top of page

ជំងឺបាក់ស្បាតនៅកម្ពុជាគួរឱ្យបារម្ភ ប៉ុន្តែការយកចិត្តទុកដាក់នៅខ្សោយ

អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ជា សំអៀង ត្រូវបានបោះពុម្ពផ្សាយក្នុង VOD​ Khmer កាលពីថ្ងៃទី២១ ខែតុលា ​២០២២​​ ដោយមានអត្ថាធិប្បាយអំពីផលប៉ះពាល់នៃកង្វះការថែទាំជំងឺបាក់ស្បាតនៅកម្ពុជា។​​ សូមមើលអត្ថបទដើមនៅ ទីនេះ ហើយអានវានៅខាងក្រោម!

 

មាតិកាអត្ថបទ

  1. ​ការ​ឆ្លើយ​តប​នៅ​មាន​កម្រិត

  2. ផលប៉ះពាល់នៃកង្វះការថែទាំ

  3. ហេតុអ្វី​បាន​ជា​កម្ពុជា​គួរ​​ប្រើ​វិស័យវប្បធម៌ដើម្បីជួយដោះស្រាយ​សុខភាព​ផ្លូវចិត្ត​?

  4. ការទុកចិត្ត និងឆន្ទៈ


ការបាក់ស្បាត ឬ «ការបាត់បង់សេចក្ដីក្លាហាន» គេតែងលេចឮ​ក្នុងបរិបទបញ្ហាផ្លូវចិត្ត ជា​ពិសេស​សម្រាប់​អ្នកដែល​បានឆ្លងកាត់​​របប​ខ្មែរ​ក្រហម។


ពាក្យនេះជារឿយៗត្រូវបានគេប្រើជាមធ្យោបាយ​មួយដើម្បីបកស្រាយអំពី​សុខភាព​ផ្លូវ​ចិត្ត។ ​


​ជួន​កាល​ការបាក់ស្បាតធ្ងន់ធ្ងរ គេនិយម​ហៅ​ថា​ «ជំងឺ​បាក់ស្បាត»។​ ជំងឺនេះបាន​បន្តជះឥទ្ធិពល​ដល់អ្នក​ទទួល​រងបទពិសោធអតីតកាល ហើយ​ក៏អាចបំបាក់ទឹកចិត្តពួកគេចំពោះការពិភាក្សា​អំពីប្រធាន​បទ​ដ៏រសើបណាមួយ។


របួស​នេះ​មិន​ត្រឹម​តែ​កំណត់​ចំពោះ​អ្នក​ដែល​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​ផ្ទាល់​នោះ​ទេ វា​ក៏​អាច​បង្ហាញឱ្យ​ឃើញ​ចំពោះ​មនុស្ស​វ័យ​ក្មេង​ថា​វាជា​ការ​រង​របួសត​ជំនាន់។


​ការ​ឆ្លើយ​តប​នៅ​មាន​កម្រិត


ខណៈដែលក្រសួងសុខាភិបាលបានកត់សម្គាល់ថា អត្រានៃជំងឺផ្លូវចិត្តមានកម្រិតខ្ពស់ ការវិនិយោគនិង​ការ​ចំណាយ​នៃថវិកាជាតិលើសេវាសុខភាពផ្លូវចិត្តនៅតែមានកម្រិតទាប។


យោងតាមលោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សាយោបល់ និងអ្នកចិត្តសាស្រ្តនៅកម្ពុជា ក្នុងឆ្នាំ២០២២ ប្រជាជនកម្ពុជា​ប្រមាណ១០ ភាគរយ បានទទួលសេវាសុខភាពផ្លូវចិត្ត។ ប៉ុន្តែមាន​តែកន្លែង​ថែទាំសុខភាពចំនួន២ភាគរយ​​ប៉ុណ្ណោះ​នៅទូទាំងប្រទេស​​ បានផ្តល់សេវាព្យាបាលសុខភាព​ផ្លូវចិត្ត។


ជាក់​ស្តែង គិតត្រឹមឆ្នាំ២០១៥ ក្នុង​ចំណោម​មន្ទីរពេទ្យបង្អែកចំនួន១០២ ​មាន​តែ​មន្ទីរ​ពេទ្យ​បង្អែក​ចំនួន​៧៣ និង​ក្នុង​ចំណោម​មណ្ឌលសុខភាពសរុប១ ១៤១ មាន​តែមណ្ឌលសុខភាព​ចំនួន​១៩៤នៅ​ទូទាំង​ប្រទេស​​​ បាន​ផ្តល់​សេវា​ផ្លូវចិត្ត និងសេវាសុខភាពផ្លូវ​ចិត្ត​បឋម។


