អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ហេង ម៉ូលីកា ត្រូវបានបោះពុម្ពផ្សាយក្នុង VOD Khmer កាលពីថ្ងៃទី១២ ខែតុលា២០២២ ដោយមានអត្ថាធិប្បាយអំពីសហគ្រាសធុនតូច និងមធ្យមដែលគ្រប់គ្រងដោយស្ត្រីប្រឈមមុខនឹង យេនឌ័រប្រពៃណី កង្វះឱកាស និងលទ្ធភាពផ្សេងៗបន្ថែមទៀតដែលរារាំងដល់ភាពជោគជ័យរបស់ពួកគេ។សូមពិនិត្យមើលអត្ថបទដើមនៅទីនេះ ហើយអានវានៅខាងក្រោម! ដើម្បីអានអត្ថាធិប្បាយនេះជាអង់គ្លេស។
មាតិកា
សៅ ខេង រកចំណូលបានដោយការលក់បោះដុំគ្រឿងកំប៉ុង នៅក្បែរផ្សារដីហុយ រាជធានីភ្នំពេញ។ ការប៉ុនប៉ងពង្រីកអាជីវកម្មត្រូវបានរារាំង នៅពេលដែលធនាគារមួយបានច្រានចោលសំណើកម្ចីរបស់អ្នកស្រី។ អ្នកស្រីបានប្រាប់ថា «ធនាគារនិយាយថា ប្រាក់ចំណូលរបស់ខ្ញុំមិនគ្រប់គ្រាន់តាមលក្ខខណ្ឌកម្ចីទេ ដូច្នេះគេត្រូវការអ្នកធានានិងវត្ថុបញ្ចាំ តែខ្ញុំពុំមាន»។ ការច្រានចោលសំណើកម្ចីពីសំណាក់ធនាគារ ជាកត្តាដែលញាំញី និងប៉ះពាល់ដល់សហគ្រិនស្ត្រីជាច្រើននៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី សៅ ខេង ស្ថិតក្នុងចំណោមស្ត្រីប្រមាណ៦១ភាគរយដែលកំពុងគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា។ នេះបើយោងតាមតួលេខពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សហគ្រាសធុនតូច និងមធ្យម បានក្លាយជាកត្តាដ៏សំខាន់សម្រាប់រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងប្រទេស។
របាយការណ៍របស់ Open Development Cambodia នៅឆ្នាំ២០២០ បង្ហាញថា SME បានរួមចំណែកដល់ស្ថិរភាពសង្គម និងការពង្រីកវិស័យឯកជន តាមរយៈការបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែលមានការអប់រំនិងជំនាញការងារនៅមានកម្រិត ហើយការងារប្រមាណ ៧០% នៅកម្ពុជាត្រូវបានបង្កើតឡើងតាមរយ:សហគ្រាសធុនតូចនិងមធ្យមនេះ។
បន្ថែមពីនេះទៀត សហគ្រាសដែលភាគច្រើនកាន់កាប់ដោយស្ត្រីនេះបានរួមចំណែក ៥៨% នៃផលិតផលដុលក្នុងស្រុកសរុប (GDP)។
ផ្អែកតាមសមាគមសហគ្រិនស្ត្រីកម្ពុជា ឆ្នាំ២០២១ ក្នុងចំណោមសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី មាន ៦២% ជាអាជីវកម្មខ្នាតតូច (microbusinesses) ដែលមានបុគ្គលិកតិចជាង១០នាក់, ២៦% ជាសហគ្រាសធុនតូច (small enterprises) ដែលមានបុគ្គលិកចាប់ពី១០ ទៅ៤៩នាក់។ ចំណែកឯ ១២% ផ្សេងទៀតជាសហគ្រាសធុនមធ្យម (medium enterprises) ដែលមានបុគ្គលិកចាប់ពី៥០ ទៅ២៤៩នាក់។
