អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង សែស អរុណសក្កា ត្រូវបានបោះពុម្ពផ្សាយក្នុង VOD Khmer កាលពីថ្ងៃទី២០ ខែតុលា ២០២២ ដោយមានអត្ថាធិប្បាយអំពីការអភិវឌ្ឍទីក្រុងរបស់ខេត្តសៀមរាប ដោយឈ្វេងយល់ពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុង ដែលអាចជួយឱ្យ «ទីក្រុងនៃប្រាសាទ» រីកចម្រើន ដោយមិនធ្វើឱ្យប៉ះពាល់ដល់តំបន់វប្បធម៌ ប្រវត្តិសាស្ត្រ និងបរិស្ថាន។ សូមមើលអត្ថបទដើមនៅ ទីនេះ ហើយអានវានៅខាងក្រោម!
មាតិកាអត្ថបទ
ការពង្រីកក្រុងដែលផ្អែកលើកត្តាយានយន្ត
ករណីសម្រាប់ប្រមូលផ្ដុំការរស់នៅរបស់ប្រជាពលរដ្ឋ
សម្រាប់ខេត្តសៀមរាប៖ ប្រើប្រាស់សក្ដានុពលលំហជាអាទិភាពអភិវឌ្ឍន៍ក្រុង
ការធ្វើផែនការប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ
ដើម្បីឱ្យខេត្តសៀមរាបរីកចម្រើន
កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅឯសិក្ខាសាលាអចលនទ្រព្យ ឧកញ្ញ៉ាបណ្ឌិត គីម ហ៊ាង បានទទួលរងការរិះគន់ពីសាធារណជន បន្ទាប់ពីលោកបានចាប់កំហុសបទប្បញ្ញត្តិដ៏តឹងរ៉ឹងលើការសាងសង់អគារ និងទប់ស្កាត់ការសាងសង់អគារខ្ពស់ ដើម្បីការពារទេសភាពជុំវិញឧទ្យានបុរាណវិទ្យាអង្គរ។ លោកក៏ បានចេញលិខិតសុំទោសជាសាធារណៈ។
ប្រតិកម្មដ៏ខ្លាំងរបស់មហាជនបង្ហាញពីបំណងប្រាថ្នាយ៉ាងមុតមាំក្នុងចំណោមប្រជាជនកម្ពុជា ដើម្បីរក្សានូវលក្ខណៈពិសេសនៃទីក្រុង ក៏ដូចជាតំបន់ជុំវិញខេត្តសៀមរាប និងនិមិត្តសញ្ញានៃប្រាសាទនៅក្នុងឧទ្យានបុរាណវិទ្យាអង្គរ។
ប៉ុន្តែបំណងប្រាថ្នានេះធ្វើឱ្យអ្នកក្រុងសៀមរាបស្ថិតក្នុងភាពទ្វេគ្រោះ ពិបាកសម្រេចទិសដៅ ដោយសារការអភិវឌ្ឍទាំងអស់ត្រូវតែដើរដំណាលគ្នារវាងការរីកចម្រើន និងការអភិរក្ស។
ដូចគ្នានេះដែរ រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងទ្វេដងក្នុងការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង និងបំពេញតម្រូវការរបស់អ្នករស់នៅទីក្រុង ដែលនាំឱ្យខេត្តសៀមរាបចៀសមិនរួចពីការរីកចម្រើន។ វាជាការចាំបាច់ដែលយើងស្វែងរកយុទ្ធសាស្ត្រនគរូបនីយកម្មមួយដែលមិនធ្វើឱ្យខូចខាតទីតាំងវប្បធម៌ និងតុល្យភាពអេកូឡូស៊ីដ៏ផុយស្រួយនេះ។
ការពង្រីកក្រុងដែលផ្អែកលើកត្តាយានយន្ត
មនុស្សជាច្រើនបានព្រួយបារម្ភពីផលប៉ះពាល់ ដែលថាការអភិវឌ្ឍក្រុងសៀមរាបទៅជាទីក្រុងដែលសម្បូរទៅដោយអគារខ្ពស់ៗ អាចបំផ្លាញបរិយាកាសធម្មជាតិដ៏កក់ក្ដៅ និងភាពស្ងប់ស្ងាត់។
