អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ភាព សុជា ត្រូវបានបោះពុម្ពផ្សាយក្នុង VOD Khmer កាលពីថ្ងៃទី ១៩ ខែធ្នូឆ្នាំ២០២២។ ដើម្បីអានអត្ថបទអត្ថាធិប្បាយនេះនៅ គេហទំព័រដើម។
មាតិកាអត្ថបទ
ការអភិវឌ្ឍសេដ្ឋកិច្ច និងផលប៉ះពាល់ដល់ជនជាតិដើមភាគតិច
បរាជ័យក្នុងការទទួលស្គាល់និងការពារសិទ្ធិជនជាតិដើម
តំបន់អាស៊ីអាគ្នេយ៍ គឺជាដែនដីដែលមានប្រជាជនជនជាតិដើមច្រើនអម្បូរ។ ដោយសារតែអត្តសញ្ញាណរបស់ពួកគេមិនត្រូវបានទទួលស្គាល់ថាជាជនជាតិដើម ឬពួកគេមិនត្រូវបានរាប់បញ្ចូលក្នុងជំរឿនជាតិរបស់ពួកគេ គេប៉ាន់ប្រមាណថាតំបន់នេះមានជនជាតិដើម ចន្លោះពី ៩០ ទៅ ១២៥លាននាក់។ ប៉ុន្តែដោយសារការអភិវឌ្ឍយ៉ាងឆាប់រហ័ស ពួកគេប្រឈមមុខនឹងបញ្ហាចម្បងៗជាច្រើនដូចជា ការផ្លាស់ទីលំនៅ ការប្រែប្រួលអាកាសធាតុ និងកង្វះការទទួលស្គាល់ប្រពៃណី និងការអនុវត្តរបស់ពួកគេ។
នេះគឺជាពេលវេលាដ៏មានប្រយោជន៍មួយដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ពិចារណាអំពីបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ជនជាតិដើមរបស់ខ្លួន ដើម្បីកាត់បន្ថយការគំរាមកំហែងលើពួកគេ។
ការអភិវឌ្ឍសេដ្ឋកិច្ច និងផលប៉ះពាល់ដល់ជនជាតិដើមភាគតិច
អាស៊ានលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច និងនយោបាយ តាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិកទាំង១១ ដើម្បីបង្កើតប្លុកពាណិជ្ជកម្មដែលមានការប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារពិភពលោក។ ប៉ុន្តែសហគមន៍ជនជាតិដើម ជាញឹកញាប់បានរងផលប៉ះពាល់អវិជ្ជមានដោយកម្លាំងទីផ្សារនេះ។
ពួកគេបានបញ្ចេញសំឡេងរបស់ពួកគេជាច្រើនដង ដើម្បីអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះការពិត ដែលថាដំណើរការនៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់នេះត្រូវបានប្រឡូកប្រឡាក់ដោយការរំលោភសិទ្ធិរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។
នាពេលបច្ចុប្បន្ននេះ មូលហេតុចម្បងនៅពីក្រោយការរំលោភសិទ្ធិជនជាតិដើមភាគច្រើនគឺសេដ្ឋកិច្ច។ សហគមន៍ជនជាតិដើមបានលើកឡើងពីការព្រួយបារម្ភអំពីរបៀបដែលការលុបបំបាត់របាំងពន្ធគយ និងសេរីភាវូបនីយកម្មនៃការវិនិយោគ និងពាណិជ្ជកម្មបានសម្រួលដល់គម្រោងទ្រង់ទ្រាយធំដែលរំលោភយកដីរបស់ពួកគេ និងគំរាមកំហែងដល់របៀបរស់នៅបែបប្រពៃណីរបស់ពួកគេ។
