top of page

ដំណោះស្រាយ​នៃ​វិបត្តិ​បំណុល​នៅ​តាម​ទីជនបទ​នៅ​មិន​ទាន់​មាន​លទ្ធផល​ល្អ​នៅ​ឡើយ

អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ហេង ម៉ូលីកា បានធ្វើការបោះពុម្ភផ្សាយក្នុង VOD khmer កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយមានអត្ថធិប្បាយអំពីវិបត្តិបំណុលដែលប្រជាជននៅតាមជនបទធ្វើការជំពាក់ជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្របពេលរាជរដ្ឋាភិបាលកំពុងណែនាំនូវគោលការណ៍មួយចំនួនដើម្បីបន្ធូរបន្ថយដល់កូនបំណុល តែមិនទាន់ទទួលបានលទ្ធផលល្អនៅឡើយ ។ ដើម្បីអានអត្ថបទនេះ សូមចុចទីនេះ!


 

មាតិកាអត្ថបទ





វិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ វិស័យនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឱកាសដល់ប្រជាជនដែលមានជីវភាពក្រីក្របានទទួលកម្ចីហិរញ្ញវត្ថុ ដើម្បីយកទៅអភិវឌ្ឍជីវភាពរបស់ពួកគេ។ ប៉ុន្តែជាអកុសល មានប្រជាពលរដ្ឋជាប់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុនេះកើនឡើងយ៉ាងធ្ងន់ធ្ងរ ជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ។


យោងតាមការស្ទង់មតិសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០ បំណុលជាមធ្យមក្នុងមួយគ្រួសារបានកើនឡើង ៨៥ ភាគរយ ក្នុងរយៈពេលពីរឆ្នាំនេះ ពោលគឺកើនពី៩,៦លានរៀល (ប្រហែល២ ៤០០ដុល្លារ) ដល់១៧,៧លានរៀល (ប្រហែល៤ ៤០០ដុល្លារ)។


សម្រាប់ប្រជាជនកម្ពុជានៅតាមទីជនបទ ការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាហានិភ័យដ៏ធំមួយដែលផ្សារភ្ជាប់ទៅនឹងការបាត់បង់ដីធ្លី ផ្ទះសម្បែង ពីព្រោះថា ដើម្បីអាចខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាន ប្រជាពលរដ្ឋកូនបំណុលត្រូវដាក់វត្ថុបញ្ចាំទៅឱ្យគ្រឹះស្ថាននោះ មានជាអាទិ៍ បណ្ណកម្មសិទ្ធិដីធ្លី ឬកម្មសិទ្ធិផ្ទះសម្បែង។ ក្នុងន័យនេះ ប្រសិនបើគ្រួសារណាមួយពុំមានលទ្ធភាពសងបំណុលទេ នោះទ្រព្យបញ្ចាំនឹងត្រូវរឹបអូសដើម្បីទូទាត់បំណុល។


ចំពោះគ្រួសារកសិករនៅទីជនបទ ការបាត់បង់ដីធ្លីមិនត្រឹមតែជាការបាត់បង់ទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែវានឹងធ្វើឱ្យពួកគាត់បាត់បង់ប្រភពផ្គត់ផ្គង់ជីវភាព ដូចជា ការធ្វើស្រែចម្ការ ឬចិញ្ចឹមសត្វ ជាដើម។



ថ្វីបើការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាគោលការណ៍ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយភាពក្រីក្រក៏ដោយ ប៉ុន្តែគ្រឹះស្ថាននេះពុំបានប្រតិបត្តិតាមគោលការណ៍ដើមនេះទេ ដោយសារកង្វះបទប្បញ្ញត្តិ និងគោលនយោបាយប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីនោះ នៅមិនទាន់មានការសិក្សាវិភាគគ្រប់គ្រាន់ ដើម្បីវាយតម្លៃលើផលប៉ះពាល់ជាមូលដ្ឋាននៃការអនុវត្ត ឬអន្តរាគមន៍នៃគោលនយោបាយខាងលើនៅឡើយ។


ក្រៅពីតម្រូវការបណ្ណកម្មសិទ្ធិដីធ្លីនិងផ្ទះសម្បែងសម្រាប់ដាក់ជាទ្រព្យបញ្ចាំ ស្ថាប័នហិរញ្ញវត្ថុទាំងនោះយកអត្រាការប្រាក់ខ្ពស់ទៀតផង។ ទំនងជាយល់ដល់បញ្ហានៃអត្រាការប្រាក់ខ្ពស់នេះហើយ នៅឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានកំណត់ពិដានអត្រាការប្រាក់នៅត្រឹម ១៨ភាគរយ គឺមានន័យថាគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មិនអាចយកអត្រាការប្រាក់ពីកូនបំណុលលើសពី១៨ភាគរយទេ។


