top of page

វិថីឆ្ពោះទៅបដិដុល្លារូបនីយកម្មនិងការពង្រឹងប្រាក់រៀល

អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង សៀកឡេង លាង ត្រូវបានបោះពុម្ពផ្សាយក្នុង VOD​ Khmer កាលពីថ្ងៃទី២១ ខែកញ្ញា ​២០២២​​ ដោយមានអត្ថាធិប្បាយអំពីឥទ្ធិពលនៃប្រាក់ដុល្លារក្នុងសេដ្ឋកិច្ចកម្ពុជា។​​ សូមមើលអត្ថបទដើមនៅ ទីនេះ ហើយអានវានៅខាងក្រោម!

 

មាតិកាអត្ថបទ

  1. ឥទ្ធិពលនៃ​ប្រាក់​ដុល្លារ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា

  2. ការប៉ុនប៉ងបដិដុល្លារូបនីយកម្ម​របស់​រដ្ឋា​ភិបាល

  3. តើ​មានកត្តាអ្វីខ្លះដែល​រារាំង​ជោគជ័យរបស់​ប្រទេស​កម្ពុជាក្នុងការ​ប្រើប្រាស់​រូបិយបណ្ណ​ជាតិ​?


ប្រាក់​ដុល្លារ​អាមេរិក​បាន​និង​កំពុង​ចរាចរយ៉ាង​ទូលំទូលាយលើ​ទី​ផ្សារ​ប្រទេស​កម្ពុជា ជា​ពិសេស​រយៈពេល​៣១​ឆ្នាំ​ចុងក្រោយ ពោល​គឺ​ចាប់​តាំង​ពី​ការរៀប​ចំ​ឱ្យ​មាន​អាជ្ញាធរ​បណ្ដោះអាសន្ន​របស់​អង្គការ​សហ​ប្រជាជាតិ (UNTAC) នៅ​ឆ្នាំ​១៩៩១ ​និង​ការ​រៀប​ចំការ​បោះ​ឆ្នោត​ដោយ​អង្គការ​សហ​ប្រជាជាតិ​ នៅ​ឆ្នាំ​១៩៩៣។ ​នៅ​ពេល​នោះ ​ប្រាក់​ដុល្លារ​ជា​ផ្លូវ​ការ​ចំនួន​២ ០០០​លាន​ដុល្លារ​បាន​ចាក់​បញ្ចូល​ក្នុង​ទី​ផ្សារ​កម្ពុជា តាម​រយៈ​ការ​ចាយ​វាយ​ក្នុង​ប្រតិបត្តិការ​របស់​អង្គការ​សហ​ប្រជាជាតិ។


រហូត​មក​ដល់​ពេល​នេះ បើ​តាម​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ (IMF) ៨០% នៃ​បរិមាណ​សាច់ប្រាក់​សរុបដែលកំពុង​​ចរាចរ​នៅលើ​ទីផ្សារកម្ពុជា គឺជា​ប្រាក់​ដុល្លារអាមេរិក។ ការណ៍​នេះ​ធ្វើ​ឱ្យប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដ៏​កម្របំផុតក្នុង​លោក​ដែល​អនុញ្ញាតឱ្យ​ប្រាក់​ដុល្លារ​​​គ្រប​ដណ្ដប់​ក្នុង​ទី​ផ្សារ។ ក្រដាសប្រាក់​ពណ៌​បៃ​តងត្រូវ​គេ​ប្រើ​​សម្រាប់​គម្រោង​វិនិយោគ​ផ្សេងៗ រួម​ទាំង​ការវិនិយោគ​ក្នុង​ស្រុក​និង​ការវិនិយោគ​ក្រៅ​ស្រុក ការ​ទូទាត់​ទំនិញ និង​សេវាកម្ម​នានា ការ​បើក​ប្រាក់​ខែ​សម្រាប់​បុគ្គលិកក្នុង​វិស័យឯកជន ក្នុង​នោះ​ដែរ ​ប្រាក់​សន្សំ​​ក្នុង​ធនាគារ​ភាគ​ច្រើន​គឺ​ជា​ប្រាក់​ដុល្លារ។ ដោយ​ឡែក ​ប្រាក់​រៀល​​មានវត្តមាន​ដ៏​សកម្ម​​ក្នុង​ការ​ចាយវាយ​តាម​មូលដ្ឋាន ​និង​ការ​បើក​ប្រាក់​បៀវត្ស​មន្រ្តីរាជការ។


ឥទ្ធិពលនៃ​ប្រាក់​ដុល្លារ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា


ជា​ការ​ពិត «ដុល្លា​រូបនីយកម្ម​» ក្នុង​ទីផ្សារ​កម្ពុជា​បានជះឥទ្ធិពល​ល្អផង ​និង​បង្កផល​អវិជ្ជមាន​ផងដែរ។


ជាក់ស្តែង លុយ​ដុល្លារ​ផ្ដល់​ទំនុក​ចិត្ត​​ច្រើន​ដល់​អាជីវករ​និង​ពាណិជ្ជករ និង​អាច​​បញ្ចៀស​បាន​​នូវ​ចលនា​លំហូរ​មូលធន​ទៅ​ក្រៅ​ប្រទេស​ទៀតផង។ ក្នុង​ករណី​ដែល​ពលរដ្ឋ​មិនមាន​ទំនុក​ចិត្ត​លើ​ក្រដាស​ប្រាក់​ក្នុង​ស្រុក​ ពួកគេ​អាច​នឹង​ស្វែង​រក​កន្លែង​​តម្កល់​សាច់​ប្រាក់​របស់​ពួកគេ​​នៅ​ក្រៅ​ប្រទេស ដូច្នេះ​ពួក​គេ​នឹង​នាំ​យក​ប្រាក់​ដុល្លារ​​ទៅ​រក្សា​ទុក​នៅ​ទី​កន្លែង​ដែល​ពួកគេ​យល់​ថា​មាន​ហានិភ័យ​តិចជាង។ កត្តានេះនឹង​ធ្វើ​ឱ្យខាត​បង់​ធនធាន​​សម្រាប់​កំណើន​សេដ្ឋកិច្ច​ជាតិ។ ដុល្លា​រូបនីយ​កម្ម​ក្នុង​ទី​ផ្សារ ក៏​ជា​មធ្យោបាយ​ល្អ​ងាយ​ស្រួល​ស្រូប​យក​​ការវិនិយោគ​ក្រៅ​ប្រទេស​ផងដែរ ដ្បិត​ប្រាក់​ដុល្លារ​មាន​ស្ថិរភាព​ជាង​ប្រាក់​រៀល​។ និយាយ​ឱ្យ​ចំ គឺប្រាក់​ដុល្លារ​ជា​មធ្យោបាយ​​ទូទាត់​ងាយ​ស្រួលក្នុង​វិស័យ​ជំនួញនៅកម្ពុជា។


ទន្ទឹម​នឹងនេះដែរ​ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ច្រើន​​ក្នុង​ទីផ្សារ​​នឹង​ធ្វើ​ឱ្យប៉ះពាល់​ដល់​នយោបាយ​​រូបិយវត្ថុ​របស់​កម្ពុជា​។ ជាក់​ស្តែង​ កម្ពុជា​នឹង​ត្រូវ​ពឹង​ជា​សំខាន់​លើ​ធនាគារ​កណ្តាល​របស់​សហរដ្ឋ​អាមេរិក។ មួយវិញ​ទៀត ឥទ្ធិពល​​ដុល្លារ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ នៅ​ពេល​ដែល​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​លើ​ទំនិញ​នាំ​ចូល ហើយ​វា​នឹង​អាច​បង្ក​ឱ្យមាន​អតិផរណា​ ពិបាក​គ្រប់​គ្រង។ ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​មួយ​ទៀតនោះ គឺ​​រដ្ឋាភិបាល​បាត់បង់​ចំណូលពី​ការបោះ​​រូបិយវត្ថុ (seigniorage) ធ្វើឱ្យ​ទុនបម្រុង​អន្តរជាតិ​មាន​កម្រិត​ទាប ជាដើម។