​ដោយ​ឡែក​ រាជ​រដ្ឋា​ភិបាល​បានបម្រុងទុកការចំណាយ​ត្រឹម​តែ២​ភាគរយប៉ុណ្ណោះនៃថវិកាសម្រាប់​ផែនការ​យុទ្ធសាស្រ្ត​សុខភាពពីឆ្នាំ២០១៦-២០២០ សម្រាប់សុខភាពផ្លូវចិត្ត។


ផលប៉ះពាល់នៃកង្វះការថែទាំ


ប្រទេសកម្ពុជាកំពុងមើលឃើញពីផលវិបាកយ៉ាងពិតប្រាកដមួយ ដោយសារកង្វះធនធានសុខភាពផ្លូវចិត្ត ជាពិសេសបន្ទាប់ពីមានការរាតត្បាតនៃជំងឺកូវីដ-១៩។


យោងតាមការស្ទង់មតិរបស់អង្គការយូនីសេហ្វ ដែលបានចេញផ្សាយក្នុងខែតុលា ឆ្នាំ២០២១ បង្ហាញថា ៤៥% នៃ​ក្មេងជំទង់កម្ពុជាដែលមានអាយុចន្លោះពី១៥ ទៅ១៩ឆ្នាំ បាននិយាយថា ពួកគេ​ព្រួយបារម្ភអំពី​សុវត្ថិភាព​របស់ពួកគេ អំឡុងពេលមានការរីករាលដាលនៃ​ជំងឺ​សកល​នេះ។ ១៦% ទៀតនៃអ្នកឆ្លើយ​សំណួរវ័យ​ជំទង់​ បាននិយាយថា ពួកគេមានអារម្មណ៍តានតឹង ឬធ្លាក់ទឹកចិត្ត ចាប់តាំងពី​ការចាប់ផ្តើមនៃការផ្ទុះ​ឡើង​នៃជំងឺ​កូវីដ-១៩។


អ្វីដែលពិសេសជាងនេះទៅទៀតនោះ ទិន្នន័យថ្មីៗរបស់អគ្គស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បង្ហាញថា ករណីអត្តឃាតនៅកម្ពុជាកំពុងកើនឡើងផងដែរ។ ការ​ធ្វើ​អត្តឃាត ​គឺជា​បាតុភូត​មួយ​ដែល​អាច​ស្ដែង​ចេញ​ពី​ជំងឺ​បាក់​ទឹកចិត្ត។


គិត​ត្រឹមត្រីមាសទីមួយនៃឆ្នាំ២០២២ ​មានការប៉ុនប៉ងធ្វើអត្តឃាតចំនួន២៤៧លើក ដែលបណ្តាលឱ្យមនុស្ស២៤២នាក់ស្លាប់ និង៥នាក់​ទៀតរងរបួស។


គម្លាតរវាងតម្រូវការសុខភាពផ្លូវចិត្ត និងធនធានសុខភាពផ្លូវចិត្ត ចាំបាច់​ត្រូវតែដោះស្រាយ​សម្រាប់​សង្គម​កម្ពុជា ដើម្បីសម្រេចបាននូវសុខុមាលភាពពេញលេញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិន​បើគ្មាន​ដំណោះ​ស្រាយដែលគិតគូរពីផ្នែកវប្បធម៌របស់កម្ពុជា និងគ្មានកិច្ចសហការពីភាគីពាក់ព័ន្ធទាំងមូល សុខភាព​​ផ្លូវចិត្តនឹងបន្តជះឥទ្ធិពលដល់ឱកាសនៃការចូលរួមផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។


ហេតុអ្វី​បាន​ជា​កម្ពុជា​គួរ​​ប្រើ​វិស័យវប្បធម៌ដើម្បីជួយដោះស្រាយ​សុខភាព​ផ្លូវចិត្ត​?


ខណៈដែល «ផែនការយុទ្ធសាស្រ្តសុខភាពឆ្នាំ២០១៦-២០២០» របស់ក្រសួង​សុខាភិបាល​ បាន​លើក​ឡើងអំពីតម្រូវការក្នុងការអភិវឌ្ឍការផ្តល់សេវាសម្រាប់បញ្ហាសុខភាពផ្លូវចិត្ត និង​បញ្ហា​ការ​ប្រើប្រាស់​សារធាតុញៀនផ្សេងៗនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនបានលើកឡើង​លម្អិត ជាពិសេសអំពី​សក្តានុពល​នៃ​វិស័យ​សាសនាក្នុងការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តឱ្យ​បាន​ជាក់លាក់​នៅ​ឡើយ។ ដូច​គ្នា​នេះ​ដែរ​ វិស័យ​សាធារណៈក៏ហាក់មិនទាន់មានគម្រោងច្បាស់លាស់ជាប្រព័ន្ធ​ ដើម្បីភ្ជាប់តួអង្គនិងស្ថាប័នព្រះពុទ្ធសាសនា​​ទៅ​នឹង​ការ​ដោះស្រាយបញ្ហានេះផងទេ។


​នៅ​ពេល​ដែល​រដ្ឋាភិបាល​មិនបានបង្ហាញយ៉ាងច្បាស់អំពីបរិបទ​វប្បធម៌ និងខាងវិញ្ញាណរបស់​ប្រទេស​កម្ពុជា​ អង្គការសំខាន់ៗដែលសកម្មក្នុង​វិស័យ​សុខ​ភាព​ផ្លូវ​ចិត្ត​នេះ​បានបង្ហាញ​ថា ការ​បញ្ចូលការអនុវត្ត​វិធាន​សាសនាអាចមាន​សារៈប្រយោជន៍។


អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា ឬ TPO ដែលជាអង្គការក្នុងស្រុក​ ជំនាញ​លើ​​ការ​ដោះ​ស្រាយ​វិបត្តិ​សុខភាព​ផ្លូ​វ​ចិត្ត បាន​ទទួលស្គាល់តួនាទី​យ៉ាង​សំខាន់​នៃ​វិស័យ​សាសនា ​ដើម្បីជួយ​ដល់​ការ​ព្យាបាលសុខភាព​ផ្លូវចិត្តរបស់អតិថិជន (អ្នកស្នើសុំប្រឹក្សាយោបល់) របស់​ពួកគេ។


ជាឧទាហរណ៍ លោក មុនី សុថារ៉ា​ អ្នកចិត្តសាស្រ្តនៃអង្គការ TPO បានប្រាប់កាសែត The New Humanitarian ថាប្រជាជនកម្ពុជាជាច្រើនដែលកំពុងជួបប្រទះរោគសញ្ញានៃជំងឺ PTSD «បកស្រាយពី​ការ​ឈឺចាប់ ការគេងមិនលក់ និងសុបិនអាក្រក់» ថាជាសញ្ញានៃភាព​មិនសុខសាន្ត​នៃសាច់ញាតិ​ដែលបាន​ស្លាប់​របស់ពួក​គេ។


ជាជាងមិនអើពើនឹងជំនឿក្នុង​បញ្ហា​នេះ TPO ប្រើ​វិធីព្យាបាលមួយតាម​បែបពុទ្ធសាសនា ​ក្នុង​នីតិ​វិធី​ប្រឹក្សា​ជាមួយ​អ្នក​ជំងឺ រួមទាំងវិធីដែល​ទទួល​ស្គាល់​អំពីមរណភាពរបស់មនុស្សជាទីស្រឡាញ់ផងដែរ។ ពោល​គឺ​ TPO ត្រូវ​ប្រើ​វិធី​ព្យាបាល​ដោយ​ការ​ប្រឹក្សា ​បូក​បញ្ចូល​នឹង​ជំនឿ​សាសនា​ផង​ និង​វិធី​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ពេទ្យ​ផង។


ទោះជាយ៉ាងណា មានជំហានជាច្រើនទៀតដែលកម្ពុជា​អាចអនុវត្ត ដើម្បី​ពង្រីកលើ​ប្រភេទ​នៃ​វិធីសាស្រ្ត​រួមបញ្ចូលគ្នានេះ និងវិធីជាច្រើនទៀតដែលព្រះពុទ្ធសាសនាអាចដើរតួក្នុងដំណើរការនេះ។


ការទុកចិត្ត និងឆន្ទៈ


វាជាការបដិសេធមិនបាន ថាការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត​នៅកម្ពុជានឹង​ត្រូវការពេល​វេលា​ដើម្បី​កែ​លម្អ ដោយសារគម្លាតការព្យាបាលសំខាន់ៗ គម្លាតនៃការបង្ការ គម្លាតគុណភាព កង្វះឆន្ទៈនយោបាយ កង្វះ​ថវិកា និងកង្វះធនធានថែទាំសុខភាពផ្លូវចិត្ត។ ប៉ុន្តែ​ផ្នែក​មួយ​ដែល​ព្រះពុទ្ធសាសនា​អាច​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​គម្លាត​នេះ គឺ​ការ​ទុក​ចិត្ត។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ គឺជា​ស្ថាប័ន​មួយដែលមានសក្តានុពលក្នុងការជំរុញការជឿទុកចិត្តរបស់​ពលរដ្ឋឱ្យកើតការជឿ និងទុកចិត្ត​។


