អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ធាង សូរិយា ត្រូវបានបោះពុម្ពផ្សាយក្នុង VOD Khmer កាលពីថ្ងៃទី ២៩ ខែធ្នូឆ្នាំ២០២២ ដោយមានអត្ថាធិប្បាយអំពីការបៀតបៀនផ្លូវភេទនៅទីសាធារណៈគឺជាឧបករណ៍ដែលជនល្មើសប្រើប្រាស់ ដើម្បីបង្ហាញពីអំណាចរបស់ពួកគេគ្របលើជនរងគ្រោះ ។ ដើម្បីអានអត្ថបទអត្ថាធិប្បាយនេះជាអង់គ្លេស។
មាតិកាអត្ថបទ
អាកាសត្រជាក់ព្រឺឆ្អឹងខ្នង ស្បៃរាត្រីបានគ្របដណ្ដប់យ៉ាងឆាប់រហ័ស។ ខ្ញុំបានដើរយ៉ាងលឿន ពីព្រោះបុរសចម្លែក៣នាក់ដើរតាមពីក្រោយខ្ញុំ បន្ទាប់ពីពួកគេបាននិយាយលេបខាយដាក់ខ្ញុំ។ ខ្ញុំភ័យខ្លាច ប៉ុន្តែខ្ញុំប្រឹងធ្វើហាក់ដូចជាមិនមានអ្វីកើតឡើង។ ខ្ញុំគិតថា ខ្ញុំល្ងង់ណាស់ដែលដើរតាមផ្លូវដ៏ស្ងាត់នេះ។
តើមានមនុស្សប៉ុន្មាននាក់ក្នុងចំណោមអ្នកអានអត្ថបទនេះ ដែលបានឮ ឬធ្លាប់ជួបប្រទះដោយផ្ទាល់នូវការបៀតបៀនបែបនេះ ដែលជាទម្រង់មួយនៃការបំពានផ្លូវភេទក្នុងទីសាធារណៈ?|
ការបៀតបៀនផ្លូវភេទ មិនត្រឹមតែកើតឡើងនៅកន្លែងធ្វើការប៉ុណ្ណោះទេ គឺវាអាចកើតឡើង និងបានកើតឡើងនៅគ្រប់កន្លែង មិនថានៅទីសាធារណៈ ឬកន្លែងឯកជននោះទេ។
ការបៀតបៀនផ្លូវភេទនៅទីសាធារណៈ រាប់ចាប់តាំងពីការស្រែកហៅតាមផ្លូវ ឬការហួចដាក់ ការស្ទាបអង្អែលផ្លូវភេទដែលមិនត្រូវតាមចំណង់នៅតាមកន្លែងមួយចំនួន ដូចជា តាមដងផ្លូវ តាមមធ្យោបាយធ្វើដំណើរសាធារណៈ កន្លែងអនាម័យសាធារណៈ តាមសួនច្បារ និងនៅតាមព្រឹត្តិការណ៍សាធារណៈ ជាដើម។ ទោះជាយ៉ាងណា នៅមិនទាន់មាននិយមន័យផ្លូវការពីរដ្ឋាភិបាលកម្ពុជានៅឡើយទេ។
ការសិក្សារបស់អង្គការ ActionAid ទៅលើស្ត្រីកម្ពុជា ចំនួន៣៨០នាក់ បានរកឃើញថា ស្ត្រីម្នាក់ ក្នុងចំណោម ៥នាក់ (ឬ ២២ ភាគរយ) ត្រូវបានបៀតបៀនផ្លូវភេទ ឬបៀតបៀនរាងកាយនៅកន្លែងសាធារណៈ ជាមធ្យម៥ដង នៅក្នុងឆ្នាំ២០១៤។ ក្នុងនោះ បុរសប្តូរភេទទៅជាស្រី្ត បានរងគ្រោះច្រើនជាងគេ។ ជាង៩០ភាគរយនៃពួកគេបានជួបប្រទះការយាយីនៅកន្លែងសាធារណៈជាច្រើនដង។
យើងត្រូវមានការសន្ទនាជុំវិញបញ្ហានេះ និងយល់ពីបញ្ហានេះឱ្យបានកាន់តែទូលំទូលាយ ពីព្រោះថា ការបៀតបៀនផ្លូវភេទនៅទីសាធារណៈ ជាញឹកញាប់ត្រូវជនល្មើសប្រើជាអាវុធដើម្បីបង្ខាំងជនរងគ្រោះ ដែលភាគច្រើនជាស្ត្រី នៅក្នុងកន្លែងរបស់ពួកគេទាំងក្នុងន័យធៀប និងន័យត្រង់។
