អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ហេង ម៉ូលីកា ត្រូវបានបោះពុម្ពផ្សាយក្នុង VOD Khmer កាលពីថ្ងៃទី៨ ខែកញ្ញា ២០២២ ដោយមានអត្ថាធិប្បាយអំពាវនាវឱ្យនិយាយអំពីសុខភាពបន្តពូជដោយបើកចំហដោយមិនខ្លាចការវិនិច្ឆ័យ។ សូមពិនិត្យមើលអត្ថបទដើមនៅទីនេះ ហើយអានវានៅខាងក្រោម! ដើម្បីអានអត្ថាធិប្បាយនេះជាអង់គ្លេស។
មាតិកាអត្ថបទ
នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៧មកម៉្លេះ ការរំលូតកូនជាអំពើស្របច្បាប់ ប៉ុន្តែមកទល់បច្ចុប្បន្ន ការមាក់ងាយពីសង្គម វប្បធម៌ និងសាសនានៅតែបន្តរារាំងស្ត្រីមិនឱ្យយល់ដឹងនិងទទួលយកសេវារំលូតកូនពីកន្លែងដែលមានសុវត្ថិភាព។
សមាគមសុខភាពបន្តពូជកម្ពុជា បានឱ្យដឹងថា ស្ត្រីកម្ពុជាប្រហែល១នាក់ក្នុងចំណោម១៤នាក់ ត្រូវបានគេប៉ាន់ស្មានថាបានរំលូតកូនក្នុងរយៈពេលប្រាំឆ្នាំ ហើយ ៤០% នៃការរំលូតកូននេះកំពុងត្រូវបានអនុវត្តដោយអ្នកអនុវត្តដែលគ្មានអាជ្ញាបណ្ណនិងវិជ្ជាជីវ:។
នៅកម្ពុជា ការរំលូតកូនត្រូវបានមនុស្សមួយចំនួនចាត់ទុកថាជាអំពើបាប នេះហើយជាកត្តាដែលជំរុញឱ្យស្រ្តីធ្វើការរំលូតកូនដោយលួចលាក់។ លើសពីនេះ ចំពោះស្រ្តីដែលមិនទាន់បានរៀបការ ការរំលូតកូននាំមកនូវការមាក់ងាយទាក់ទងនឹងការរួមភេទមុនពេលរៀបការ ដែលរឹតតែជំរុញឱ្យស្ត្រីសម្រេចរំលូតកូនដោយលួចលាក់ ហើយនាំឱ្យពួកគេប្រឈមនឹងគ្រោះថ្នាក់។ កម្ពុជាត្រូវការយុទ្ធនាការផ្សព្វផ្សាយព័ត៌មានស្តីពីការរំលូតកូនដោយមានសុវត្ថិភាព ដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហានៃការមាក់ងាយពីសង្គម និងជាការលើកទឹកចិត្តស្ត្រីកុំឱ្យនៅស្ងៀមចំពោះបញ្ហាទាំងនេះ។
កម្មពារ
ព្រះសង្ឃមួយអង្គបានមានថេរដីកាប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីឆ្នាំ២០០២ ថា៖ «ព្រះពុទ្ធបានបង្រៀនយើងថា យើងមិនគួរសម្លាប់ជីវិតទេ។ បើអ្នកសម្លាប់គេ អ្នកនឹងទទួលកម្មផលអាក្រក់»។ ដោយប្រជាជនខ្មែរភាគច្រើនជាពុទ្ធសាសនិក យើងឃើញថា ពាក់កណ្ដាលនៃសម្ពាធនៃការប្រឆាំងនឹងការរំលូតកូនកើតឡើង ដោយអ្នករិះគន់ទាំងនោះតែងតែលើកឡើងពីគោលការណ៍ «មិនសម្លាប់ជីវិត» ក្នុងព្រះពុទ្ធសាសនា។
ប៉ុន្តែបើយោងតាមគ្លីនិកដែលបម្រើសេវារំលូតកូនបាននិយាយថា អតិថិជនរបស់ពួកគេភាគច្រើនជាស្ត្រីនៅលីវ ហើយស្ត្រីទាំងនេះប្រឈមនឹងសម្ពាធទ្វេដង ដោយសារតែការវិនិច្ឆយអវិជ្ជមានពីការរួមភេទមុនពេលរៀបការ។
របាយការណ៍របស់រដ្ឋាភិបាលដែលបានចេញផ្សាយក្នុងឆ្នាំ២០១៦ ស្តីពី «សុខភាពផ្លូវភេទរបស់ក្មេងជំទង់នៅកម្ពុជា» រកឃើញត្រឹមតែ ១% នៃស្ត្រីមិនទាន់រៀបការ (អាយុចន្លោះពី១៥-២៤ឆ្នាំ) ដែលរាយការណ៍ថាធ្លាប់បានរួមភេទ។ តួលេខនៅក្នុងរបាយការណ៍នេះទំនងគឺជា «ការប៉ាន់ស្មានមិនច្បាស់លាស់ ដូច្នេះមិនផ្ដល់ទិន្នន័យត្រឹមត្រូវពីសកម្មភាពផ្លូវភេទរបស់ស្ត្រីមិនទាន់រៀបការដែលមានអាយុពី១៥-២៤ឆ្នាំឡើយ»។