យុទ្ធសាស្ត្ររបស់រដ្ឋសមាជិកអាស៊ានជាច្រើនលើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ពន្ធធំៗ ដែលពឹងផ្អែកខ្លាំងក្នុងការប្រើប្រាស់ធនធានធម្មជាតិដែលពួកគេអាស្រ័យផល។ គម្រោងទាំងនេះបានជះឥទ្ធិពលមិនសមាមាត្រលើដែនដីជនជាតិដើម ដែលសម្បូរទៅដោយសារធាតុរ៉ែ និងប្រភពថាមពលផ្សេងទៀត។
ជាឧទាហរណ៍ គិតត្រឹមឆ្នាំ២០១២ ប្រហែល ៦០ភាគរយនៃប្រតិបត្តិការរុករករ៉ែ នៅក្នុងប្រទេសហ្វីលីពីន កំពុងដំណើរការលើដែនដីជនជាតិដើម។ ប្រតិបត្តិការទាំងនេះភាគច្រើនត្រូវបានអនុវត្តដោយគ្មានការយល់ព្រមជាមុនពីសហគមន៍ពាក់ព័ន្ធឡើយ។ ប្រតិបត្តិការបែបនេះបាននាំឱ្យមានការបាត់បង់ដីជនជាតិដើមបន្តិចម្តងៗ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះនៃដីដែលនៅសេសសល់ក្នុងដៃ ព្រមទាំងបង្កការគំរាមកំហែងដល់ការចិញ្ចឹមជីវិតរបស់ពួកគេ។
នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីការបង្ខំឱ្យផ្លាស់ទីលំនៅរបស់អ្នកភូមិជនជាតិដើមចំនួន១៥ ០០០នាក់ ក្រោយពីគម្រោងទំនប់ប៉ាគុន (Bakun)ដ៏ចម្រូងចម្រាស រដ្ឋាភិបាលនៃរដ្ឋសារ៉ាវ៉ាក់ (Sarawak)បានប្រកាសផែនការសម្រាប់ទំនប់វារីអគ្គិសនីធំៗចំនួន ១២ បន្ថែមទៀត នៅក្នុងច្រករបៀង (Sarawak) នៃថាមពលកកើតឡើងវិញ (Sarawak Corridor of Renewable Energy – SCORE)។ គម្រោង SCORE នឹងបង្កើតអគ្គិសនីក្នុងតម្លៃថោកសម្រាប់ឧស្សាហកម្មផលិតកម្មដែលកំពុងរីកលូតលាស់ ប៉ុន្តែសហគមន៍មួយចំនួនធំត្រូវបានគេរំពឹងថានឹងត្រូវជម្លៀសពីទីលំនៅឋានរបស់ខ្លួន ។
ការកេងប្រវ័ញ្ចនិងការដកហូតយកធនធាន គឺជាកង្វល់ចម្បងរបស់សកម្មជនជនជាតិដើមប៉ាពួន (Papuan) ដែលតស៊ូទាមទារសិទ្ធិស្វ័យភាពពីប្រទេសឥណ្ឌូនេស៊ីជាយូរមកហើយ។ ដីដូនតានៃសហគមន៍ទាំងនេះត្រូវជីកយករ៉ែដែលបង្កគ្រោះថ្នាក់នៃកាក់សំណល់លោហធាតុ និងរ៉ែក្នុងតំបន់ ប៉ុន្តែថ្មីៗនេះក៏មានបទពិសោធនៃការកាប់ព្រៃឈើយ៉ាងទូលំទូលាយ និងការដាំដូងប្រេងជាបន្តបន្ទាប់ផងដែរ។
នៅក្នុងប្រទេសកម្ពុជា ឧស្សាហកម្មនិស្សារណកម្ម (Extractive Industry)ខ្នាតធំបានទទួលផលប្រយោជន៍ជាយូរមកហើយពីសម្បទានសេដ្ឋកិច្ច ដែលភាគច្រើនគំរាមកំហែងដល់ការដកហូតដី និងធនធានរបស់ជនជាតិដើម ដោយមិនមាន «ការឯកភាពយល់ព្រមដោយសេរីជាមុន និងមានព័ត៌មានគ្រប់ជ្រុងជ្រោយ (Free, Prior and Informed Consent)» ពីសហគមន៍ដែលរងផលប៉ះពាល់។ គំនិតនៃ «ការឯកភាពយល់ព្រមដោយសេរីជាមុន និងបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ» ផ្តល់ឱ្យជនជាតិដើមនូវសិទ្ធិក្នុងការទទួលយក ឬបដិសេធគម្រោង ