top of page

ផលប៉ះពាល់​សង្គម​ដោយសារ​​ឧក្រិដ្ឋកម្ម​ឆ្លងដែន​របស់​ជនជាតិចិន​នៅ​ខេត្តព្រះសីហនុ

អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ីម សុខវី ត្រូវបានបោះពុម្ពផ្សាយក្នុង VOD​ Khmer កាលពីថ្ងៃទី១១ ខែតុលា ​២០២២​​ ដោយមានអត្ថាធិប្បាយអំពីផលប៉ះពាល់សង្គមដោយសារឧក្រិដ្ឋកម្មឆ្លងដែនរបស់ជនជាតិចិននៅខេត្តព្រះសីហនុ។​​ សូមមើលអត្ថបទដើមនៅ ទីនេះ ហើយអានវានៅខាងក្រោម!

 

មាតិកាអត្ថបទ

  1. ចំណាត់ការនៅចិន ជំរុញឱ្យក្រុម​ឧក្រិដ្ឋ​ជន​រត់ចូល​ប្រទេស​កម្ពុជា

  2. ចំពោះមុខ​បទ​ឧក្រិដ្ឋ​កម្មឆ្លងដែន


ចាប់តាំងពីការដាក់ចេញនូវគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់ និងផ្លូវ ​(BRI)» របស់ចិននៅឆ្នាំ២០១៣មក «ទីក្រុងព្រះសីហនុ» ដែលជាទីតាំងកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា បានក្លាយជាជម្រករបស់ជនអន្តោ​ប្រវេសន៍​ចិន​ដែល​ចូល​មកកម្ពុជាយ៉ាងគំហុក។​


ក្នុងអំឡុងឆ្នាំ២០១៣នោះ មានប្រជាជនចិនប្រហែល ៨ម៉ឺននាក់​ ប៉ុណ្ណោះរស់នៅក្នុងប្រទេសកម្ពុជា។ លុះ​ប្រាំ​មួយ​ឆ្នាំ​ក្រោយមក ​​ចំនួន​ជន​អន្តោ​ប្រវេសន៍​ចិន​បានកើនឡើង​រហូតដល់ ២៥ម៉ឺននាក់ ក្នុង​នោះ ២០​ម៉ឺននាក់​រស់នៅ​ទីក្រុង​ព្រះសីហនុ​។


កំណើននេះបានផ្ដល់ឱកាសដល់ក្រុមឧក្រិដ្ឋជនប្រព្រឹត្ត​បទ​ល្មើសក្នុងសហគមន៍អន្តោ​ប្រវេសន៍ចិន​​ នៅក្នុង​ទី​ក្រុងជាប់ឆ្នេរសមុទ្រ ដែលជាមជ្ឈមណ្ឌលនៃក្រុមហ៊ុនកាស៊ីណូភាគច្រើនគ្រប់គ្រងដោយជនជាតិចិន។


ចំណាត់ការនៅចិន ជំរុញឱ្យក្រុម​ឧក្រិដ្ឋ​ជន​រត់ចូល​ប្រទេស​កម្ពុជា


តាមរបាយការណ៍នគរបាលជាតិ​ ​បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩ មានជនជាតិចិន​ជាប់​ពាក់ព័ន្ធទៅនឹងករណីឧក្រិដ្ឋកម្ម​​ចំនួន២៤១​​ករណី ក្នុងចំណោម៣១៤ករណី ពាក់ព័ន្ធ​ជាមួយជន​បរទេស​។ ​ក្នុង​រយៈ​ពេល​៩ខែ​ដើម​ឆ្នាំដដែល មានជនជាតិចិនចំនួន​ ៧៤៤នាក់ រស់នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ចាប់ខ្លួន និងនិរទេស​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួកគេវិញ។


ក្នុង​អំឡុងដើមឆ្នាំ២០២២នេះ មានរបាយការណ៍ជាច្រើនចុះផ្សាយអំពីការចាប់ជំរិត ការឃុំខ្លួន និងការរំលោភ​កម្លាំង​​ពលកម្ម ដោយក្រុមអ្នកលេង និងក្រុមឧក្រិដ្ឋកម្មជនជាតិចិន​ ដែលបានអូស​ទាញជនជាតិ​បរទេស​ ដោយសន្យាថានឹងផ្តល់ការងារដែលមានប្រាក់ខែខ្ពស់។ ប៉ុន្តែវាគ្រាន់តែជាលេស​ដើម្បីបង្ខំឱ្យជនជាតិបរទេសទាំងនោះធ្វើការងារ​ឆបោក​​តាមការរយៈការហៅទូរសព្ទក្លែងបន្លំ ហើយ​ពួកគេ​ត្រូវ​បង្ខាំងឱ្យនៅ​ក្នុង​ផ្ទះដែល​មាន​សណ្ឋាន​ដូចជា​អ្នកទោស​នៅក្នុង​គុក​តែប៉ុណ្ណោះ។