ការឃុំឃាំងក្នុងន័យធៀប៖ ចំពោះអ្នកដែលមានមុខតំណែងទាបជាង
ការបៀតបៀនផ្លូវភេទជាសាធារណៈ គឺជាឧបករណ៍ដែលជនល្មើសប្រើប្រាស់ ដើម្បីបង្ហាញពីអំណាចរបស់ពួកគេគ្របលើជនរងគ្រោះ និងរំលឹកជនរងគ្រោះអំពីតួនាទីក្រោមបង្គាប់របស់ពួកគេ។
កាយវិការនៃការបៀតបៀននៅទីសាធារណៈដោយបុរសមួយចំនួន បង្ហាញពីគំនិតនៃអំណាចរបស់បុរស និងទស្សនៈរបស់ស្ត្រីដែលហៅថាជា «មនុស្សបើកចំហ»។
បុរសដែលជឿថាពួកគេមានអំណាចលុបលើស្ត្រី គិតថា ពួកគេត្រូវតែមានសិទ្ធិប្រើប្រាស់ស្ត្រី ខណៈដែលស្ត្រីដែលត្រូវបានគេចាត់ទុកថាជា «មនុស្សបើកចំហ» ត្រូវបានបុរសចូលទៅជិត និងយាយីតាមអំពើចិត្ត។ ការមើលឃើញស្ត្រីជា «មនុស្សបើកចំហ» ធ្វើឱ្យពួកនាងបាត់បង់នូវអំណាចរបស់ខ្លួន។
ការសិក្សាមួយលើប្រធានបទនៃការយាយីផ្លូវភេទជាសាធារណៈ បានរកឃើញថា បុរសដែលបានអះអាងថាបានប្រព្រឹត្តការស្រែកបង្កូកហៅស្ត្រីតាមដងផ្លូវ ដែលជាទម្រង់មួយនៃការយាយីផ្លូវភេទនៅទីសាធារណៈ ក្នុងនោះរួមមានការប្រើពាក្យ ការហួច ការប្រើសំឡេង ឬកាយវិការ ដែលកំណត់និយមន័យស្ត្រីជាឧបករណ៍កម្សាន្តផ្លូវភេទ បង្ហាញឱ្យឃើញកម្រិតកាន់តែខ្ពស់នៃអរិភាពផ្លូវភេទ នៃការតាំងខ្លួនជាបុរស និងការតម្រង់ឆ្ពោះទៅរកការត្រួតត្រាសង្គម។
ដើម្បីទប់ទល់នឹងរចនាសម្ពន្ធអំណាចនេះ និងទប់ទល់ចំណង់ផ្លូវភេទដែលពួកនាងមិនត្រូវការ ស្ត្រីតែងតែជ្រើសរើសយកការបដិសេធ ឬការបណ្តេញចេញ ដែលនាំឱ្យមានការបំពានបន្ថែមទៀត ដែលជាផលវិបាកធ្ងន់ធ្ងរសម្រាប់ករណីមួយចំនួនដូចជា ការដេញតាម ឬការរំលោភ ឬក៏រាលដាលរហូតកើតចេញជាស្ថានភាពកាន់តែហិង្សា។
ការឃុំឃាំងក្នុងន័យត្រង់៖ ការឃុំឃាំងក្នុងលំហ
ខណៈដែលជនល្មើសប្រើការបៀតបៀនផ្លូវភេទជាសាធារណៈ ដើម្បីរក្សាជនរងគ្រោះនៅក្នុងទីដែលចាត់ទុកថាជាកន្លែងរបស់ពួកគេ ជនល្មើសក៏អនុវត្តយុទ្ធសាស្ត្រ ដើម្បីបង្ខាំងជនរងគ្រោះក្នុងទីកន្លែងណាមួយ ដោយទុកពួកគេចោល តាមរយៈការធ្វើឱ្យពួកគេមានអារម្មណ៍មិនស្រណុកក្នុងខ្លួននៅទីសាធារណៈ។
