អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ហេង ម៉ូលីកា ត្រូវបានបោះពុម្ពផ្សាយក្នុង VOD Khmer កាលពីថ្ងៃទី ២០ ខែកញ្ញា ២០២២ ដោយមានអត្ថាធិប្បាយអំពីការបែងចែកការងារផ្ទះមិនស្មើគ្នាប៉ះពាល់ដល់ការរួមបញ្ចូលសេដ្ឋកិច្ចរបស់ស្ត្រីកម្ពុជា។ សូមពិនិត្យមើលអត្ថបទអត្ថាធិប្បាយនេះជាអង់គ្លេស។
អ្នកស្រី សារឿន គឺជាស្ត្រីខ្មែរម្នាក់ក្នុងចំណោមស្ត្រីខ្មែរជាច្រើនដែលហត់នឿយបំផុតដើម្បីជីវភាពនិងលំនឹងគ្រួសារ។ នាងស្ពាយអម្រែកពីរក្នុងពេលតែមួយ។
នៅពេលថ្ងៃ នាងត្រូវមើលថែកូនតូចៗចំនួនប្រាំមួយនាក់នៅក្នុងបន្ទុក រួមទាំងធ្វើកិច្ចការផ្ទះគ្រប់ជំពូក។ ប៉ុន្តែនៅពេលយប់មកដល់ មិនមែនជាពេលវេលាសម្រាកសម្រាប់នាងនោះទេ គឺនាងត្រូវចេញទៅរកស៊ីលក់ដូរនៅពេលយប់ ដើម្បីទប់ទល់នឹងជីវភាពខ្វះខាតរបស់នាង និងដើម្បីជួយសម្រាលបន្ទុកប្តីរបស់នាងដែលធ្វើការតែម្នាក់ឯង។
រឿងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីជីវិតពិតរបស់អ្នកស្រី សារឿន តែម្នាក់ទេ ប៉ុន្តែវាក៏បានបង្ហាញពីបទពិសោធស្រដៀងគ្នារបស់ស្រ្តីខ្មែរដទៃទៀតផងដែរ ដែលពួកគេមិនត្រឹមតែរស់នៅក្នុងភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវរ៉ាប់រងបន្ទុកការងារផ្ទះ ការមើលថែកូន មើលថែអ្នកជំងឺ និងមនុស្សចាស់ក្នុងផ្ទះផងដែរ។
នៅប្រទេសកម្ពុជា ភាគច្រើនគឺស្ត្រីជាអ្នករ៉ាប់រងការងារផ្ទះស្ទើរតែទាំងអស់ ដូចជា ការចម្អិនអាហារ ការបោសសម្អាត និងការថែទាំគ្រួសារ ការមើលថែកុមារនិងមនុស្សចាស់ក្នុងគ្រួសារ ជាដើម។ ការងារផ្ទះ គឺជាសកម្មភាពប្រចាំថ្ងៃនិងចាំបាច់សម្រាប់គ្រប់ក្រុមគ្រួសារនីមួយៗ ប៉ុន្តែដោយសារតែការងារនេះមិនបានបង្កើតប្រាក់ចំណូលជាចរន្តនៃសេដ្ឋកិច្ចជាតិ បញ្ហាដែលទាក់ទងនឹងការងារផ្ទះមិនត្រូវបានគេយកចិត្តទុកដាក់ឡើយ។
យោងតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) នៅឆ្នាំ២០១៨ ស្រ្តីក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានចំណាយពេលច្រើនជាងបុរសចំនួន៤ដង សម្រាប់ធ្វើកិច្ចការផ្ទះ និងការថែទាំគ្រួសារ។ ដោយឡែក ស្ត្រីខ្មែរប្រើពេលធ្វើកិច្ចការទាំងនេះលើសបុរសជាប្តីរហូតទៅដប់ដងក្នុងមួយថ្ងៃៗ។
របាយការណ៍បានរៀបរាប់ថា បុរសកម្ពុជាចំណាយពេលត្រឹម១៨នាទីលើការងារផ្ទះក្នុងមួយថ្ងៃ ប៉ុន្តែភរិយារបស់ពួកគេចំណាយពេលរហូតទៅដល់១៨៨នាទី។
ILO គូសបញ្ជាក់ថា ការចំណាយពេលយ៉ាងច្រើន និងវិសមភាពរវាងបុរសនិងស្ត្រីក្នុងការធ្វើការងារផ្ទះនិងការថែទាំគ្រួសារ បានបណ្ដាលឱ្យស្ត្រីជាភរិយាបាត់បង់ឱកាសចូលរួមក្នុងផ្នែកសេដ្ឋកិច្ច និងការរួមចំណែកក្នុងសង្គម។
គិតត្រឹមឆ្នាំ២០១៨ ចំនួនពលកម្មស្រ្តីបានកើនឡើងប្រមាណ ៤៨% នៃកម្លាំងពលកម្មសរុបរបស់កម្ពុជា គឺមានន័យថា ប្រហែល ៨០% នៃចំនួនស្ត្រីសរុបនៅកម្ពុជាបានចូលក្នុងទីផ្សារការងារ។
យ៉ាងណាក៏ដោយ អង្គការពលកម្មអន្តរជាតិ (ILO) លើកឡើងថា ថ្វីបើចំនួនស្ត្រីដែលចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចមានការកើនឡើង ប៉ុន្តែការណ៍នេះមិនបញ្ជាក់ថា ស្ត្រីទាំងនោះទទួលបាននូវឱកាសនិងអត្ថប្រយោជន៍ពេញលេញដែលពួកគេគួរតែទទួលបាននោះទេ។