ម៉្យាងទៀត ភាពមិនត្រឹមត្រូវនៃទិន្នន័យនេះអាចបណ្ដាលមកពីស្ត្រីដែលមិនទាន់រៀបការ មានភាពស្ទាក់ស្ទើរក្នុងការពិភាក្សា ឬផ្តល់ព័ត៌មានអំពីប្រធានបទនេះ សូម្បីតែនៅក្នុងការស្ទង់មតិដោយអនាមិកក៏ដោយ។
លោក សេក សុខុម អ្នកគ្រប់គ្រងកម្មវិធីសុខភាពយុវជន នៃសមាគមសុខភាពបន្តពូជ បានសង្ខេបនូវជំនឿដែលត្រូវបានប្រកាន់ខ្ជាប់ថា «បទដ្ឋានសង្គមកម្ពុជាឱ្យតម្លៃព្រហ្មចារី ដូច្នេះក្មេងស្រីមិនគួររួមភេទមុនពេលរៀបការទេ ហើយអ្នកដែលរួមភេទមុនពេលរៀបការនឹងបំផ្លាញកេរ្តិ៍ឈ្មោះគ្រួសាររបស់ពួកគេ»។
ជំនឿទាំងនេះធ្វើឱ្យសង្គមមានការពិភាក្សាតិចតួច និងការចែករំលែកនូវចំណេះដឹងមិនបានគ្រប់គ្រាន់ ជុំវិញបញ្ហាអាពាហ៍ពិពាហ៍កុមារ ការមានផ្ទៃពោះរបស់ក្មេងជំទង់ និងអំពីវិធីពន្យារកំណើត ដែលភាពខ្វះចំណេះដឹងទាំងអស់នេះហើយជាកត្តាមួយដែលត្រូវបានគេមើលឃើញថា កំពុងជំរុញអត្រានៃការមានផ្ទៃពោះរបស់ក្មេងជំទង់។
ការកើនឡើងនៃហានិភ័យ
អ្នកនាង ចោម ច័ន្ទដា អ្នកគ្រប់គ្រងគ្លីនិកមួយនៅទីក្រុងភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា តាមបទពិសោធន៍របស់នាង ស្ត្រីមានផ្ទៃពោះមិនទាន់រៀបការ មានទំនោរជ្រើសរើសធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីចៀសវាងភាពខ្មាសអៀនពេលសម្រេចចិត្តរំលូតកូន។ ច័ន្ទដា បានបន្ថែមថា៖ «ដោយគ្មានចំណេះដឹងត្រឹមត្រូវអំពីអ្នកផ្តល់សេវារំលូតកូនស្របច្បាប់ ស្រ្តីទាំងនោះទទួលសេវាកម្មពីកន្លែងដែលគ្មានជំនាញនិងវិជ្ជាជីវ: បន្ទាប់មកពួកគេមក [គ្លីនិក] ដោយមានបញ្ហាសុខភាពស្មុគស្មាញជាប់ខ្លួន»។
ផ្អែកតាមការស្រាវជ្រាវ ឆ្នាំ២០១៩ ស្តីពី «ការមានផ្ទៃពោះដោយអចេតនា» ក្នុងចំណោមស្ត្រីវ័យជំទង់ដែលមិនទាន់បានរៀបការ ពួកគេតែងតែទិញថ្នាំរំលូតកូនពីឱសថស្ថានដែលមិនបានទទួលការបណ្ដុះបណ្ដាល។ ការស្រាវជ្រាវក៏បានបន្ថែមទៀតថា «ស្ត្រីវ័យក្មេងទាំងនោះព្យាយាមរំលូតកូនរបស់ពួកគេដោយខ្លួនឯង ហើយក្នុងករណីខ្លះ ការអនុវត្តបែបនេះធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដោយទាមទារឱ្យមានអន្តរាគមន៍វះកាត់ជាបន្ទាន់ ដែលបណ្តាលឱ្យមានការកើនឡើងនៃចំណាយធនធានហិរញ្ញវត្ថុ និងហានិភ័យឈានដល់ការបាត់បង់ជីវិត» ។
អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា នៅទូទាំងពិភពលោក ស្ត្រីចំនួន៧លាននាក់ក្នុងមួយឆ្នាំៗ ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យសម្រាប់ផលវិបាក និងបញ្ហាសុខភាពស្មុគស្មាញកើតឡើងដោយការរំលូតកូនដោយមិនមានសុវត្ថិភាព ហើយការរំលូតកូនមិនមានសុវត្ថិភាពទៀតសោតជាមូលហេតុចម្បងនៃការស្លាប់របស់មាតា។