កាលពីខែមីនា ជនជាតិឥណ្ឌូនេស៊ី ៣០នាក់ ត្រូវបានជួយសង្រ្គោះនៅខេត្ត​កណ្ដាល បន្ទាប់​ពី​ពួកគេត្រូវ​​បានក្រុម​ទុច្ចរិតបញ្ជូន​ពី​ខេត្តព្រះសីហនុមក។ ដោយឡែក ជនជាតិថៃប្រមាណ៣ ០០០​នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពីក្រុមអ្នកលេង​​ជនជាតិចិន ប៉ុន្តែសមត្ថកិច្ច​ថៃបានសន្និដ្ឋានថា នៅមានពលករថៃប្រមាណ១ ៥០០នាក់ទៀតក្នុងខេត្តព្រះសីហនុ នៅមិនទាន់បាន​ជួយសង្រ្គោះ​នៅ​ឡើយ។


សកម្មភាពជំនួញឧក្រិដ្ឋកម្មភាគច្រើននៅខេត្តព្រះសីហនុ បានផ្លាស់ប្តូរទីតាំងមកពីប្រទេសចិន ដោយសារតែ​រដ្ឋាភិបាលចិនបានអនុម័តច្បាប់​សន្តិសុខជាតិដ៏តឹងរ៉ឹងមួយ ដើម្បីបញ្ឈប់សកម្មភាព​ជំនួញឧក្រិដ្ឋកម្ម​ និងក្រុម​​អ្នកលេង។ ដោយកម្សោយនៃការអនុវត្តច្បាប់ ក្រុងព្រះសីហនុបានក្លាយជាឋានសួគ៌ សម្រាប់​ក្រុម​សង្គម​ងងឹតទាំងនេះធ្វើសកម្មភាពរបស់ពួកគេបន្តទៀត។


ឧក្រិដ្ឋកម្មបានបង្កើតឱ្យមានទស្សនៈរើស​អើងលើជនជាតិចិន ថ្វីបើជនជាតិចិនធ្លាប់មានប្រវត្តិត្រូវបានទទួលការស្វាគមន៍នៅក្នុងប្រទេសកម្ពុជាក៏ដោយ ប៉ុន្តែពួកគេ​បាន​បង្ក​ចលាចល​ក្នុង​សង្គម​កម្ពុជា​ តាមរយៈការ​ប្រព្រឹត្តបទឧក្រិដ្ឋ និងសកម្មភាពខុសច្បាប់​នានា។ ​ការអង្កេត​មួយ​កាល​ពីខែកុម្ភៈនៅឆ្នាំនេះ​ អំពីទស្សនៈ​របស់​ប្រជាជនកម្ពុជាទៅលើសហគមន៍ជនជាតិចិនថ្មីនេះ បានបង្ហាញថា ៥៩% នៃអ្នកចូលរួមធ្វើការស្ទង់មតិ​បាននិយាយថា​ ពួកគេបានមើលឃើញពីភាពតានតឹង​ផ្នែកសង្គម​យ៉ាងខ្លាំង​រវាងប្រជាជន​កម្ពុជា​និងចិន។ សេចក្តី​អះអាង​នេះបាន​សំដៅទៅលើ​វត្តមានរបស់អង្គការក្រុមឧក្រិដ្ឋជន​សម្ងាត់ចិន​នៅខេត្ត​ព្រះសីហនុ និងការចូលរួមរបស់ពួកគេក្នុងការបោកបញ្ឆោតតាមរយៈប្រព័ន្ធអនឡាញ និងការ​ជួញ​ដូរ​មនុស្ស​និងគ្រឿងញៀន។