ការពឹងផ្អែកលើយានយន្ត គឺជាកត្តាចម្បងមួយនៅពីក្រោយភាពរីកដុះដាលហេដ្ឋារចនាសម្ពន្ធនៃទីក្រុងរបស់ខេត្តសៀមរាប។
គម្រោងជាច្រើនដែលមានទីតាំងនៅជាយក្រុង និងតាមបណ្ដោយផ្លូវក្រវាត់ក្រុង បានធ្វើឱ្យការទទួលយកនិងប្រើប្រាស់សេវាកម្មមានចម្ងាយឆ្ងាយពីលំនៅឋាន។ នេះមានន័យថា តំបន់ទាំងនោះខ្វះសេវាកម្មនៅជិតលំនៅឋាន ដែលបង្ខំឱ្យអ្នករស់នៅធ្វើដំណើរឆ្ងាយដោយរថយន្តឬម៉ូតូ។
តម្រូវការសម្រាប់ការធ្វើដំណើរដោយរថយន្តឯកជន បានជំរុញឱ្យមានការសាងសង់ផ្លូវធំៗ ដូចជា ផ្លូវលេខ៦០ ឆ្ពោះទៅអាកាសយានដ្ឋានថ្មីដែលកំពុងសាងសង់ ក៏ដូចជាចំណតរថយន្តដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់យានយន្ត។ ផ្លូវដែលមានល្បឿនលឿន និងបរិមាណចរាចរណ៍ខ្ពស់ បង្កើតបរិយាកាសអសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។ នេះជាហេតុនាំឱ្យមានការពឹងផ្អែកលើរថយន្តកាន់តែច្រើន និងធ្វើឱ្យពួកគេបាត់បង់ឱកាសទាញយកអត្ថប្រយោជន៍ពីជម្រើសធ្វើដំណើរផ្សេងទៀត ដូចជា ការធ្វើដំណើរដោយរថយន្តសាធារណៈ ឬការធ្វើដំណើរដោយជិះកង់ ជាដើម។ ដូច្នេះហើយ ហេដ្ឋារចនាសម្ពន្ធដែលផ្ដោតសំខាន់លើយានជំនិះ នាំឱ្យមានការកកស្ទះចរាចរណ៍។
ទីក្រុងសៀមរាបបានឆ្លងកាត់កំណែផ្លូវធំៗចំនួន៣៨ខ្សែ ដែលក្នុងនោះរួមមានការដំឡើងកាមេរ៉ាសុវត្ថិភាពចំនួន២០០គ្រឿង ភ្លើងសញ្ញាចរាចរណ៍ចំនួន២០ អំពូលភ្លើងតាមដងផ្លូវចំនួន៥ ០០០អំពូល និងដើមឈើ៣ ០០០ដើម ព្រមទាំងបន្ថែមផ្លូវសម្រាប់ជិះកង់ផងដែរ។ តែទោះជាយ៉ាងនេះក្តី ការអភិវឌ្ឍទាំងនោះផ្តល់ផលប្រយោជន៍តែនៅកណ្តាលទីក្រុងតែប៉ុណ្ណោះ។
ចំណែកឯតំបន់តាមជាយក្រុង ក៏នៅតែប្រឈមមុខនឹងការកកស្ទះចរាចរណ៍ កង្វះមធ្យោបាយធ្វើដំណើរសាធារណៈ និងផ្លូវដើរមិនសូវល្អ ដែលជាហេតុធ្វើឱ្យយានយន្តឯកជនក្លាយជាមធ្យោបាយធ្វើដំណើរតែមួយគត់ ដែលធ្វើឱ្យខូចគុណភាពនិងជីវភាពរស់នៅរបស់អ្នកស្រុក។
ករណីសម្រាប់ប្រមូលផ្ដុំការរស់នៅរបស់ប្រជាពលរដ្ឋ
អនាគតរបស់ខេត្តសៀមរាប គឺអាស្រ័យទៅលើគោលបំណងក្នុងការបង្កើតឱ្យមានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធចម្រុះក្នុងទីក្រុង ជាជាងពង្រីកផ្លូវគមនាគមន៍ដែលពឹងផ្អែកលើរថយន្តដូចពេលបច្ចុប្បន្ននេះ។
ការសិក្សាមួយបានប្រៀបធៀបរវាងទីក្រុងអាត្លង់តា ក្នុងសហរដ្ឋអាមេរិក និងទីក្រុងបាសេឡូណា ក្នុងប្រទេសអេស្ប៉ាញ បានបង្ហាញយ៉ាងច្បាស់ពីភាពខុសគ្នារវាងទីក្រុងដែលធំទូលាយ និងទីក្រុងដែលផ្តោតលើការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។
អាត្លង់តា គឺជាទីក្រុងដែលពឹងផ្អែកយ៉ាងខ្លាំងលើរថយន្ត ហើយគ្របដណ្ដប់លើផ្ទៃដី៧ ៦៩២គីឡូម៉ែត្រការ៉េ ជាមួយនឹងប្រជាជនចំនួន៥,៣លាននាក់។ ខណៈដែល បាសេឡូណា ដែលមានចំនួនប្រជាជនស្រដៀងគ្នា ប៉ុន្តែវាគ្របដណ្តប់តំបន់មួយត្រឹមតែ១/១២នៃទំហំរបស់អាត្លង់តា។
អាត្លង់តា ជាតំបន់ដែលមានផ្លូវធំៗនិងចំណតរថយន្តច្រើន ចំណែកឯបាសេឡូណាវិញមានផ្លូវថ្មើរជើង សួនសាធារណៈ ហាងកាច់ជ្រុង និងលំនៅឋាន។ ទាំងអស់នេះស្ថិតក្នុងប្លុកទីក្រុងតែមួយ។ អាត្លង់តា ជួបប្រទះនឹងបញ្ហា ដូចជា ការស្ទះចរាចរណ៍ និងភាពចល័តក្នុងទីក្រុងមិនសូវល្អ ក៏ដូចជាការបំភាយកាបូនច្រើនហួសហេតុ ខណៈដែល បាសេឡូណា រៀបចំឱ្យប្រជាពលរដ្ឋរបស់ខ្លួនរស់នៅជុំវិញប្រព័ន្ធធ្វើដំណើរសាធារណៈដ៏មានប្រសិទ្ធភាព និងបង្កើតជាតំបន់ដែលអាចដើរបាន និងអាចជិះកង់បាន។
អាត្លង់តា ត្រូវស៊ូទ្រាំនឹងកម្ដៅក្នុងទីក្រុង ដែលស្ទើរតែមិនអាចទ្រាំបាន ដោយសារផ្ទៃបេតុងនៃចំណតរថយន្ត និងផ្លូវកៅស៊ូដ៏ធំៗ។ ផ្ទុយទៅវិញ បាសេឡូណា មានភាពត្រជាក់ ដោយសារមានដើមឈើ ឧទ្យាន និងសួនតាមមាត់ទឹកជាច្រើន។
លើសពីនេះ បាសេឡូណា មិនមែនជាព្រៃនៃអគារខ្ពស់ៗនោះទេ។ អគារភាគច្រើនមានកម្ពស់ត្រឹមតែ៥-៦ជាន់ប៉ុណ្ណោះ ប៉ុន្តែអាចផ្ទុកលំនៅឋាន ហាង សេវាកម្មសំខាន់ៗ និងសកម្មភាពជាច្រើន។ ម្យ៉ាងទៀត ប្លុកនីមួយៗមានលក្ខណៈងាយស្រួលសម្រាប់ថ្មើរជើង។
គំរូដែលបានកំណត់ដោយ បាសេឡូណា បង្ហាញឱ្យឃើញថា ការអភិវឌ្ឍបែបបង្រួមមិនចាំបាច់មានភាពចង្អៀត ឬអគារខ្ពស់ស្កឹមស្កៃនោះទេ ដើម្បីទទួលបានជោគជ័យ។ ជាការពិត ដង់ស៊ីតេសមរម្យ គឺជាគុណសម្បត្តិមួយ ព្រោះលំនៅឋាន ឱកាសការងារ ស្ថាប័នអប់រំ សេវាកម្ម ជាដើម កាន់តែខិតជិតគ្នា ហើយវាធ្វើឱ្យការដឹកជញ្ជូនសាធារណៈ និងការធ្វើដំណើរកាន់តែមានប្រសិទ្ធភាព។ ចំណុចសំខាន់បំផុត គឺទីក្រុងដែលបង្រួមផ្ទៃក្រឡា ក៏ជួយថែរក្សាប្រព័ន្ធអេកូឡូស៊ីជុំវិញផងដែរ។
មេរៀនពីទីក្រុងបាសេឡូណាជាគំរូអភិវឌ្ឍន៍ដ៏ល្អមួយសម្រាប់ទីក្រុងសៀមរាប។
សម្រាប់ខេត្តសៀមរាប៖ ប្រើប្រាស់សក្ដានុពលលំហជាអាទិភាពអភិវឌ្ឍន៍ក្រុង
អ្នកប្រហែលជាមានចម្ងល់៖ បើមានការកំណត់អាទិភាពវិធីសាស្ត្របង្រួម អាចនាំឱ្យមានការសាងសង់អគារខ្ពស់ៗនៅខេត្តសៀមរាបឬទេ? គឺមិនមែនទេ ទីក្រុងបាសេឡូណាបង្ហាញរួចហើយថា ការកំណត់ទំហំទីក្រុងឱ្យមានទំហំសមរម្យ មិនប្រាកដថានឹងនាំទៅដល់ការសាងសង់អគារខ្ពស់ៗនោះទេ។