ការពង្រីកការស្រាវជ្រាវ
ប្រទេសកម្ពុជាត្រូវការយុទ្ធនាការ និងអន្តរាគមន៍ទាក់ទងនឹងការរំលូតកូនបន្ថែមទៀត ដែលនៅក្នុងនោះព័ត៌មានត្រឹមត្រូវបន្ថែមទៀតអំពីបទពិសោធន៍រស់នៅជាក់ស្តែងរបស់ស្ត្រី ជាពិសេសស្ត្រីមិនទាន់រៀបការ គឺជាគន្លឹះក្នុងការធ្វើឱ្យយុទ្ធនាការ និងអន្តរាគមន៍មានប្រសិទ្ធភាព។
របាយការណ៍របស់រដ្ឋាភិបាល ឆ្នាំ២០១៦ ស្តីពី «សុខភាពផ្លូវភេទរបស់ក្មេងជំទង់» បានរកឃើញថា ស្ត្រីទំនងជាមិនឆ្លើយដោយស្មោះត្រង់ នៅពេលដែលមនុស្សចាស់សួរពួកគេអំពីបញ្ហាផ្លូវភេទ ជាពិសេសប្រសិនបើបុគ្គលដែលសួរពួកគេនោះត្រូវបានស្គាល់ថាមានឋានៈខ្ពស់ក្នុងសង្គម ឬជាបុគ្គលិកសុខភាពមូលដ្ឋាន ឬមន្រ្តីរដ្ឋាភិបាល។
ការស្ទង់មតិតាមទូរសព្ទដៃ ឬការប្រើប្រាស់បច្ចេកវិទ្យាផ្សេងទៀត អាចជាជម្រើសមួយដើម្បីអនុញ្ញាតឱ្យអ្នកស្រាវជ្រាវប្រមូលព័ត៌មានតាមរបៀបដែលមិនតម្រូវឱ្យស្ត្រីប្រឈមមុខនឹងអ្នកស្រាវជ្រាវដោយផ្ទាល់។
វិធីសាស្រ្តស្រាវជ្រាវផ្សេងទៀត រួមមាន ការបង្វែរប្រភេទនៃសំណួរដែលត្រូវសួរ។ សំណួរផ្ទាល់ ដូចជា «តើអ្នកធ្លាប់រំលូតកូនទេ»? អាចត្រូវជំនួសដោយសំណួរផ្អែកលើសេណារីយ៉ូ ឧទាហរណ៍ ដូចជា «ប្រសិនបើអ្នកមានផ្ទៃពោះដែលមិនចង់បាន តើអ្នកនឹងធ្វើដូចម្ដេច»? និង «តើអ្នកដឹងពីកន្លែងដែលត្រូវរំលូតកូនដោយសុវត្ថិភាពទេ»? សំណួរទាំងនេះអាចជួយអ្នកស្រាវជ្រាវឱ្យយល់អំពីកម្រិតចំណេះដឹង និងទស្សនៈផ្សេងៗគ្នា អាស្រ័យលើបទពិសោធន៍របស់ស្ត្រី និងកំណត់ការយល់ដឹងនៃសេវាកម្មដែលស្ត្រីអាចនឹងទទួល។
ជាការពិតណាស់ ការសិក្សាស្រាវជ្រាវពីការរំលូតកូន ក៏គួរស្ទង់មតិបុរសផងដែរ។ ដោយបច្ចុប្បន្ន យើងនៅមានចម្ងល់ថា តើស្ត្រីបាន ឬនឹងពិភាក្សាអំពីការរំលូតកូនជាមួយដៃគូរបស់ពួកគេឬអត់? ប្រសិនបើពួកគេបានពិភាក្សា តើអ្វីខ្លះដែលពួកគេជជែក? ហើយធ្វើឡើងច្រើនប៉ុនណា? ក្នុងករណីដែលស្រ្តីបាន ឬនឹងពិភាក្សាជាមួយដៃគូរបស់ពួកគេពីការរំលូតកូននោះ មានន័យថា បុរសគឺជាផ្នែកសំខាន់នៃការសម្រេចចិត្ត អំពីថាតើរបៀបនិងកន្លែងណាដែលស្រ្តីគួរទៅធ្វើការរំលូតកូន។ បុរសអាចជាប្រភពនៃព័ត៌មានសម្រាប់ដៃគូរបស់ពួកគេ មានន័យថា ការយល់ដឹងរបស់បុរសអំពីការរំលូតកូនក៏មានសារសំខាន់ផងដែរ ក្នុងការជួយស្ត្រីឱ្យទទួលបានសេវារំលូតកូនដោយសុវត្ថិភាព។
ការពិភាក្សាបន្ថែមជុំវិញបញ្ហានៃការរំលូតកូន
ជាក់ស្ដែង យើងសង្កេតឃើញថា យុទ្ធនាការព័ត៌មានជាសាធារណៈអំពីសុខភាពបន្តពូជជាច្រើនធ្លាប់បានធ្វើឡើងរួចទៅហើយ ប៉ុន្តែយុទ្ធនាការទាំងនោះភាគច្រើនត្រូវបានរៀបចំនៅត្រឹមមន្ទីរពេទ្យ ហើយប្រធានបទនៃការរំលូតកូនដោយសុវត្ថិភាពមិនត្រូវបានសង្កត់ធ្ងន់ និងយកចិត្តទុកដាក់ឡើយ។