ដូចគ្នានេះដែរ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) លើកឡើងថា គេពុំអាចធ្វើការសន្និដ្ឋានឬវាយតម្លៃថា ស្ត្រីកម្ពុជាបានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ដោយផ្អែកតែលើកំណើននៃចំនួនស្ត្រីចូលរួមក្នុងវិស័យការងារបាននោះទេ។
អ្នកស្រី Celia Boyd នាយកគ្រប់គ្រងអង្គការស៊ីអ៊ីនវេសម៉ិន (SHE Investments) ដែលជាអង្គការគាំទ្រដល់សហគ្រិនស្រ្តី បានបង្ហាញថា បន្ទុកក្នុងគ្រួសារ ដូចជា ការងារផ្ទះ និងការងារថែទាំគ្រួសារច្រើនពេក បានរារាំងស្ត្រីកម្ពុជាក្នុងការបញ្ចេញសក្តានុពលរបស់ពួកគេ ខណៈដែលពួកគេមួយចំនួនជ្រើសរើសឈប់ពីការងារ ឬអាជីវកម្ម ដោយសារតែគ្មានពេលគ្រប់គ្រាន់សម្រាប់ការងារឬអាជីវកម្មនោះ។
យោងតាមអង្គការសហប្រជាជាតិដែលបានធ្វើការវិភាគលើសមភាពយេនឌ័រ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញថា ការបិទខ្ទប់ធ្វើឱ្យបន្ទុកការងារផ្ទះរបស់ស្ត្រីកាន់តែកើនឡើង ដោយក្នុងនោះមានការងារសម្អាត ការចម្អិនអាហារ និងការថែទាំមនុស្សចាស់និងកុមារ។
ដូចបានរៀបរាប់ពីខាងលើ ការងារផ្ទះមិនត្រឹមតែមិនទទួលបានប្រាក់កម្រៃទេ ហើយថែមទាំងប៉ះពាល់ដល់លទ្ធភាពនិងពេលវេលារបស់ស្ត្រីក្នុងការចូលរួមសកម្មភាពសេដ្ឋកិច្ចនៅក្រៅផ្ទះទៀតផង។ ជាធម្មតា ពេលវេលានិងកម្លាំងមនុស្សមានដែនកំណត់ ដូច្នេះនៅពេលដែលស្ត្រីមានអម្រែកការងារផ្ទះលើសលុប ពួកគេមួយចំនួនបានបោះបង់ការសិក្សានិងបោះបង់ការងារ ហើយក្លាយជាស្ត្រីមេផ្ទះ ខណៈដែលស្ត្រីខ្លះទៀតត្រូវបានជំរុញឱ្យចូលទៅក្នុងវិស័យការងារក្រៅផ្លូវការ ទទួលបានប្រាក់ចំណូលតិច និងងាយរងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
ការសិក្សាស្តីពីអត្ថន័យយេនឌ័រក្នុងការធ្វើការងារផ្ទះ ឆ្នាំ២០១២ បានរកឃើញថា ការបែងចែកការងារផ្ទះមិនស្មើគ្នារវាងបុរសនិងស្ត្រីនៅកម្ពុជា គឺបណ្ដាលមកបញ្ហាទំនៀមទម្លាប់ ដោយតម្លៃស្ត្រីត្រូវបានឆ្លុះបញ្ចាំងតាមរយៈការចេះធ្វើការងារផ្ទះ ហើយបើស្ត្រីមិនចេះឬមិនធ្វើការងារផ្ទះទេ គេចាត់ទុកថាស្ត្រីនោះគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ម៉្យាងតាំងពីដើមមក គេឃើញថា ស្ត្រីខ្មែរដែលរៀបការរួច និងដែលមិនចូលរួមក្នុងសកម្មភាពរកចំណូល ឬដែលរកចំណូលបានតិចជាងប្តី មិនហ៊ានសុំឬជជែកជាមួយប្តីឱ្យចែករំលែកបន្ទុកការងារក្នុងគ្រួសារឡើយ។
តាមការសម្ភាសស្ត្រីផ្ទាល់ ពួកគេមានអារម្មណ៍ថា ខ្លួនចាំបាច់ត្រូវទទួលបន្ទុកការងារផ្ទះដោយគ្មានជម្រើសទេ ព្រោះការធ្វេសប្រហែសឬអសកម្មក្នុងការងារផ្ទះអាចបណ្ដាលឱ្យមានជម្លោះ ការបែកបាក់គ្នា ឬធ្ងន់ធ្ងរឈានដល់ការលែងលះទៀតផង។
ការណ៍នេះធ្វើឱ្យមានសំណួរចោទសួរថា តើរដ្ឋាភិបាលមានគោលនយោបាយណាមួយឆ្លើយតបទៅនឹងការបែងចែកកម្លាំងពលកម្មក្នុងគ្រួសារ និងផលប៉ះពាល់របស់វាលើការចូលរួមក្នុងសេដ្ឋកិច្ចរបស់ស្ត្រីដែរឬទេ?