ក្រៅពីនោះ ប្រាក់​ដុល្លារមានភាព​ស្មុគ​ស្មាញ​ក្នុង​ការ​ប្រើ​ប្រាស់​ពេល​វា​ចាស់ ដាច់ ​ឬ​សឹក​រេចរឹល។ ​ដំណាលគ្នានោះ មន្ត្រីរាជការ​​ទទួល​រង​នូវ​ផលវិបាក​មួយ​ចំនួន​នៅពេល​ដែល​ពួកគេ​ទទួល​ប្រាក់ខែជា​ប្រាក់រៀល ហើយ​ទំនិញ​សំខាន់ៗជាច្រើន​​គិតជា​ប្រាក់ដុល្លារ។


ការប៉ុនប៉ងបដិដុល្លារូបនីយកម្ម​របស់​រដ្ឋា​ភិបាល


​ទំនង​ជា​ពិចារណា​លើ​ឥទ្ធិពល​នៃ​ដុល្លារូបនីយកម្មលើ​សេដ្ឋកិច្ច​កម្ពុជា ទើប​រដ្ឋា​ភិបាល​បាន​ព្យាយាម​ចាប់​តាំង​ពី​ឆ្នាំ២០១៧ ​ដើម្បី​បន្ថយអំណាច​ប្រាក់​ដុល្លារ ហើយពង្រឹង​គុណតម្លៃ​របស់​ប្រាក់​រៀល តាម​រយៈ​ការ​កម្រិត​លើការប្រើប្រាស់ប្រាក់ដុល្លារ​ និង​លើក​កម្ពស់​ការធ្វើ​ចរាចរ​ប្រាក់​រៀល​នៅក្នុងស្រុកឱ្យកាន់តែប្រសើរជាងមុន។


បណ្ឌិត ជា សេរី ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា​ មាន​ប្រសាសន៍​ថា ការប្រើប្រាស់ប្រាក់រៀល​ឱ្យបានទូលំទូលាយ​​នឹង​ជួយបង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយរូបិយវត្ថុនៅក្នុងប្រទេសកម្ពុជា ពោលគឺជួយរក្សាស្ថិរភាពថ្លៃ​ទំនិញ ​និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។


ទោះបីជាយ៉ាងណាក៏ដោយ ការជំរុញឱ្យប្រទេសកម្ពុជាខិតទៅរកការប្រើប្រាស់​ប្រាក់​រៀលឱ្យបានពេញលេញ និងចៀសវាងពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក មិនមែន​ត្រឹមតែ​ដើម្បី​សម្រេចបាននូវគោលនយោបាយរូបិយវត្ថុនោះទេ ប៉ុន្តែវា​នឹងជួយ​ពង្រឹងអត្តសញ្ញាណ​ជាតិខ្មែរ​ផងដែរ ។


កាលពីខែកក្កដា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្មបានដាក់ចេញ​នូវកិច្ចព្រមព្រៀង​អន្តរក្រសួងមួយដែលតម្រូវឱ្យបណ្ដាអាជីវកម្ម និងអ្នកផ្ដល់សេវាកម្មទាំងអស់បិទស្លាក​តម្លៃ​ជា​ប្រាក់រៀលលើផលិតផលនិងសេវាកម្មរបស់ខ្លួន។ បីឆ្នាំ​ក្រោយ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​ពីយុទ្ធនាការមួយផ្សេងទៀត គឺការប្រមូលក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ​១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ដើម្បីបញ្ឈប់ការប្រើប្រាស់ក្រដាសប្រាក់ទាំងនេះនៅក្នុងសេដ្ឋកិច្ច។


លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ​អេស៊ីលីដា ​បាន​លើក​ឡើង​ថា ការណ៍ដែល​ប្រទេសកម្ពុជាមាននិងប្រើប្រាស់រូបិយបណ្ណរបស់ខ្លួនផ្ទាល់ ពិតជា​មាន​សារៈសំខាន់ណាស់ ដ្បិតប្រាក់រៀលតំណាងឱ្យអធិបតេយ្យភាពជាតិ ​តំណាង​អត្តសញ្ញាណ​​ជាតិ​ ហើយក៏ជាប្រភពមោទកភាពជាតិផងដែរ។


យ៉ាងណាក៏​ដោយ ​​ការ​ប្រឹង​ប្រែងជាច្រើនខាងលើ​នៅ​មិន​​ទាន់បាន​ធ្វើ​ឱ្យ​ «រៀលនីយកម្ម» លេចចេញជារូបរាង​ពេញ​លេញ​នៅឡើយ។


តើ​មានកត្តាអ្វីខ្លះដែល​រារាំង​ជោគជ័យរបស់​ប្រទេស​កម្ពុជាក្នុងការ​ប្រើប្រាស់​រូបិយបណ្ណ​ជាតិ​?


