top of page

អត្ត​សញ្ញាណជាតិ​របស់​ពលករ​ចំណាកស្រុក​ខ្មែរ​គួរ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​ច្រើន​ជាង​មុន

អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ថោង​ សារីបុត្ត ត្រូវបានបោះពុម្ពផ្សាយក្នុង VOD​ Khmer កាលពីថ្ងៃទី១៩ ខែកញ្ញា ​២០២២​​។​​ សូមមើលអត្ថបទដើមនៅ ទីនេះ ហើយអានវានៅខាងក្រោម!

 

មាតិកាអត្ថបទ

  1. ពលករត្រូវបានគេចាត់ទុកត្រឹមជាកម្លាំងពលកម្ម

  2. ភាពជាខ្មែរ

  3. ជំរុញ​ការយកចិត្តទុកដាក់លើ​ពលករ​ចំណាកស្រុក​បន្ថែម​ទៀត​​


តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើអ្នកភ្ញាក់ពីដំណេក ហើយអ្នកកំពុងតែស្ថិតនៅក្នុងទឹកដីបរទេស​ដែលមានវប្បធម៌ ភាសា និង​ប្រពៃណីទំនៀមទម្លាប់ខុសគ្នាទាំងស្រុងពីប្រពៃណីរបស់អ្នក? តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ​ប្រសិនជាអ្នកកំពុងរស់នៅឆ្ងាយពីផ្ទះ ហើយជួបប្រទះការលំបាក​ក្នុង​ការ​ធ្វើ​ការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន? ទាំងនេះគឺជាតថភាពប្រចាំថ្ងៃរបស់ពលករខ្មែរចំណាកស្រុករាប់សែននាក់ដែលកំពុងតែបម្រើការងារនៅក្រៅប្រទេស។


ទោះជាយ៉ាងនេះក្តី បរិបទជីវិតមួយផ្នែកនេះមិនសូវទទួលបានការសិក្សាឈ្វេងយល់នោះឡើយ។​ មកទល់នឹងបច្ចុប្បន្ន មានតែការសិក្សាប្រកប​ដោយគុណភាព (Qualitative Studies) អត្ថបទ និង​របាយការណ៍​​មួយចំនួនតូចប៉ុណ្ណោះ ដែលបាន​សិក្សា​ទៅលើបរិបទវប្បធម៌​របស់ពលករខ្មែរ​ចំណាក​ស្រុក​នៅ​​ក្រៅ​ប្រទេស។ ជាងនេះទៅទៀត ការសិក្សា​ទៅលើទស្សនៈ និងរបៀបដែលពលករខ្មែរ​បន្តរក្សា​អត្តសញ្ញាណ​ជាតិ​របស់ពួកគេក្នុងអំឡុងពេលធ្វើការងារនៅបរទេសក៏មានតិចតួចដែរ។​ ប្រធានបទទាំងនេះមិនសូវទទួលបានការចាប់អារម្មណ៍នោះទេ​ បើទោះបីវាជាផ្នែកសំខាន់មួយនៃជីវិត​រស់នៅប្រចាំថ្ងៃ និងជាកត្តាចម្បងមួយដែលភ្ជាប់ទំនាក់ទំនងរវាងប្រជាជនកម្ពុជាទាំងអស់ក៏​ដោយ។


ពលករត្រូវបានគេចាត់ទុកត្រឹមជាកម្លាំងពលកម្ម


គិតមកត្រឹមដើមឆ្នាំ២០២២នេះ តាមការប៉ាន់ប្រមាណរបស់រាជរដ្ឋាភិបាលកម្ពុជា ពលករ​ចំណាក​ស្រុកកម្ពុជា​ស្រប​ច្បាប់មានចំនួនប្រហែល១,៣​ លាននាក់ ដែលកំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេសចំនួន​៧។ ក្នុង​នោះ ប្រទេសថៃ មានពលករខ្មែរកំពុងធ្វើការចំនួន១,២លាននាក់, ប្រទេសកូរ៉េខាងត្បូង មានពលករ៤៦ ០០០នាក់, និងប្រទេសម៉ាឡេស៊ី មានពលករ២៣ ០០០​នាក់។


ខណៈដែលការធ្វើការងារចំណាកស្រុក បន្តចូលរួមយ៉ា​ងសកម្មក្នុងដំណើរការផ្លាស់ប្ដូរវប្បធម៌​ ទំនៀមទម្លាប់ ភាសា និង​​​ប្រពៃណី​ រវាងជនជាតិជាច្រើនដែលមកពីបណ្ដាប្រទេសផ្សេងៗគ្នា វាក៏អាចជះឥទ្ធិពលអវិជ្ជមានទៅដល់ពលករចំណាកស្រុកផងដែរ។ ពលករអាចជួបប្រទះនឹងភាពតានតឹងដែលបណ្តាលមកពីការបាត់បង់នូវវប្បធម៌ ទំនៀមទម្លាប់ សាសនា និង ប្រព័ន្ធគាំទ្រសង្គម (Social Support System) របស់ពួកគេ។ ការសម្របខ្លួនទៅនឹងបរិស្ថានជុំវិញខ្លួនថ្មី អាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងសុខុមាលភាព​របស់​ពួកគាត់។