កម្ពុជា​អាចថា​មិន​មែន​ជា​ប្រទេស​ទី​មួយ​ដែល​ព្យាយាម​ផ្សារភ្ជាប់​ការ​បង្រៀន​តាម​បែប​ពុទ្ធសាសនា​ទៅ​នឹង​កម្មវិធី​សុខភាព​ផ្លូវចិត្ត​នោះ​ទេ។ ប្រទេសប៊ូតាន​បាន​ចាប់​ផ្ដើម​ងាក​ទៅមើលតួនាទីរបស់​ព្រះពុទ្ធសាសនា ​ដើម្បី​ដោះស្រាយបញ្ហានេះ។ នៅដើមឆ្នាំ២០១៨ រដ្ឋាភិបាលនៃប្រទេសប៊ូតាន បានអនុម័ត​ផែនការ​សកម្មភាព​​រយៈពេល៥ឆ្នាំ ពី២០១៨ ដល់២០២៣ ស្តីពីការការពារការធ្វើអត្តឃាត​នៅក្នុងប្រទេស ដែល​មានគោលបំណងហៅតួអង្គសាសនាឱ្យដើរតួក្នុងការគាំទ្រ និងសហការដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត សម្រាប់អនាគត រួមទាំងការគាំទ្រសុខុមាលភាព។


យ៉ាងណាមិញ ប្រជាជនកម្ពុជាបានងាកមកកាន់ព្រះពុទ្ធសាសនាសម្រាប់​ជា​ជំនួយ នៅពេលដែល​ពួកគេ​ប្រឈម​នឹងបញ្ហាផ្លូវចិត្ត ការបាក់ទឹកចិត្ត ឬការបាត់បង់មនុស្សជាទីស្រឡាញ់ណាមួយ ឬពេលដែល​ពួកគេ​ពើបឬយល់សប្តិអាក្រក់ ជាដើម។ ពេលខ្លះ ពួកគេក៏ស្វែងរកជំនួយ​ពីព្រះសង្ឃ​ ដើម្បីប្រឹក្សា​យោបល់ ជាការ​ព្យាបាលសុខភាពផ្លូវចិត្ត។ ជាឧទាហរណ៍ មនុស្សរាប់ពាន់នាក់បានចូលមើលវីដេអូ និង​សំឡេងផតខាស់ (Podcast) ​របស់​ព្រះសង្ឃទេសនា ឬកម្មវិធីជជែកព្រះធម៌ ហើយរាប់ពាន់នាក់ទៀតបានតាមដាន និង​ប្រើប្រាស់​ខ្លឹម​សារ​ពី​​គេហទំព័ររបស់ព្រះសង្ឃដែលមានឥទ្ធិពល ដូចជា ភិក្ខុ គូ សុភាព ភិក្ខុ សាន សុជា និងភិក្ខុ កស្សបៈ ជាដើម។


អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត​នោះ​ គឺ​របៀប​ដែល​​ព្រះសង្ឃ​ដែល​មាន​ឥទ្ធិពល​ភ្ជាប់ការទេសនា​របស់​​ព្រះ​អង្គទៅកាន់​ប្រជាជន​កម្ពុជា​​គ្រប់វ័យ ​បូករួមទាំងយុវជន​ផងដែរ​ក៏ហាក់មានការចាប់​អារម្មណ៍។


របាយការណ៍របស់ BBC នៅ​ខែមិថុនា ឆ្នាំ២០២១ ក៏បានបង្ហាញផងដែរថា ៦២% នៃយុវជនកម្ពុជាពី១៥ទៅ៣០ឆ្នាំ បានអះអាងថា ការរក្សាសុខភាពគឺជាអាទិភាពចម្បងរបស់ពួកគេ។ របាយការណ៍​នេះ​ក៏​បានរកឃើញថា យុវជនចាប់អារម្មណ៍នឹងការបង្រៀន​របស់ព្រះសង្ឃដែលមានឥទ្ធិពល​ដូចជា​ព្រះតេជ​ព្រះគុណ​ គូ សុភាព ហើយចាត់ទុកព្រះសង្ឃដូចព្រះអង្គជាជនគំរូរបស់ពួកគេ។


ដូច្នេះ ប្រទេសកម្ពុជាគួរតែប្រើប្រាស់ធនធានដែលយើងមានស្រាប់ ដើម្បីដោះស្រាយតម្រូវ​ការសុខភាព​ផ្លូវ​ចិត្តរបស់ប្រជាពលរដ្ឋ។ វិស័យព្រះពុទ្ធសាសនា រួមជាមួយនឹងការអនុវត្តស្ត​ង់ដារសុខភាព​កាន់តែ​ច្រើន អាច​​មានសក្ដានុពលក្នុងការដោះស្រាយបញ្ហាទាំងនេះ និងលើកកម្ពស់សុខុមាលភាព​របស់​ជាតិ​យើង​នា​​​ពេល​​​​​​​​​​​​​​អនាគត៕



 

Comments


bottom of page