ភាពបង្រួម មានន័យថា កំណើននៃការប្រើប្រាស់លំហនៅក្នុងតំបន់ទីក្រុង។ គ្រប់អគារគួរតែជាអគារដែលប្រើប្រាស់ចម្រុះ និងពហុគោលបំណង ដែលរួមមាន លំនៅដ្ឋាន ភោជនីយដ្ឋាន ហាងលក់។ល។ ការធ្វើតាមគំរូបែបបង្រួម មានន័យថា អ្នកអភិវឌ្ឍន៍នឹងចៀសវាងសាងសង់កន្លែងដែលមានការប្រើប្រាស់តែមួយ ដូចជា យានដ្ឋាន និងទីលានវាយកូនហ្គោល ជាដើម។ ផ្ទុយទៅវិញ ទីធ្លាសាធារណៈ ផ្លាហ្សា និងសួនឧទ្យាន ដែលបម្រើគ្រប់លក្ខណៈនៃមុខងារសង្គម វប្បធម៌ លំហែកាយ និងសេដ្ឋកិច្ច គួរតែត្រូវបានផ្តល់អាទិភាពជាធំ។ ដូចគ្នានេះដែរ ការដឹកជញ្ជូនក៏ត្រូវតែបង្រួបបង្រួមដូចគ្នាដែរ។ ការសាងសង់ផ្លូវធំៗ ចំណតយានយន្ត និងយានដ្ឋានរាប់មិនអស់ គួរតែត្រូវបានចៀសវាង។ ជំនួសមកវិញ ការធ្វើដំណើរគួរតែផ្លាស់ប្ដូរមានការប្រើប្រាស់ឡានក្រុង ផ្លូវជិះកង់ និងចិញ្ចើមថ្មើរជើង ដែលផ្ទុកអ្នកធ្វើដំណើរបានច្រើនជាង ប៉ុន្តែមានតម្លៃថោកក្នុងការធ្វើដំណើរ និងមាននិរន្តរភាពក្នុងការថែរក្សា។
វិធីសាស្ត្របង្រួមនេះគ្រាន់តែអំពាវនាវឱ្យយើងប្រើប្រាស់លំហដែលយើងមានរួចមកហើយឱ្យមានភាពចម្រុះ ដែលកាត់បន្ថយតម្រូវការក្នុងការសាងសង់អគារខ្ពស់ ឬសាងសង់បែបទំហំធំ។ ការសម្រេចបាននូវភាពបង្រួមតូចនៅក្នុងខេត្តសៀមរាប តម្រូវឱ្យមានតំបន់ដែលបានរចនាយ៉ាងប្រុងប្រយ័ត្ន ដែលមានលក្ខណៈចម្រុះ អាចដើរបាន មានកន្លែងជាច្រើនដែលផ្តោតលើមនុស្ស និងត្រូវបានរួមបញ្ចូលជាមួយប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព។ គោលនយោបាយដ៏សំខាន់មួយដើម្បីធានាថាខេត្តសៀមរាបមានការអភិវឌ្ឍក្នុងលក្ខណៈបែបនេះ គឺការកំណត់ប្រើប្រាស់ដីធ្លីដោយផ្អែកលើចល័តភាព។
ការធ្វើផែនការប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ
គោលនយោបាយរៀបចំការប្រើប្រាស់ដីផ្អែកលើចល័តភាព មានន័យថា មុននឹងសាងសង់អគារណាមួយ គឺតម្រូវឱ្យមានការគិតគូរយ៉ាងដិតដល់ពីមធ្យោបាយធ្វើដំណើររបស់អ្នកប្រើប្រាស់អគារ ព្រមទាំងអាំងតង់ស៊ីតេនៃចរាចរណ៍ដែលបង្កើតឡើងដោយអ្នកប្រើប្រាស់អគារ។ អត្ថប្រយោជន៍នៃទម្រង់ចល័តភាពនេះ អនុញ្ញាតឱ្យអ្នករៀបចំដែនដី បែងចែករវាងអគារដែលបង្កបរិមាណ និងប្រភេទចរាចរណ៍ខុសៗគ្នា។