ប៉ុន្តែនៅក្នុងការចេញផ្សាយរបស់ខ្លួននៅឆ្នាំ២០២១ មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) ឱ្យដឹងថា នៅពេលដែលធនាគារជាតិដាក់ពិដានលើអត្រាការប្រាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែរជាដំឡើងថ្លៃរដ្ឋបាលរបស់ពួកគេ ដែលជាហេតុធ្វើឱ្យកូនបំណុលត្រូវចំណាយច្រើនដដែល។ ជាងនេះទៅទៀត ស្ថាប័នហិរញ្ញវត្ថុដដែលនេះបានបង្វែរទិសដៅពីការស្រូបយកអតិថិជនទូទៅ ទៅជាការផ្ដោតតែលើអតិថិជនដែលត្រូវការកម្ចីធំៗ។ ការណ៍នេះធ្វើឱ្យប៉ះពាល់ជាយថាហេតុដល់ពលរដ្ឋក្រីក្រដែលស្វែងរកកម្ចីតូចៗ។ លើសពីនេះ ទោះបីជាចំនួនអ្នកខ្ចីបានថយចុះ តែតម្លៃសរុបនៃប្រាក់កម្ចីនៅតែបន្តកើនឡើង ដែលធ្វើឱ្យមានសំណួរចោទសួរថា តើការដែលកំណត់ការប្រាក់ទាបត្រឹម ១៨ភាគរយ គឺជាកត្តាជំរុញឱ្យមានកម្ចីកាន់តែច្រើនដោយគ្មានការពិចារណាលើការដំឡើងតំលៃសេវាផ្សេងៗរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុឬយ៉ាងណា?


ការសិក្សានាពេលថ្មីមួយស្ដីពីផលប៉ះពាល់នៃអត្រាការប្រាក់លើវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បង្ហាញថា

ការផ្តោតលើអតិថិជនធំៗជួយឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាននិរន្តរភាព ដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវចំណាយលើថ្លៃរដ្ឋបាលច្រើន និងបម្រើប្រភេទកម្ចីដែលមានហានិភ័យខ្ពស់។

ទោះជាមានការអះអាងយ៉ាងនេះក្ដី ក៏ការអនុវត្តនេះផ្ទុយទៅនឹងគោលបំណងដើមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការជួយឱ្យអ្នកខ្ចីខ្នាតតូចទទួលបានសេវាហិរញ្ញវត្ថុ។


បច្ចុប្បន្ននេះ ច្បាប់របស់ប្រទេសកម្ពុជាបានផ្ដល់ការណែនាំថា វត្ថុបញ្ចាំគួរតែត្រូវបានវាយតម្លៃក្រោមលក្ខខណ្ឌនិងដោយបុគ្គលដែលមានវិជ្ជាជីវៈច្បាស់លាស់។ ប៉ុន្តែច្បាប់នេះមិនបានដាក់កម្រិតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនឱ្យរឹបអូសវត្ថុបញ្ចាំទេ ប្រសិនបើកូនបំណុលមិនព្រមសងប្រាក់ ឬពុំមានលទ្ធភាពសងវិញ។


ជាលទ្ធផល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែអាចទទួលបានប្រាក់ចំណេញ ទោះជាមានឬគ្មានគោលការណ៍កំណត់ពិដានអត្រាការប្រាក់នៅឆ្នាំ២០១៧ របស់ធនាគារជាតិក៏ដោយ។ ជាក់ស្តែង ពីមុន គេអាចរកប្រាក់ចំណេញដោយការយកអត្រាការប្រាក់ខ្ពស់លើសពី១៨ភាគរយ និងបច្ចុប្បន្នដោយការដំឡើងថ្លៃសេវាបន្ថែម។


បញ្ហាដែលគួរឱ្យព្រួយបារម្ភមួយទៀត គឺដំណើរការនៃការផ្តល់កម្ចីហាក់ដូចជាមិនទាន់មានយន្តការ ឬសវនកម្មរឹងមាំ ដើម្បីធានាថា កម្ចីត្រូវបានប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនៅឡើយ។ ការសិក្សាមួយអំពីឥណទានខ្នាតតូច ក្នុងឆ្នាំ២០១៥ បានផ្តល់នូវភស្តុតាងជាក់ស្តែងថា ប្រជាជននៅទីជនបទដែលជាកូនបំណុលភាគច្រើនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅមានកម្រិត ហើយពួកគាត់មិនទទួលបានព័ត៌មានហិរញ្ញវត្ថុគ្រប់គ្រាន់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មុនពេលធ្វើការសម្រេចចិត្តខ្ចីប្រាក់នោះទេ។


ហេតុដូច្នេះ កូនបំណុលជាច្រើនបានប្រើប្រាស់ប្រាក់កម្ចីខុសគោលបំណង ពោលគឺចំណាយទៅលើសកម្មភាពដែលពុំទទួលបានចំណូលផ្សេងៗ ដូចជាពួកគេត្រូវការឥណទានសម្រាប់រៀបចំពិធីបុណ្យ ឬអាពាហ៍ពិពាហ៍ ជាដើម។ កត្តានេះអាចធ្វើឱ្យពួកគាត់កាន់តែពិបាកក្នុងការរកប្រាក់មកទូទាត់សងបំណុលនៅពេលក្រោយ។



វិបត្តិសេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ បានគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ដើម្បីកាត់បន្ថយការប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាជនងាយរងគ្រោះ

រាជរដ្ឋាភិបាលកម្ពុជាបានបង្គាប់ឱ្យធនាគារជាតិបង្កើតគោលការណ៍បន្ធូរបន្ថយបំណុល (relief measures) ដោយណែនាំគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឱ្យផ្លាស់ប្ដូរលក្ខខណ្ឌនៃកិច្ចព្រមព្រៀងប្រាក់កម្ចី ដូចជា ការលើកលែងថ្លៃសេវា ឬលើកលែងការផាកពិន័យ ជាដើម។

យ៉ាងណាមិញ គោលការណ៍បន្ធូរបន្ថយនេះហាក់មិនទាន់សម្រេចបានលទ្ធផលដែលចង់បាននៅឡើយ។ តាមការស្រាវជ្រាវពីក្រុមតស៊ូមតិសិទ្ធិមនុស្ស (Human Rights Watch) មានតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនតែប៉ុណ្ណោះដែលបានគាំទ្រអនុវត្តសារាចររបស់ធនាគារជាតិ។ រីឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀតដំណើរការបន្ធូរបន្ថយបំណុលបរាជ័យ ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះទៀតមិនបានគោរពនិងអនុវត្តតាមសារាចរធនាគារជាតិទេ។


ជាក់ស្ដែង គេពុំឃើញមានការបង្កើតភ្នាក់ងារថ្មី ឬការចាត់តាំងស្ថាប័នដែលមានស្រាប់ ឱ្យត្រួតពិនិត្យការអនុវត្តគោលការណ៍រៀបចំប្រាក់កម្ចីឡើងវិញ (restructuring loan) នោះទេ។


បើតាមភាពជាក់ស្ដែង គោលការណ៍ដែលចេញដោយធនាគារជាតិហាក់ដូចជាត្រូវបានអនុវត្តតាមសំណើរបស់កូនបំណុល ពុំមានលក្ខខណ្ឌច្បាស់លាស់ និងនីតិវិធីត្រឹមត្រូវសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីកំណត់កម្រិតនៃបំណុលរបស់កូនបំណុល ថាតើចំនួនបំណុលប៉ុន្មានដែលនឹងទទួលបានគោលការណ៍បន្ធូរបន្ថយនោះ។ លើសពីនេះទៅទៀត មិនមានព័ត៌មានច្បាស់លាស់ស្តីពីគោលការណ៍បន្ធូរបន្ថយបំណុលដល់អតិថិជន ឬណែនាំកូនបំណុលអំពីដំណើរការថ្មីនេះទេ។ ហេតុនេះមានករណីដែលកូនបំណុលមួយចំនួនមិនបានដឹងពីគោលការណ៍នេះ និងមិនបានធ្វើការស្នើសុំផ្លាស់ប្តូរលក្ខខណ្ឌនៃបំណុលរបស់ពួកគាត់។


សរុបមកវិញ ខណៈដែលមិនទាន់មានការសិក្សាម៉ត់ចត់លើបទប្បញ្ញត្តិលើការអនុវត្ត និងលើលទ្ធផលនៃគោលការណ៍រៀបចំផ្លាស់ប្ដូរលក្ខខណ្ឌប្រាក់កម្ចីឡើងវិញ (restructuring loan) ការផ្អាកការប្រមូលបំណុល គឺគ្រាន់តែអាចលួងលោមកូនបំណុលបានមួយពេលតែប៉ុណ្ណោះ ហើយវាមិនមែនជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការធានាជីវភាពនិងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជាក្រីក្រនោះទេ។


ហេតុដូច្នេះ

ដើម្បីដោះស្រាយបំណុលសម្រាប់ប្រជាពលរដ្ឋក្រីក្រប្រកបដោយប្រសិទ្ធភាព ធនាគារជាតិគួរកំណត់និយមន័យឱ្យបានច្បាស់លាស់ថាតើបំណុលប្រភេទណា ចំនួនប៉ុន្មាន ឬកូនបំណុលបែបណាគួរទទួលបានការអនុវត្តវិធានការខាងលើ។

លើសពីនេះទៀត ធនាគារជាតិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គួរធ្វើការសហការគ្នារកវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយអំពីគោលការណ៍បន្ធូរបន្ថយដល់កូនបំណុលគ្រប់រូប ជាពិសេសកូនបំណុលដែលរស់នៅតាមជនបទ ឬតំបន់ដាច់ស្រយាល ដែលភាគច្រើនពុំទទួលបានព័ត៌មានឬដំណឹងគ្រប់គ្រាន់៕

bottom of page