មានការបញ្ជាក់យ៉ាងច្បាស់ផងដែរថា ការផ្លាស់ប្តូរប្រជាសាស្ត្រនៃខេត្តព្រះសីហនុបានធ្វើឱ្យប្រជាជនកម្ពុជា​ជាច្រើនត្រូវបានញែកចេញពីសេដ្ឋកិច្ចក្នុងស្រុកនៃខេត្តព្រះសីហនុ។ នៅឆ្នាំ២០១៨ មានជនជាតិចិនចំនួន១២០ ០០០​នាក់រស់នៅក្រុងព្រះសីហនុ ត្រូវនឹង ២០​% នៃប្រជាជនសរុបក្នុងខេត្តនេះ។​​ នៅឆ្នាំ​បន្ទាប់​ តំណាង​អគ្គនាយកដ្ឋានគោលនយោបាយខេត្តព្រះសីហនុ ប៉ាន់ប្រមាណថា ៩០​% នៃ​អាជីវកម្មក្នុង​ក្រុងព្រះសីហនុ ​គ្រប់គ្រងដោយជនជាតិចិន។ ការកើនឡើងនៃករណីឧក្រិដ្ឋកម្មដែលបង្កឡើងដោយជនជាតិចិន បានជះឥទ្ធិពលអវិជ្ជមានដល់ការយល់​ឃើញរបស់ប្រជាជនកម្ពុជាទៅលើជនជាតិចិន និងការគ្រប់គ្រងសេដ្ឋកិច្ច​នៅ​កម្ពុជា​របស់​អាជីវករចិន ទាំង​ស្រប​​ច្បាប់និងខុសច្បាប់ ហើយជាចុងក្រោយ វាបានក្លាយ​ជារបាំង​រារាំងដល់សហគមន៍ប្រជាជន​កម្ពុជា​ដែល​មាន​បំណងចង់ធ្វើអាជីវកម្មឡើងវិញ។


លំហូរចូលនៃអង្គការឧក្រិដ្ឋកម្មចិន ក៏​បានធ្វើឱ្យ​វិសមភាពសង្គមសេដ្ឋកិច្ចរបស់កម្ពុជា​​មាន​ស្ថានភាព​កាន់តែ​អាក្រក់បន្ថែមទៀត។ មានការចោទប្រកាន់ថា ក្រុមមន្ត្រីជាន់ខ្ពស់​មួយក្រុមតូច​បាន​ទទួល​លាភសក្ការៈពី​សកម្មភាព​​ឧក្រិដ្ឋកម្មទាំងនេះ។ ជាឧទាហរណ៍ ទីតាំងមួយចំនួន​ដែលគ្រប់គ្រង​និង​ពាក់ព័ន្ធ​ជាមួយក្រុមមន្ត្រី​ជាន់​​ខ្ពស់និងអ្នកមានលុយ​មានអំណាចនៅកម្ពុជា ​ត្រូវបានកំណត់​ដោយ​ជនរងគ្រោះថា ជាទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើសឆបោក និងសកម្មភាពខុសច្បាប់ផ្សេង​ទៀត ​កំពុង​បន្តសកម្មភាព ដូចជា នៅតំបន់​សេដ្ឋកិច្ចពិសេស​នៅខេត្តពោធិ៍សាត់ និង​តំបន់ឆៃណាថោន និងតំបន់ផ្សេងទៀតនៅជុំវិញសណ្ឋាគារ ខេប៊ី នៅ​ខេត្ត​ព្រះសីហនុ ជាដើម។


សេចក្តី​អះអាង​ខាងលើ​បានបង្ហាញថា ប្រជាជនកម្ពុជាមួយចំនួនកំពុងបង្កើនទ្រព្យសម្បត្តិ​របស់ពួកគេដោយសារ​ប្រតិបត្តិការឧក្រិដ្ឋកម្មទាំងនេះ​ ហើយ​វា​ជះឥទ្ធិពល​ដល់ការបែងចែកវណ្ណៈ​សង្គមកាន់តែខ្លាំង​បន្ថែម​ទៀត។


មានកិច្ចខិតខំប្រឹងប្រែងមួយចំនួនត្រូវបានធ្វើឡើងដោយភាគីរដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋា​ភិបាល​ចិន ដើម្បីទប់ស្កាត់និងចុះបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននេះ។ នៅខែមីនា ឆ្នាំ២០១៩ កម្ពុជា​និងចិនបាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការអនុវត្តន៍ច្បាប់ ដើម្បីស៊ើបអង្កេត​ជនជាតិចិន​ដែល​រងគ្រោះដោយការប្រព្រឹត្តបទឧក្រិដ្ឋក្នុងប្រទេសកម្ពុជា និងជួយបញ្ជូន​ពួកគេត្រលប់​ទៅ​ប្រទេស​ចិនវិញ។