កត្តាចម្បងនោះគឺ «ទំនុកចិត្ត»។ ទំនុក​ចិត្ត​លើ​ប្រាក់​រៀល​បាន​បាត់បង់ ​ក្រោយ​ពី​ប្រទេស​កម្ពុជា​​បាន​ឆ្លងកាត់​ការ​ផ្លាស់​ប្តូរ​សង្គម​ជា​ច្រើន​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ធ្វើឱ្យ​បាត់​បង់​លំនឹង​សេដ្ឋកិច្ច និងតម្លៃ​ប្រាក់រៀល។ ការ​វិវត្តរបស់​សង្គមពី​របប​រាជា​និយមទៅជា​របប​សាធារណរដ្ឋ ​មុន​នឹង​ធ្លាក់​ដល់​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម។ របប​កុម្មុយនីស្ត​ម៉ៅនិយម​ចុង​ក្រោយ​នេះ បាន​លុប​បំបាត់​ក្រដាសប្រាក់ចោល​ទាំង​ស្រុង ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​តែមួយគត់​ដែល​មិន​មាន​ការ​ចាយ​លុយ ​និង​គ្មាន​ទី​ផ្សារ​ដោះដូរ​ទំនិញ និង​សេដ្ឋ​កិច្ច​អ្វី​ទាំង​អស់។


លុយ​រៀល​មានវត្តមានជាថ្មី​នៅ​ទសវត្សរ៍ឆ្នាំ​១៩៨០ ក្រោយ​ពី​របប​ខ្មែរ​ក្រហមត្រូវ​ផ្ដួល​រំលំ។ ប៉ុន្តែ​នៅ​ពេលដែល​លុយ​រៀល​មិន​ទាន់មាន​ភាព​រឹងមាំ​ផង ដប់​ឆ្នាំ​ក្រោយ​ ប្រាក់​ដុល្លារ​ក៏ហូរ​ចូល​យ៉ាង​ច្រើន​​ក្នុង​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា​ តាម​រយៈវត្តមាន​របស់​​អាជ្ញាធរ​បណ្តោះ​អាសន្ន​របស់​អង្គការ​សហ​ប្រជាជាតិ (UNTAC)។ ប្រាក់​ដុល្លារ​យ៉ាង​តិច​ចំនួន​២ ០០០​លាន​ដុល្លារ​បាន​ជ្រាប​ចូល​ក្នុង​សរសៃឈាម​សេដ្ឋកិច្ច​កម្ពុជា ដែល​ធ្វើ​ឱ្យ​អំណាច​ដុល្លារ​មាន​ប្រជាប្រិយភាព​ខ្លាំង​រហូត​មក​ទល់​ពេល​នេះ បើ​ធៀប​នឹង​ក្រដាស​ប្រាក់​ក្នុង​ស្រុក។


ទោះ​ជាយ៉ាងណា ប្រាក់រៀល​កំពុងត្រូវបាន​ប្រើប្រាស់យ៉ាង​ទូលំទូលាយ​ក្នុងការ​ទូទាត់​នៅ​ក្នុង​ស្ថាប័នរដ្ឋ និងគ្រប​ដណ្តប់​ទី​ផ្សារ​តាម​មូលដ្ឋាន។ ចំណែកឯវិស័យឯកជន​នៅតែបន្ដ​ប្រើ​ប្រាស់​ប្រាក់ដុល្លារជាជាង​ប្រាក់​រៀល​ ជាពិសេសនៅទីក្រុង និងទីប្រជុំជននានា។ ជាក់ស្ដែង ស្ទើរតែគ្រប់ទម្រង់​នៃការវិនិយោគ វិស័យទេសចរណ៍ និងជំនួយរបស់រដ្ឋាភិបាល ត្រូវបាន​ធ្វើ​ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លារ​​អាមេរិក។ ទន្ទឹមនឹងនេះ បណ្ដាភោជនីយដ្ឋាន និងផ្នែក​សេវាកម្ម​ផ្សេងៗ ​ក៏នៅតែ​បន្ដ​​ទទួល​យក​ប្រាក់​ដុល្លារ ឬដាក់ស្លាកតម្លៃជាប្រាក់ដុល្លារផងដែរ បើ​ទោះ​ជា​ធនាគារជាតិ​នៃកម្ពុជាបាននិងកំពុងបន្ដអនុវត្ដយុទ្ធនាការដើម្បីលើកកម្ពស់ប្រាក់រៀលក៏ដោយ។


នៅឆ្នាំ២០១៩ កាសែតភ្នំពេញប៉ុស្តិ៍ បានធ្វើការស្ទង់មតិមួយ ដែល​បង្ហាញ​ថា ​ប្រជាជន​កម្ពុជា​ភាគច្រើនមានទស្សនៈវិជ្ជមានចំពោះប្រាក់រៀល ​​​ដោយ​ហេតុថា ​ប្រាក់រៀល​មានភាព​ងាយស្រួល​​សម្រាប់ការចំណាយប្រចាំថ្ងៃ ហើយក៏មានភាពងាយស្រួល​ក្នុងការរក្សាទុកដាក់​ផងដែរ ទោះបីជាក្រដាសប្រាក់នេះមានការរហែកបន្តិចបន្ដួច ឬចាស់ក៏ដោយ ក៏នៅតែអាច​ប្រើប្រាស់​បាន​។ ម្យ៉ាង​ទៀត​ ការប្រើប្រាស់ប្រាក់រៀល​ក៏ជួយលើក​កម្ពស់ដល់​តម្លៃ​ប្រាក់រៀល​ឱ្យមាន​ស្ថិរភាពជាងមុនផងដែរ។


ប៉ុន្ដែពួកគេ​ក៏បាន​លើក​ពី​ការ​លំបាក​​​ចំពោះការប្រើប្រាស់ប្រាក់រៀលផងដែរ ជាក់​ស្តែង ​ចំពោះ​​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​សម្រាប់​ទិញទំនិញថ្លៃៗ​មួយចំនួនដូចជា រថយន្ដឬផ្ទះ ឬផលិតផលនាំចូលមួយ​ទៀត ដូចជា គ្រឿងអេឡិចត្រូនិច និងបច្ចេកវិទ្យា ជាដើម។ ដ្បិត​​ឈ្មួញ​ត្រូវ​ការ​ទូទាត់​ជា​ប្រាក់​ដុល្លារ កាលណា​ទំនិញ​កាន់​តែ​ថ្លៃ។​ បន្ថែម​ពី​នោះទៀត ​លុយ​រៀល​នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ ​ដែល​ធ្វើ​​ឱ្យអ្ន​ក​ប្រើ​ប្រាស់​ងាយ​ភ័ន្តច្រឡំ​ ដោយ​សារ​ទំហំ​​​ក្រដាស​ប្រាក់​រៀល​មាន​ការ​ប្រែប្រួល​ និង​ផ្លាស់​ប្តូរ​ខ្លាំង​ពីមួយ​ទៅ​មួយ​ទៀត ព្រម​ទាំង​មាន​ពណ៌ប្រហាក់​ប្រហែល​គ្នា​ ដែល​ត្រូវ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​មុននឹង​ចាយវាយ។


នាពេលថ្មីៗនេះ ធនាគារ ABA ដែលជាធនាគារដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា បានបញ្ឈប់ការចែកចាយក្រដាសប្រាក់ដុល្លារប្រភេទ១០ដុល្លារ ២០ដុល្លារ និង ៥០ដុល្លារ នៅតាមម៉ាស៊ីន ATM របស់ខ្លួន ដើម្បី​រួម​ចំណែក​ជួយ​ពង្រឹង​ចរាចរប្រាក់​រៀល។ ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​បាន​ប្រតិកម្មជា​ច្រើន ដោយ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​តាម​បណ្តាញ​សង្គម។ ការណ៍នេះ​សបញ្ជាក់​ពីតម្រូវការរបស់ប្រជាជនកម្ពុជាលើប្រាក់ដុល្លារអាមេរិក។