នៅក្នុងសង្គមបិតាធិបតេយ្យ បុរសមិនមែនមានសិទ្ធិត្រឹមតែចូលទៅកាន់ទីសាធារណៈច្រើនជាងក្រុមផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមានអំណាចដេញអ្នកដទៃចេញពីកន្លែងឯកជនរបស់ពួកគេនៅក្នុងទីសាធារណៈផងដែរ ទោះជាទីនោះជាសាលារៀន ផ្លូវថ្នល់ ផ្សារទំនើប ការដឹកជញ្ជូន ឬក៏ក្លឹបរាត្រី ជាដើម ហើយពួកគេប្រើអំណាច [ចូលប្រើប្រាស់ និងដកចេញ] ទាំងនេះ រួមទាំងការប្រើប្រាស់ការបៀតបៀនផ្លូវភេទជាសាធារណៈជាយុទ្ធសាស្ត្រដើម្បីកំណត់ព្រំដែននៃបន្លាស់ទីរបស់ស្ត្រីនៅទីសាធារណៈ។
បុរសអាចប្រើយុទ្ធសាស្ត្របែបនេះ ដើម្បីធ្វើឱ្យស្ត្រីមានអារម្មណ៍មិនស្រួលនៅទីសាធារណៈ ដែលជាហេតុធ្វើឱ្យស្ត្រីចៀសវាងកន្លែងទាំងនេះ។ ជាលទ្ធផល ស្ត្រីត្រូវបានទាត់ចេញពីកន្លែងសាធារណៈមួយចំនួនដោយសារបុរស។
ស្ត្រីដែលធ្លាប់ជួបការយាយីជាសាធារណៈ ច្រើនតែរស់នៅដូចជាទទួលរងការគំរាមកំហែងដល់សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្ត ហើយដើម្បីចៀសវាងអារម្មណ៍ទាំងនេះ ពួកគេលែងទៅកន្លែងសាធារណៈនោះទៀត។ ក្នុងករណីខ្លះ ស្ត្រីជ្រើសរើសផ្លាស់ប្តូរកន្លែងរស់នៅ និងប្តូរការងារ ឬដាក់កម្រិតពេលវេលារបស់ខ្លួននៅកន្លែងសាធារណៈតែម្នាក់ឯង។
ដោយជជែកជាមួយស្ត្រីខ្មែរ អំពីបទពិសោធរបស់ពួកគេ ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទជាសាធារណៈ ខ្ញុំបាននិយាយទៅកាន់ស្ត្រីម្នាក់ដែលបានរៀបរាប់ប្រាប់ខ្ញុំថា បន្ទាប់ពីបទពិសោធនៃការបៀតបៀនផ្លូវភេទនោះ នាងបានផ្លាស់ទៅរស់នៅកន្លែងថ្មី ដោយសារតែនាងមានអារម្មណ៍ថានាងកំពុងរស់នៅក្នុងភាពភ័យខ្លាច និងការបារម្ភនៅក្នុងទីកន្លែងចាស់របស់នាង។
នាងបាននិយាយថា៖ «ខ្ញុំត្រូវប្រុងប្រយ័ត្នជានិច្ច ពេលខ្ញុំនៅផ្ទះតែម្នាក់ឯង។ ខ្ញុំតែងកាន់កាំបិតនៅក្នុងដៃគ្រប់ពេល ដែលខ្ញុំឃើញមនុស្សប្រុសខ្លះជិះម៉ូតូនៅខាងក្រៅផ្ទះរបស់ខ្ញុំ ហើយខ្ញុំក៏ឈប់ទៅកន្លែងនោះទៀតដែរ»។
ក្នុងន័យនេះ ការបៀតបៀនផ្លូវភេទបានកាត់បន្ថយសេរីភាពក្នុងការបន្លាស់ទីរបស់ស្ត្រី និងកុមារី ដោយកំណត់ព្រំដែននៃការទទួលបានសេវាសាធារណៈសំខាន់ៗ និងភាពរីករាយផ្នែកវប្បធម៌ និងកម្សាន្ត របស់ពួកគេ ឬការចូលរួមនៅក្នុងសាលារៀន ក្នុងការងារ និងក្នុងជីវិតសាធារណៈ។
សេចក្តីសន្និដ្ឋាន