ប្រាំខែ​ក្រោយ​មក តាមសំណើរបស់រដ្ឋាភិបាលចិន កម្ពុជាបានធ្វើការហាម់ឃាត់​ការភ្នាល់ល្បែង​ស៊ីសង​តាម​ប្រព័នអនឡាញ ដែលជាឧស្សាហកម្មមួយមានទំនាក់ទំនង​យ៉ាងស្អិតល្មួត​ជាមួយ​បណ្តាញ​ឧក្រិដ្ឋកម្ម​ចិន។ បន្ទាប់ពីបានដាក់ចេញនូវវិធានការនេះ កម្ពុជាកត់សម្គាល់ឃើញ​ថា មានជនជាតិចិនជាច្រើន​បានចេញ​ពីប្រទេសកម្ពុជា។ នៅឆ្នាំ២០២១ កម្ពុជា​រៀប​ចំសេចក្តីព្រាងច្បាប់ស្តីពីច្បាប់អន្តោប្រវេសន៍ថ្មី ដែលធ្វើ​ការរារាំងជនបរទេសដែលមានកំណត់ត្រា​ក្នុង​បញ្ជីបទឧក្រិដ្ឋ មិនឱ្យចូលក្នុងប្រទេសកម្ពុជា និងរឹតបន្តឹងបន្ថែម​ទៀតទៅលើការគ្រប់គ្រងជនបរទេសដែលរស់នៅក្នុង​ព្រះរាជា​ណាចក្រ​នេះ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តី​ព្រាង​ច្បាប់​នេះមិនទាន់ត្រូវបានអនុម័តដោយរដ្ឋសភានៅឡើយទេ។


កម្ពុជាត្រូវតែពន្លឿនដំណើការនៃការអនុម័តច្បាប់នេះ ដើម្បីរារាំងការបន្តហូរចូលនៃជន​សង្ស័យ​ពី​ការ​បង្ក​បទ​ឧក្រិដ្ឋមកកាន់ប្រទេសកម្ពុជា។​ បច្ចុប្បន្ននេះ អន្តោប្រវេសន៍បរទេសមកកាន់ប្រទេសកម្ពុជា​ស្ទើរតែមិន​អាច​កំណត់​បាន ក្នុង​ន័យនេះ ជនបរទេស​ដែលមានកំណត់ត្រា​ក្នុង​បញ្ជី​ឧក្រិដ្ឋកម្ម​ ជួបប្រទះ​នូវឧបសគ្គតិចតួច​ប៉ុណ្ណោះ​ដើម្បីចូលទឹកដីកម្ពុជា​។


យោងតាមប្រធានមន្ទីរការងារខេត្តព្រះសីហនុ នៅឆ្នាំ២០១៩ មានជនជាតិចិនចំនួន២២ ០០០នាក់តែប៉ុណ្ណោះ ដែលទទួលបានលិខិតអនុញ្ញាតការងារនិងអាជីវកម្មពី​អាជ្ញាធរ។ ​តួលេខនេះបញ្ជាក់ថា ​មាន​គម្លាត​ខុសគ្នាខ្លាំងរវាងចំនួនជនជាតិចិនដែលរស់នៅក្នុងប្រទេស និងចំនួនឯកសារដែលច្បាប់តម្រូវ​ឱ្យផ្តល់់​ជូន​ដើម្បីអាចធ្វើការនៅក្នុងប្រទេសកម្ពុជាបាន។ គួរកត់ចំណាំផងដែរថា ជនបរទេសដែលមកទីនេះដោយ​មិន​បានបំពេញ ឬគ្មានឯកសារផ្លូវច្បាប់ ដែលអាចក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋកម្ម គឺស្ថិតក្នុងស្ថានភាព​មិន​ច្បាស់លាស់ជាងនេះទៅទៀត ព្រោះពួកគេប្រហែលជាមិនហ៊ានស្វែងរកជំនួយពីកងកម្លាំងសមត្ថកិច្ចទេ ព្រោះ​​ខ្លាចគេនិរទេសចេញ។