នៅពីក្រោយស្ថិតិវិជ្ជមានទាំងនេះ មានហេតុផលមួយដែលបង្ហាញថា សហគ្រាសធុនតូច និងមធ្យម ភាគច្រើនគ្រប់គ្រងដោយស្ត្រី គឺព្រោះថា ពួកគេមិនមានលទ្ធភាពនិងសមត្ថភាពប្រើប្រាស់ឧបករណ៍ឌីជីថល និងជំនាញចាំបាច់ ដើម្បីធ្វើឱ្យអាជីវកម្មនោះរីកចម្រើន និងប្រែក្លាយជាសហគ្រាសធុនធំ។
ការប្រឈមផ្នែកហិរញ្ញវត្ថុរបស់ស្រ្តីក្នុង SME
ស្ត្រីកម្ពុជាប្រឈមមុខនឹងការលំបាក ជាពិសេសក្នុងការទទួលបានធនធាន និងជំនួយ ដើម្បីពង្រឹងអាជីវកម្មរបស់ពួកគេ ដូចជា ការផ្តល់ហិរញ្ញប្បទាន និងឱកាសអភិវឌ្ឍន៍សមត្ថភាព រួមមាន ការអប់រំជំនាញ និងការបង្កើតបណ្ដាញអាជីវកម្ម។ របាយការណ៍ឆ្នាំ២០១៩ ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានបង្ហាញថា អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីនៅក្នុងប្រទេសកម្ពុជា មានទំហំតូច និងក្រៅផ្លូវការ ហើយនេះជាបញ្ហាប្រឈមរបស់អាជីវកម្មទាំងនោះ ក្នុងការទទួលបានហិរញ្ញប្បទាន ជាពិសេសកម្ចីពីធនាគារ។
របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា ឧបសគ្គក្នុងការទទួលបានសេវាហិរញ្ញវត្ថុរបស់ស្រ្តី ត្រូវបានភ្ជាប់ទៅនឹងកត្តាមួយចំនួនទៀត រួមមាន ការអប់រំផ្នែកហិរញ្ញវត្ថុនៅមានកម្រិត និងកង្វះការទុកចិត្តពីសង្គមមកលើស្រ្តី។
ក្នុងការអនុវត្តជាក់ស្ដែង កម្ចីរបស់ធនាគារមានការហាមឃាត់ច្រើនសម្រាប់សហគ្រិនស្ត្រី ធ្វើឱ្យពួកគេជួបប្រទះបញ្ហាកាន់តែច្រើនក្នុងការដាក់វត្ថុបញ្ចាំដើម្បីធានាកម្ចី។ នៅឆ្នាំ២០១៦ ៦៦%នៃសហគ្រាសធុនតូច និងមធ្យម ដែលបានស្នើសុំប្រាក់កម្ចី ទទួលរងការបដិសេធ ដោយសារតែខ្វះអ្នកធានា ឬវត្ថុបញ្ចាំ។ ដោយឡែក របាយការណ៍របស់ IFC បានបង្ហាញថា ១៣% នៃម្ចាស់អាជីវកម្មជាស្ត្រី បញ្ជាក់ថា ជួបប្រទះបញ្ហាដាក់វត្ថុបញ្ចាំដើម្បីធានាបានប្រាក់កម្ចី ខណៈដែលម្ចាស់អាជីវកម្មជាបុរសដែលបានជួបបញ្ហាដូចគ្នា មានត្រឹមតែ ៩% ប៉ុណ្ណោះ។
តាមការស្ទង់មតិឆ្នាំ២០២១ ស្ត្រីម្ចាស់អាជីវកម្មនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា លើកឡើងថា ការលំបាកក្នុងការទទួលបានប្រាក់កម្ចីពីធនាគារគឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយ។
ឧបសគ្គនៃពេលវេលា និងការអភិវឌ្ឍចំណេះដឹង
បន្ថែមពីលើឧបសគ្គផ្នែកហិរញ្ញវត្ថុ ស្រ្តីក្នុងវិស័យ SME មួយចំនួនបានជួបការលំបាកក្នុងការបែងចែកពេលវេលា ដើម្បីទទួលបានឱកាសសិក្សាពីជំនាញអាជីវកម្មនានា ជាពិសេសការបែងចែកពេលវេលាដើម្បីចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពផ្សេងៗ ទោះជាការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចក៏ដោយ ព្រោះក្នុងពេលតែមួយ ពួកគេត្រូវរ៉ាប់រងកាតព្វកិច្ចគ្រួសារ ដោយសារតាមប្រពៃណីកម្ពុជា ស្ត្រីត្រូវមានទំនួលខុសត្រូវលើការងារផ្ទះ។