ការបៀតបៀនផ្លូវភេទជាសាធារណៈ មានការរីករាលដាលយ៉ាងខ្លាំង ដែលវាត្រូវបានចាត់ទុកជាការធម្មតាទៅហើយ ដែលជាផ្នែកមួយនៃផ្ទាំងក្រណាត់សង្គមក្នុងជីវភាពសាធារណៈ។ លុះត្រាតែវាកើនឡើងដល់កម្រិតនៃការប្រីអំពើហិង្សា បើពុំនោះទេ ការបៀតបៀនផ្លូវភេទជាសាធារណៈមិនត្រូវបានគេចាត់ទុកថាជាទង្វើខុសច្បាប់នោះទេ។ បុរស និងស្ត្រីមួយចំនួនថែមទាំងមើលឃើញថា វាជារឿងតូចតាច ឬជាការនិយាយលេងសើច។ អ្នកបង្កើតគោលនយោបាយជាច្រើន មើលឃើញថា វាមិនសមនឹងទទួលបានការពិភាក្សាអំពីគោលនយោបាយស្តីពីបញ្ហានេះឱ្យស៊ីជម្រៅនោះទេ។
ប្រសិនបើយើងត្រូវចាត់ទុកបញ្ហានេះជាបញ្ហាធ្ងន់ធ្ងរ រដ្ឋាភិបាលត្រូវតែផ្តល់និយមន័យការបៀតបៀនផ្លូវភេទឱ្យបានច្បាស់លាស់។ នាពេលបច្ចុប្បន្ន មិនទាន់មានការឯកភាពគ្នាជុំវិញនិយមន័យនៃការបៀតបៀនផ្លូវភេទជាសាធារណៈនោះទេ ហើយលទ្ធផល គឺថានៅសល់ចន្លោះសម្រាប់ការបកស្រាយបញ្ហានេះផ្សេងៗគ្នា រវាងជនរងគ្រោះ ជនល្មើស និងអាជ្ញាធរពាក់ព័ន្ធ។
មន្ត្រីនគរបាលសង្កាត់នៅភ្នំពេញមួយរូប លោក ប៊ុន សុធារក្ស ដែលបានផ្តល់បទសម្ភាសដល់កាសែត ខ្មែរថាមស៍ លើបញ្ហាកង្វះនិយមន័យច្បាស់លាស់នៃការបៀតបៀននោះ បាននិយាយថា ការមិនឯកភាពគ្នារវាងស្ត្រីដែលអះអាងថា ការប៉ះណាមួយដោយគ្មានការអនុញ្ញាត គឺជាការបៀតបៀនផ្លូវភេទ និងបុរសដែលអះអាងថាវាបានកើតឡើងដោយចៃដន្យ ឬដោយគ្មានចេតនាអាក្រក់ ធ្វើឱ្យវា «ពិបាកខ្លាំងណាស់ក្នុងការបញ្ជាក់ថាតើការប៉ះនោះមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការបៀតបៀនផ្លូវភេទ» ឬទេ។
សម្រង់នេះ គឺជាករណីដែលប៉ូលិសមិនដឹងពីរបៀបដាក់ទោសទណ្ឌលើការបៀតបៀនផ្លូវភេទ ហើយសាធារណជនមិនដឹងពីនិយមន័យនៃការបៀតបៀនផ្លូវភេទ ដោយសារមិនមានការណែនាំច្បាស់លាស់។ ឧទាហរណ៍ តើការយល់ព្រម ការប៉ះ ការយកចិត្តទុកដាក់ និងចេតនា គួរមានអត្ថន័យយ៉ាងណាក្នុងក្រមច្បាប់នៃការបៀតបៀនផ្លូវភេទជាសាធារណៈ?
នៅក្នុងប្រទេសកម្ពុជា ក្រមច្បាប់ដែលទាក់ទងនឹងការបៀតបៀនផ្លូវភេទ ជាពិសេសគឺផ្តោតលើការបៀតបៀននៅកន្លែងធ្វើការ។ ឧទាហរណ៍ ច្បាប់ការងារ (មាត្រា១៧២) និងក្រមព្រហ្មទណ្ឌ (មាត្រា២៥០) ផ្តោតតែលើការយាយីនៅកន្លែងធ្វើការប៉ុណ្ណោះ។
ការបៀតបៀនផ្លូវភេទជាសាធារណៈ ត្រូវតែផ្ដល់និយមន័យឱ្យបានជាក់លាក់ ហើយច្បាប់ដែលដាក់ទណ្ឌកម្មបៀតបៀនផ្លូវភេទជាសាធារណៈ គួរតែត្រូវបានព្រាង និងអនុវត្ត។ ល្គឹកណាយើងមិនបានដោះស្រាយបញ្ហានេះដោយចេតនា និងដោយការពិចារណានោះទេ ជនរងគ្រោះនៃការបៀតបៀនផ្លូវភេទនេះនឹងបន្តជាពលរដ្ឋលំដាប់ទីពីរនៅតាមទីសាធារណៈ៕

Comentários