ការសិក្សាស្រាវជ្រាវទៅលើជីវិតរបស់ពលករចំណាកស្រុកមកពីបណ្តាប្រទេសផ្សេងទៀត បាន​បង្ហាញ​អំពីភាពស្មុគស្មាញជាច្រើនដែលបង្កមកពីភាពចម្រុះនៃវប្បធម៌ និងបញ្ហា​លំបាកក្នុ​ង​ការរក្សា​នូវ​អារម្មណ៍ជិតស្និទ្ធជាមួយនឹងអត្តសញ្ញាណដើមរបស់ខ្លួន (Sense of Belonging)។


ជាឧទាហរណ៍ ការសិក្សាស្រាវជ្រាវមួយដែល​បានមើលទៅលើជីវិតរស់​នៅរបស់ពលករ​ចំណាក​ស្រុក​ ក្នុ​ងវិស័យកសិកម្ម នៅក្នុងប្រទេសកាណាដា បានរកឃើញថា ផ្នត់គំនិត​ និង​អាកប្បកិរិយា​របស់​​ប្រទេស​ម្ចាស់ផ្ទះ បានធ្វើឱ្យពួកគេមានអារម្មណ៍ថាត្រូវបានកាត់ផ្ដាច់ពីសង្គម ត្រូវបានគេមើលងាយ​មិន​ឱ្យ​តម្លៃ និង​មានភាពឯកោ។ ពលករចំណាកស្រុកក្នុងប្រទេសកាណាដា​បានរាយការណ៍ថា ​«ខ្លួនត្រូវបានគេ​ចាត់​ទុកត្រឹមជាពលករម្នាក់ប៉ុណ្ណោះ»


ភាពជាខ្មែរ


“ភាពជាខ្មែរ” របស់បុគ្គលម្នាក់អាចគិតចាប់តាំងពីម្ហូបអាហារដែលបុគ្គលនោះទទួលទាន រហូត​ទៅ​ដល់​ទស្សនៈរបស់បុគ្គលនោះក្នុងនាមជាខ្មែរ។​ វាគឺជាភាពជាម្ចាស់ និងទំនាក់ទំនង​ដ៏ជិតស្និទ្ធ​ដែល​ប្រជាជន​​កម្ពុជា​មានចំពោះប្រទេសកំណើត និងសហគមន៍របស់ពួកគេ។


អារម្មណ៍ជិតស្និទ្ធជាមួយនឹងប្រទេសកម្ពុជា មានឥទ្ធិពលទៅលើរបៀបរស់នៅរបស់ពលករខ្មែរ​ចំណាក​ស្រុក បន្ទាប់ពីពួកគាត់បានចាកចេញទៅធ្វើការនៅក្រៅប្រទេស។


ការសិក្សាមួយកាលពីឆ្នាំ២០១៥ ​បានរកឃើញថា ពលករចំណាកស្រុក​ភាគច្រើន​បាន​​ចេញ​ទៅ​ធ្វើការ​នៅក្រៅប្រទេសជាមួយក្រុមគ្រួសាររបស់ពួកគាត់ ដែលក្នុងនោះអាចជាឪពុកម្ដាយ ប្ដី/ប្រពន្ធ និងកូន ឬជាមួយសាច់ញាតិ បងប្អូន ឬ​មិត្តភក្តិដែលមកពីភូមិជាមួយគ្នា ហើយជាទូទៅ ​ពួកគាត់អាចមានគ្នាពី៥ទៅ៥០នាក់។ ដូច្នេះហើយ​ពួកគាត់រស់នៅជាមួយគ្នាឬនៅ​ក្នុងតំបន់​តែ​មួយ​ ពេលពួកគាត់ធ្វើដំណើរទៅ​ដល់​ប្រទេសគោលដៅ។ ពួកគាត់រក្សាទំនាក់ទនងជាសហគមន៍ពលករខ្មែរ ដើម្បីងាយស្រួលធ្វើការប្រាស្រ័យទាក់ទងគ្នា។


វប្បធម៌ អត្តសញ្ញាណ និងសាសនា ក៏មានការជាប់ទាក់ទងគ្នាដោយកាត់ផ្ដាច់មិនបាន។ នៅក្នុងឆ្នាំ២០១៨ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានប្រកាសថា វត្តអារាម​សម្រាប់​គោរព​បូជា​ព្រះពុទ្ធសាសនាដំបូងគេបង្អស់ កំពុងតែសាងសង់​នៅក្នុងប្រទេស​កូរ៉េខាងត្បូង ​សម្រាប់​ពលករ​ខ្មែរ។ បើតាមស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងសេអ៊ូល វត្តមួយ​នេះត្រូវបាន​ស្នើសុំជាពិសេស​ដោយ​ពលករ​​ចំណាកស្រុកកម្ពុជា។