យុទ្ធនាការស្តីពីការរំលូតកូនដោយសុវត្ថិភាព និងសិទ្ធិក្នុងការរំលូតកូន គួរតែត្រូវបានរៀបចំនៅក្នុងវិទ្យាល័យ ឬក្នុងព្រឹត្តិការណ៍យុវជននានា ដើម្បីផ្សព្វផ្សាយទៅដល់អ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយបញ្ហានេះ ក្នុងនោះមានស្ត្រីវ័យក្មេងដែលមិនទាន់រៀបការ។ ប៉ុន្តែយ៉ាងណាមិញ ដោយសារបទដ្ឋានសង្គមបច្ចុប្បន្ន ការធ្វើយុទ្ធនាការបែបនេះអាចប្រឈមនឹងការប្រឆាំង ឬមិនពេញចិត្ត ដោយសារវាត្រូវបានគេមើលឃើញថាជាការផ្សព្វផ្សាយ ឬលើកទឹកចិត្តការរួមភេទមុនរៀបការ។
ដូច្នេះ ដើម្បីកាត់បន្ថយប្រតិកម្មអវិជ្ជមានដែលអាចកើតមាន យុទ្ធនាការទាំងនេះអាចរៀបចំក្នុងរូបភាពជាការផ្តល់ព័ត៌មានអំពីសុខភាពបន្តពូជទូទៅ ប៉ុន្តែព័ត៌មានដែលផ្តល់គួរសង្កត់ធ្ងន់លើបញ្ហានានាពីការរំលូតកូន។
លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គម គឺជាបណ្តាញដ៏សំខាន់មួយផ្សេងទៀតសម្រាប់ការធ្វើយុទ្ធនាការផ្តល់ព័ត៌មាននេះទៅដល់អ្នកទទួលផលគោលដៅ។ ការទាក់ទាញអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម (influencers) នឹងក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មានដែលមានប្រយោជន៍ទាក់ទងនឹងការរំលូតកូន។
ប្រសិនបើនៅតែពុំមានយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងអំពីការរំលូតកូនដោយសុវត្ថិភាព និងការជជែកជាសាធារណៈ បើកចំហ អំពីសារសំខាន់នៃចំណេះដឹងទាំងនេះទេ ស្ត្រីកម្ពុជាជាច្រើនកំពុងធ្វើការសម្រេចចិត្តដែលមានភាពប្រថុយប្រថានដល់អាយុជីវិត និងប្រឈមមុខនឹងការវិនិច្ឆយថាតើជម្រើសរបស់ពួកគេអាក្រក់ ខុស ឬអសីលធម៌។

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Opinion: Shame Around Premarital Sex Is Making Abortions More Dangerous
អត្ថបទនេះ ទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត Embassy of Sweden Section Office in Phnom Penh និង សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា European Union in Cambodia តាមរយៈអង្គការតម្លាភាពកម្ពុជា Transparency International Cambodia។ ទស្សនៈបង្ហាញក្នុងអត្ថបទនេះ គឺជាទស្សនៈផ្ទាល់ខ្លួនរបស់ស្មេរ ពោលគឺមិនបានឆ្លុះបញ្ចាំងពីទស្សនៈរបស់សហភាពអឺរ៉ុប European Union in Cambodia និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត អង្គការតម្លាភាពកម្ពុជា ឬ អង្គការវេទិកាអនាគត Future Forum ឡើយ។
Comments