ជាធម្មតា នៅតាមហាងតូចៗ ភោជនីយដ្ឋាន និងហាងលក់រាយ អតិថិជនអាចធ្វើដំណើរថ្មើរជើង និងតាមប្រព័ន្ធធ្វើដំណើរសាធារណៈ ជាហេតុនាំឱ្យប្រភេទអាគារទាំងនេះត្រូវដាក់ចូលក្នុង «តំបន់ចរាចរណ៍តិចតួច» ដែលក្នុងតំបន់នេះកំណត់ដោយការផ្តល់អាទិភាពដល់ការដឹកជញ្ជូនសាធារណៈ និងការធ្វើដំណើរ ដោយថ្មើរជើង ឬជិះកង់។ នៅកណ្តាលក្រុងសៀមរាបដែលមានផ្លូវតូចៗជាច្រើន ជាកន្លែងនៃបណ្តុំហាងបែបនេះជាច្រើន ដូច្នេះទីតាំងទាំងនេះគួរដាក់ចូលតំបន់ចរាចរណ៍ «តិចតួច»។
លើសពីនេះទៅទៀត តំបន់នៅតាមដងស្ទឹងសៀមរាប គួរតែដាក់ចូល «តំបន់ចរាចរណ៍រឹតបន្តឹង» ដែលមិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ដោយយានយន្តឯកជន លើកលែងតែរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តបម្រើសេវាសាធារណៈតែប៉ុណ្ណោះ។ វាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការជំរុញសកម្មភាពសង្គម វប្បធម៌ និងសេដ្ឋកិច្ចនៅកណ្ដាលទីក្រុង ក៏ដូចជាការពង្រីកទំហំសួនច្បារសាធារណៈ ដែលភ្ញៀវទេសចរអាចដើរទស្សនាបាន។
សម្រាប់អគារដែលតម្រូវឱ្យមានការប្រើប្រាស់យានជំនិះញឹកញាប់ អ្នករៀបចំដែនដីអាចកំណត់តំបន់ចរាចរណ៍នោះជា «តំបន់ចរាចរណ៍ធ្ងន់» ដែលស្ថិតនៅតាមផ្លូវធំៗ។ តំបន់ចរាចរណ៍បែប «ធ្ងន់» គួរតែស្ថិតនៅឆ្ងាយពីកណ្ដាលទីក្រុងសៀមរាប ដើម្បីចៀសវាងប៉ះពាល់ជាមួយចរាចរណ៍ ការរស់នៅ និងការប្រកបអាជីវកម្មនៅតាមតំបន់ផ្សេងៗទៀត។ ផែនការនេះក៏ជួយសម្រួលចរាចរណ៍ដោយដាក់កម្រិតលើទីតាំងដែលបង្កចរាចរណ៍មមាញឹកដោយហាមដាក់រថយន្តនៅទីតាំងជិតផ្លូវប្រសព្វ ដែលប៉ះពាល់ដល់លំហូរចរាចរណ៍យ៉ាងខ្លាំង។
ការកំណត់លើការប្រើប្រាស់ដីដោយផ្អែកលើផលប៉ះពាល់ចល័តភាពទីក្រុង គឺមានលក្ខណៈល្អប្រសើរ ដោយសារគោលនយោបាយនេះអនុញ្ញាតឱ្យអ្នករៀបចំផែនការរៀបចំដែនដី អាចកំណត់អគារក្នុងខេត្តសៀមរាបទៅតាមសមត្ថភាពទ្រទ្រង់ចរាចរណ៍របស់ប្រព័ន្ធផ្លូវនៅក្នុងទីក្រុង។
ដើម្បីឱ្យខេត្តសៀមរាបរីកចម្រើន
ខេត្តសៀមរាបក៏នៅតែអាចរីកចម្រើននិងអភិវឌ្ឍទន្ទឹមគ្នានឹងការរក្សានូវលក្ខណៈពិសេសបានដែរ។ គោលនយោបាយកំណត់ការប្រើប្រាស់ដីធ្លីផ្អែកលើចល័តភាព អនុញ្ញាតឱ្យការរៀបចំដែនដីអាចសម្របសម្រួលទៅតាមកាលៈទេសៈរបស់ទីក្រុងសៀមរាប ដែលជាហេតុនាំឱ្យជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។
ទម្រង់ទីក្រុងបែបប្រមូលផ្តុំសក្ដានុពលលើការប្រើប្រាស់ដី ជួយកាត់បន្ថយតម្រូវការពង្រីកទីក្រុងដូចបច្ចុប្បន្ន ដែលគំរាមកំហែងដល់បរិយាកាសទីក្រុងសៀមរាប និងតំបន់វប្បធម៌ដែលមិនអាចកាត់ថ្លៃបាន ក៏ដូចជាគំរាមកំហែងបរិស្ថាននៃខេត្តទាំងមូល៕

Comments