ជាការកត់សម្គាល់ នៅពេលដែលមិនទាន់មានវត្តអារាម ប្រជាជនខ្មែរ​រស់នៅទីក្រុង​សេអ៊ូល​បាន​បង្កើត​ជាកន្លែងសម្រាប់ធ្វើការគោរពបូជាជាបណ្ដោះអាសន្ន ដែលមានទីតាំងស្ថិតនៅក្នុងអាគារអាផាតមិន (Apartment)។ ការសិក្សាទាំងឡាយដែលទាក់ទងទៅនឹងកិច្ចខិតខំប្រឹងប្រែងរក្សាភាពសិ្នទ្ធស្នាលជាមួយនឹងអត្តសញ្ញាណជាតិរបស់ខ្លួន គឺមានសក្តានុពលខ្លាំង​ក្នុងការចូលរួមបង្កើន​ការយល់ដឹង​របស់យើង​ទៅលើជីវិត​របស់​ពលករ​​ចំ​ណាកស្រុកខ្មែរ។


ជំរុញ​ការយកចិត្តទុកដាក់លើ​ពលករ​ចំណាកស្រុក​បន្ថែម​ទៀត​​


អត្តសញ្ញាណវប្បធម៌ គឺជាផ្នែកមួយដ៏សំខាន់របស់បុគ្គលម្នាក់ៗ ហើយវាក៏ជា​កត្តា​មួយ​ដែល​អាច​ឱ្យ​យើងបែងចែកសហគមន៍មួយពីសហគមន៍មួយទៀត។ ការយល់ដឹងកាន់តែប្រសើរឡើងទៅលើអត្តសញ្ញាណវប្បធម៌ អាចចូលរួមចំណែក​ជួយពលករ​ចំណាក​​ស្រុកតាម​វិធី ៣យ៉ាង។


ទី១ គឺវាអាចជួយឱ្យអ្នករៀបចំគោលនយោបាយ (Policy Makers) បង្កើត និងអនុវត្ត​នូវ​គោលនយោបាយកាន់តែមានប្រសិទ្ធភាព និងមានភាពទូលំទូលាយជាងមុន។​ នៅពេលដែលយើងសិក្សា​ទៅលើកត្តាវប្បធម៌របស់ពលករចំណាកស្រុក យើងក៏អាចយល់ដឹងកាន់តែ​ស៊ីជម្រៅទៅលើឥទ្ធិពល​ដែល​គោលនយោបាយនានាមានលើជីវិតរស់នៅរបស់ពលករចំណាកស្រុកនៅក្រៅប្រទេស។


នៅក្នុងសេណារីយ៉ូ (Scenario) មួយចំនួន ការសិក្សាបន្ថែមទៅលើអត្តសញ្ញាណវប្បធម៌​របស់ពលលករ​ចំណាក​ស្រុក ​អាចផ្តល់ជាអត្ថប្រយោជន៍ ដូចជា ការសិក្សាទៅលើ​របៀបនៃការធ្វើការសម្រេចចិត្ត​ជាក្រុម​នៅ​ក្នុង​សហគមន៍​ពលករចំណាកស្រុក ជាដើម។


ដោយសារតែវប្បធម៌ខ្មែរមានលក្ខណៈជាបិតាធិបតេយ្យ តើកត្តា​នេះអាចមានឥទ្ធិពលទៅលើភាពជាម្ចាស់ក្នុងការសម្រេចចិត្តរបស់ពលករខ្មែរចំណាកស្រុកដែលជាស្រ្តីដែរឬទេ? តើការរួបរួម និងសាមគ្គីភាពគ្នា​នៅក្នុងសហគមន៍ពលករចំណាក​ស្រុក ត្រូវបានលើក​កម្ពស់ដោយ​របៀបណា? តើ​ការ​ប្រារព្ធ​ពិធី​សាសនាអាច​ភ្ជាប់ទំនាក់ទំនងរវាង​មនុស្ស​និងមនុស្សនៅក្នុង​សហគមន៍​ជន​ចំណាក​ស្រុក​ដល់​កម្រិត​ណា?