ផ្អែកតាមករណីសិក្សារបស់ KAS (Konrad Adenauer Foundation) Cambodia ឆ្នាំ២០២០ ភាពមមាញឹកក្នុងការបំពេញកាតព្វកិច្ចគ្រួសារនាំឱ្យស្ត្រីកម្ពុជាមានឱកាសទំនាក់ទំនង ប្រើប្រាស់ និងបង្កើតបណ្តាញក្នុងសង្គម តិចជាងបុរស។
កង្វះពេលវេលារបស់ពួកគេក៏ជាកត្តាដែលធ្វើឱ្យពួកគេមិនសូវមានការយល់ដឹង និងរៀនប្រើប្រាស់ព័ត៌មាន និងឧបករណ៍ឌីជីថលដែលមានប្រយោជន៍សម្រាប់អាជីវកម្ម រួមមាន ឧបករណ៍ជំរុញការលក់ និងទីផ្សារ (ប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័រក្រុមហ៊ុន) ឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុ (Monefly, Google Spreadsheet និង Excel Sheet) និងឧបករណ៍ជួយពន្លឿនការសហការផ្សេងទៀត រួមមាន (Microsoft Teams និង Trello) ផងដែរ។
មុនពេលកើតមានជំងឺរាតត្បាតកូវីដ-១៩ ម្ចាស់សហគ្រាសធុនតូច និងមធ្យម មិនបានចាត់ទុកឧបករណ៍ឌីជីថលទាំងនេះជាអាទិភាព និងមានប្រយោជន៍ឡើយ។ លុះដល់ពេលត្រូវការ ពួកគេបានជួបប្រទះការលំបាកក្នុងការចូលរៀនវគ្គជំនាញទាំងអស់នេះ។
ចំណេះនៃការប្រើប្រាស់ភាសាមានកម្រិត ជាពិសេសភាសាអង់គ្លេស គឺជាឧបសគ្គមួយទៀតសម្រាប់ស្ត្រីមួយចំនួនក្នុងការទទួលបានព័ត៌មានសំខាន់ៗបន្ថែមទាក់ទងនឹងការប្រព្រឹត្តទៅនៃអាជីវកម្មរបស់ពួកគេ។ ប៉ុន្ដែយ៉ាងណាមិញ បញ្ហានេះហាក់មិនសូវមានលក្ខណៈធ្ងន់ធ្ងរទេសម្រាប់សហគ្រិនស្ត្រីវ័យក្មេងដែលអាចប្រើប្រាស់ភាសាអង់គ្លេសបាន។
នៅក្នុងប្រទេសកម្ពុជា បើទោះបីជាតួនាទីរបស់សហគ្រាសធុនតូច និងមធ្យម កំពុងកើនឡើង និងមានសារៈសំខាន់ក៏ដោយ ក៏ឧបសគ្គជាច្រើន ដូចជាកង្វះឧបករណ៍ និងការផ្តល់ជំនាញ បានរារាំងសក្តានុពល និងឱកាសរបស់ស្ត្រីក្នុងវិស័យនេះ។ ប្រសិនបើមានការគាំទ្រគ្រប់គ្រាន់ សហគ្រាសធុនតូច និងមធ្យម ដែលគ្រប់គ្រងដោយស្ត្រីនៅកម្ពុជា អាចសម្រេចបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាព។
រដ្ឋាភិបាលគួរផ្ដោតលើការពង្រឹងការគាំពារសហគ្រិនស្ត្រី
យោងតាមបញ្ហាដែលបានរៀបរាប់ពីខាងលើ ការបង្កើនសមភាពយេនឌ័រក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងសកម្មភាពអភិវឌ្ឍន៍សមត្ថភាព ពិតជាមានសារៈសំខាន់ណាស់សម្រាប់កំណើនប្រកបដោយនិរន្តរភាពនៃសហគ្រាសធុនតូចនិងមធ្យមដែលគ្រប់គ្រងដោយស្ត្រី និងសម្រាប់សេដ្ឋកិច្ចជាតិរបស់កម្ពុជា។
