាដើម៕
Comments