លោក គា បូរ៉ាន់ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវ​បាន​កាសែត​ភ្នំពេញប៉ុស្តិ៍ស្រង់សម្ដីថា ដើម្បីបង្កើនការប្រើប្រាស់ប្រាក់រៀល ប្រជាពលរដ្ឋកម្ពុជា និងបណ្ដា​អាជីវកម្ម​ទាំង​អស់​ត្រូវ​ចូលរួម​​សហការនៅក្នុងយុទ្ធនាការនេះទាំងអស់គ្នា ពោល​បើមានតែបណ្ដា​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មិនអាចធ្វើឱ្យកម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​ពង្រឹង​​ចរាចរ​ប្រាក់​រៀលឱ្យ​បាន​ជោគជ័យ​ទេ។​ កត្តាដ៏សំខាន់បំផុតមួយ គឺរដ្ឋាភិបាលត្រូវកសាងទំនុក​ចិត្ត​លើ​ប្រាក់រៀល។


លោក Jayant Menon ប្រធានសេដ្ឋវិទូនៅធនាគារអភិវឌ្ឍន៍អាស៊ី​ បានលើក​ឡើង​ថា នៅ​ពេល​ដែលប្រជាជនមានទំនុកចិត្តលើការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ​របស់​រដ្ឋាភិបាល​នោះ ប្រជាជន​នឹង​មាន​ឆន្ទៈ​គ្រប់គ្រាន់​ក្នុងការកាន់​កាប់​ប្រាក់រៀល​ដោយ​ឱ្យតម្លៃ​ខ្ពស់។ ក្នុង​ន័យនេះ​ គឺ​រដ្ឋាភិបាល​​អាច​លើក​ទឹកចិត្ត​ដល់​វិស័យ​ឯកជននានាក្នុងការ​បើក​ប្រាក់​ខែឱ្យ​​បុគ្គលិក​របស់ខ្លួន​ជា​ប្រាក់​រៀល។


ទោះ​ជា​បែបនេះក្តី ការ​ធ្វើ​ឱ្យប្រាក់​រៀល​មាន​ការ​ប្រសើរឡើង​ ទាក់ទិនទៅនឹងទំហំនិង​គុណភាព​របស់​ក្រដាស​ប្រាក់ ដើម្បីឱ្យ​មាន​ភាពងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់​ គឺ​ជា​កត្តា​ចាំបាច់ផងដែរសម្រាប់​ជំរុញ «​រៀល​នីយកម្ម» ឱ្យកាន់​តែទូលំទូលាយ។


ក៏ប៉ុន្តែដើម្បីឱ្យ​លុយរៀល​ត្រូវ​បាន​គេនិយម​ប្រើប្រាស់​ច្រើន និង​ជា​មោទកភាព​របស់​ជាតិ​ខ្មែរ​បាន រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ដាក់ចេញ​នូវ​នយោបាយដើម្បី​ស្តារ​ទំនុកចិត្ត​លើ​លុយរៀល​ឡើង​វិញ។ ​​ដើម្បី​ឈាន​ដល់គោលដៅនេះ​ គេត្រូវការ​ពេលវេលា​បន្ថែម​ទៀត ដ្បិត​ការ​ធ្វើ​រៀលនីយកម្ម​ដោយ​ល្បឿន​លឿន​និង​យ៉ាង​គំហុក អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ចជាតិ។ ជាក់​ស្តែង​​ កាល​ពីឆ្នាំ​១៩៩៧ ការពង្រឹង​តម្លៃ​ប្រាក់បាតរបស់រដ្ឋាភិបាលថៃ​ក្នុង​ល្បឿន​លឿន ​បាន​នាំមក​នូវវិបត្តិសេដ្ឋកិច្ច​រីករាល​ដាល​ក្នុង​តំបន់អាស៊ី៕


 

Comments


bottom of page