ចំពោះមុខ​បទ​ឧក្រិដ្ឋ​កម្មឆ្លងដែន


កម្ពុជាត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជុំវិញការស៊ើប​អង្កេត​និងការចែករំលែកព័ត៌មាន​ជាមួយចិន ​និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតទាក់ទងទៅនឹងលំហូរពលករចំណាកស្រុក។


ប្រទេសដែលបានបញ្ជូនពលករចំណាកស្រុកមកកម្ពុជា​ ដូចជា ម៉ាឡេស៊ី ចិន និងថៃ អាចទទួលបានព័ត៌មានពី​ប្រជាជន​របស់​ពួក​គេដែល​បានជាប់ឃុំនៅកម្ពុជា ដោយពួកគេបានរាយការណ៍តាមការហៅទូរសព្ទសម្ងាត់ ឬតាម​រយៈ​ប្រព័ន្ធបណ្ដាញសង្គម។ ព័ត៌មាននេះពិតជាមានសារៈសំខាន់សម្រាប់ការអនុវត្តច្បាប់ ដែលអាច​ជួយ​ជូន​ដំណឹងទៅកាន់សមត្ថកិច្ចនូវទីតាំងប្រតិបត្តិការឆបោក និងព័ត៌មានលម្អិតនៃការសង្ស័យផ្សេងៗ​។


ជាឧទាហរណ៍ សមាគមម៉ាឡេស៊ីចិន បានទទួលសំណើពីសមាជិកគ្រួសារដែលកូន​របស់ពួកគេបានជាប់​គាំងនៅក្នុងប្រទេសកម្ពុជា ដែលសមាគមនេះបានបញ្ជូនទៅ «ក្រុមប្រឹក្សារដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីប្រឆាំងការរត់ពន្ធជនចំណាកស្រុក (MAPO)»។ បន្ទាប់មក MAPO បានបញ្ជូនព័ត៌មានទៅប៉ូលិសអន្តរជាតិ។ ថៃ និង ម៉ាឡេស៊ី ប្រទេសទាំងពីរបានចេញសេចក្តីព្រមានអំពីការរីករាល​ដាលការចាប់ឃុំខ្លួន​ដោយខុសច្បាប់ ​និង​ការបង្ខំឱ្យធ្វើការខុសច្បាប់នៅកម្ពុជា​ ដោយពួកគេបានដឹងអំពីបញ្ហានេះពី​ពលរដ្ឋរបស់ពួកគេ​ដែលធ្លាប់​បាន​ធ្វើអន្តោប្រវេសន៍នៅកម្ពុជា។


ជាចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជាត្រូវតែយកចិត្តទុកដាក់ទៅលើបញ្ហានេះ​ ដែលថាមានមន្ត្រីជាន់ខ្ពស់​ និង​អ្នក​មានលុយនិងមានអំណាចមួយចំនួន ជាប់ពាក់ព័ន្ធជាមួយការផ្តល់អគារនិងទីតាំងយកទៅប្រើប្រាស់ក្នុងគោលបំណង​ខុសច្បាប់។


ជារួម ការកើនឡើងនៃឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តដោយជនជាតិចិន​នៅក្នុងសង្គម​កម្ពុជា​ មិនត្រឹមតែ​ប៉ះ​ពាល់​ដល់​​សន្តិសុខជាតិកម្ពុជា និងសហគមន៍ចិនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កើត​ឱ្យ​មាន​ភាព​អយុត្តិធម៌នៃទស្សនៈអវិជ្ជមានចំពោះសហគមន៍ចិនទាំងមូល។ ដូច្នេះ កម្ពុជា​ត្រូវ​ពង្រឹងការ​អនុវត្ត​ច្បាប់របស់ខ្លួន និងធ្វើការសហការជាមួយប្រទេសដទៃទៀត ដើម្បីទប់ស្កាត់បញ្ហានេះ។ ​បើស្ថានភាពបច្ចុប្បន្នបន្តកើត​មាន​ឡើង​ទៀតនោះ វានឹងនាំឱ្យមានការបែកបាក់សង្គមកាន់តែខ្លាំងឡើង ​និងការរើស​អើងដ៏អយុត្តិធម៌បន្ថែមទៀតប្រឆាំងនឹងជនជាតិចិននៅកម្ពុជា៕



 

Comentários


bottom of page