បច្ចុប្បន្ន គំនិតផ្ដួចផ្ដើមជាច្រើនរបស់រដ្ឋាភិបាល ក្នុងគោលបំណងជួយសហគ្រិនស្រ្តី ក្នុងការពង្រឹងអាជីវកម្ម នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ។ជាក់ស្ដែង ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសារអាជីវកម្មមានសភាពតូចតាច ស្ត្រីជាច្រើនមិនបានទទួលជំនួយផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលទេ។
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានអនឡាញ Cambodianess លោក ឈុនហាក់ អគ្គនាយកផ្នែកសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី មានប្រសាសន៍ថា «ដោយសារតែសហគ្រិនស្ត្រីភាគច្រើនចាប់ផ្ដើម និងនៅដំណើរការលក្ខណៈតូចតាចនិងក្រៅផ្លូវការ ពួកគេពិបាកក្នុងការទទួលបានការគាំទ្រជាផ្លូវការណាស់»។
ជាការពិតណាស់ ការអភិវឌ្ឍសមត្ថភាពស្ត្រីកម្ពុជា មិនគួរពឹងផ្អែកតែលើគម្រោងរបស់អង្គការក្រៅរដ្ឋាភិបាល និងដៃគូអន្តរជាតិនោះទេ។ ដើម្បីបង្កើតលទ្ធផលប្រកបដោយនិរន្តរភាព រដ្ឋាភិបាលគួរតែផ្តោតលើការពង្រឹងការយល់ដឹងអំពីតួនាទីរបស់ស្ត្រីនៅក្នុងសង្គម និងផ្ដួចផ្ដើមកម្មវិធីបណ្ដុះបណ្ដាល ដើម្បីជំរុញនិងលើកកម្ពស់ភាពធន់នៃដំណើរការអាជីវកម្ម ក្នុងករណីមានវិបត្តិនឹកស្មានមិនដល់ ដូចជា ជំងឺរាតត្បាត ជាដើម។
ក្រសួងកិច្ចការនារី និងធនាគារជាតិនៃកម្ពុជា គួរតែធ្វើការរួមគ្នា ដើម្បីផ្តល់លក្ខខណ្ឌផ្តល់ប្រាក់កម្ចីដែលមានសភាពបត់បែនដល់ស្ត្រី ក្នុងអាជីវកម្មខ្នាតតូច និងសហគ្រាសធុនតូចនិងមធ្យម។ ការផ្អាកការប្រមូលបំណុល និងការផ្តល់ប្រាក់កម្ចីជាមួយនឹងអត្រាការប្រាក់ទាប ក៏គួរត្រូវបានពិចារណាផងដែរ ដើម្បីជួយស្ត្រីក្នុងការពង្រីក និងស្តារអាជីវកម្មឡើងវិញ បន្ទាប់ពីត្រូវបានប៉ះពាល់ដោយជំងឺកូវីដ-១៩។
ការគាំទ្រអាជីវកម្ម និងសហគ្រាសដែលគ្រប់គ្រងដោយស្ត្រី គឺជាការវិនិយោគលើការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី និងកំណើនសេដ្ឋកិច្ចរួមរបស់ប្រទេសកម្ពុជានាពេលអនាគត៕
Op-ed/Commentary នេះត្រូវបានផ្តល់មូលនិធិដោយ SIDA, OSF, និងនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី Ponlok Chomnes: Data and Dialogue for Development របស់មូលនិធិអាស៊ី។ ទស្សនៈដែលបានបង្ហាញនៅក្នុងអត្ថបទនេះគឺគ្រាន់តែជារបស់អ្នកនិពន្ធប៉ុណ្ណោះ និងមិនបញ្ជាក់ពីការយល់ព្រមដោយវេទិកាអនាគត ឬម្ចាស់ជំនួយនោះទេ។
Comments