ជាឧទាហរណ៍ ការយល់ដឹងកាន់តែច្បាស់អំពីការកែច្នៃ​បន្ទប់អាផាតមិនទៅជាវត្តអារាម​បណ្តោះ​អាសន្ន ​​ដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានរៀបចំនៅក្រៅប្រទេស អាចជួយឱ្យបង្កើត​គោលនយោបាយ​សាធារណៈមួយដល់សហគមន៍នេះបានកាន់តែមានប្រសិទ្ធភាព។


ទី២ ការស្រាវជ្រាវបន្ថែម​ទៅលើប្រធានបទ​ទាំងនេះ ​ក៏អាចនាំមកនូវការយល់​ដឹងកាន់តែច្រើន​អំពី​សារៈសំខាន់របស់ក្រុមគាំទ្រ​ (Support Groups) ឬសហគមន៍ពលករចំណាកស្រុកទាំងមូល ដែលពួក​គេ​ដើរតួនាទីសំខាន់ក្នុងការផ្តល់ឱ្យប្រជាជនកម្ពុជានៅបរទេសនូវអារម្មណ៍ជិតស្និទ្ធ​ជាមួយនឹង​អត្តសញ្ញា​ណជាតិ​របស់ខ្លួន។ ការរស់​នៅ​ឆ្ងាយ​ពី​ផ្ទះ​អាចជះឥទ្ធិពលទៅដល់​សុខុមាលភាព​​ផ្លូវចិត្ត​របស់បុគ្គល ជា​ពិសេស​នៅ​ពេល​ដែល​គេ​ជួប​ប្រទះនូវ​ភាពខុសគ្នានៃវប្បធម៌ អារម្មណ៍នឹក​ផ្ទះ ឬ​ភាពឯកោ ជាដើម។


ពលករចំណាកស្រុកងាយប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ជំងឺធ្លាក់ទឹកចិត្ត និង​បញ្ហា​ថប់​អារម្មណ៍ ដោយសារតែកត្តាការងា​រ ក៏ដូចជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច​សង្គម ដែល​ពួកគេបាននិង​កំពុង​ជួប​​​ប្រទះ។ ភាពងាយរងគ្រោះទាំងនេះកាន់តែមានលក្ខណៈធ្ងន់ធ្ងរដោយការខ្វះការគាំទ្រពីគ្រួសារ មិត្តភក្តិ​ និងសង្គម ដោយសារការបាត់បង់នូវបណ្តាញសង្គម បញ្ហាភាសា និង​ដោយសារ​ការរំខាន​ផ្សេងៗ​ទៀត។


ជាចុងក្រោយ លទ្ធផលដ៏មានសារៈសំខាន់មួយទៀត​ដែលយើងអាចទទួលបានពីការបង្កើន​ការ​ស្រាវជ្រាវ គឺការលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរអាកប្បកិរិយា​របស់​សាធារណជន​ទៅលើពលករ​ចំណាក​ស្រុក។ របាយការណ៍របស់​អង្គការ​​ពលកម្មអន្តរជាតិ (ILO) ឆ្នាំ២០១៩ ឱ្យដឹងថា ភាគ​ច្រើន​នៃ​ពលរដ្ឋ​ម្ចាស់ស្រុកយល់ឃើញថា ពលករចំណាកស្រុកគំរាមកំហែង​ទៅលើ​វប្បធម៌​​​របស់​ប្រទេសពួកគេ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងជាមួយប្រជាជនម្ចាស់ស្រុកជាង ៤ពាន់ (៤ ០៩៩) នាក់ មកពីប្រទេសចំនួន៤ រួមមាន ប្រទេសជប៉ុន ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសថៃ។ ក្នុងនោះ ប្រជាជនជប៉ុន​ចំនួន៤១ភាគរយ ប្រជាជនម៉ាឡេស៊ីចំនួន៦៨ភាគរយ ប្រជាជនថៃចំនួន៥៨ភាគរយ និងប្រជាជន​សិង្ហបុរីចំនួន៥៣ភាគរយ មានអារម្មណ៍ថា ពលករចំណាកស្រុកបានគំរាមកំហែងទៅដល់វប្បធម៌និង​អរិយធម៌​របស់​ពួកគេ។ ពលករចំណាកស្រុកគួរតែមានអារម្មណ៍ស្វាគមន៍ និងសុវត្ថិភាពក្នុង​ការ​អនុវត្តវប្បធម៌របស់ពួកគេ មិនថាពួកគេនៅទីណាក៏ដោយ។


ការស្រាវជ្រាវ​ដែល​ផ្តោតលើជំនឿ​ វប្បធម៌ និងអារម្មណ៍ជិតស្និទ្ធ ដែលពលករចំណាកស្រុកមានជាមួយនឹងអត្តសញ្ញាណជាតិរបស់ពួកគេ នឹង​ចូលរួមរំលេច​អំពី​ភាព​សម្បូរ​បែបដែលប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមាន ក៏ដូចជាឱ្យតម្លៃពួកគាត់ដោយមិនចាត់ទុកពួកគាត់ត្រឹមជាកម្លាំងពលកម្ម៕


 


Comments


bottom of page