ការធ្វេសប្រហែសរបស់រដ្ឋាភិបាល
ទោះបីជារដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ របស់ប្រទេសកម្ពុជា បានចែងយ៉ាងច្បាស់ថា ការងារផ្ទះមានតម្លៃដូចគ្នាទៅនឹងការងារក្រៅផ្ទះក៏ដោយ ប៉ុន្តែការអនុវត្តជាក់ស្តែងហាក់មិនដូច្នោះទេ។ សង្គមកម្ពុជានៅតែចាត់ទុកការចែករំលែកការងារផ្ទះ និងការងារថែទាំគ្រួសារដែលជាទម្ងន់ទៅលើស្រ្តី ថាជាបញ្ហាតូចតាចនៅឡើយ។
បច្ចុប្បន្ននេះមិនទាន់មានយន្តការមានប្រសិទ្ធភាព ឬក្របខណ្ឌនីតិបញ្ញត្តិ ដើម្បីលើកទឹកចិត្តបុរសឱ្យចែករំលែកទំនួលខុសត្រូវការងារផ្ទះជាមួយដៃគូរបស់ពួកគេឡើយ។ ម្យ៉ាងវិញទៀត អ្នកបង្កើតគោលនយោបាយនៅកម្ពុជាមិនទាន់បានបញ្ចូលបញ្ហា និងដំណោះស្រាយស្តីពី អតុល្យភាពនៃការបែងចែកការងារផ្ទះទៅក្នុងគោលនយោបាយជាតិ ដូចជា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី និងផែនការយុទ្ធសាស្រ្តយេនឌ័រកម្ពុជា (នារីរតនៈ) នៅឡើយទេ។
ដំណោះស្រាយវិសមភាពការងារក្នុងគ្រួសារ
ជាការពិតណាស់ កម្ពុជាអាចដោះស្រាយនិងធ្វើឱ្យបញ្ហានេះបានប្រសើរឡើង ដោយមើលឧទាហរណ៍និងការអនុវត្តល្អៗពីប្រទេសផ្សេងៗដូចជាប្រទេសជប៉ុន ជាដើម។
នៅឆ្នាំ២០២១ ប្រទេសជប៉ុនបានអនុម័តកែសម្រួលច្បាប់ស្តីពីការឈប់សម្រាកថែទាំកុមារ ដោយអនុញ្ញាតឱ្យឪពុកឈប់សម្រាកសរុបចំនួន៤សប្តាហ៍ ផ្តល់ឱកាសឱ្យឪពុកមានពេលវេលាគ្រប់គ្រាន់ក្នុងការចែករំលែកបន្ទុកការងារថែទាំជាមួយម្តាយ។ ការឈប់សម្រាកបិតុភាពនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។ ដោយឡែក នៅកម្ពុជាវិញ ការឈប់សម្រាកបិតុភាពមិនត្រូវបានចែងក្នុងច្បាប់ការងារនោះទេ។
ឯករាជ្យភាព និងស្ថិរភាពហិរញ្ញវត្ថុរបស់ស្ត្រី គឺជាគន្លឹះឆ្លើយតបទៅនឹងវិសមភាពសេដ្ឋកិច្ចរបស់ស្ត្រី និងការចែកចំណែកមិនស្មើគ្នានៃការងារក្នុងផ្ទះ។
ដូច្នេះហើយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់យោបល់ថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែគាំទ្រដល់កំណើនប្រាក់ឈ្នួល ផ្តល់ឱកាសការងារ វគ្គបណ្តុះបណ្តាល និង
កែលម្អលក្ខខណ្ឌការងារសម្រាប់ស្ត្រី តាមរយៈកំណែទម្រង់ច្បាប់ និងការអនុវត្តនៃបទប្បញ្ញត្តិដែលបានកែសម្រួលហើយឱ្យកាន់តែប្រសើរឡើង។
ដូច្នេះ នៅពេលដែលស្ត្រីកម្ពុជាមានចំណេះជំនាញ និងអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ ចង់ឬមិនចង់បុរសជាប្តីត្រូវចែករំលែកទំនួលខុសត្រូវក្នុងការធ្វើការងារផ្ទះ។ នៅពេលដែលបន្ទុកការងារផ្ទះមិនធ្លាក់មកលើស្ត្រីតែម្នាក់ ពួកគេនឹងទំនងជាចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកិច្ចការខាងក្រៅផ្ទះ ហើយនោះគឺជាពេលដែលស្រ្ដីអាចចូលរួមក្នុងវិស័យសេដ្ឋកិច្ចបានយ៉ាងពេញលេញ៕
Comentarios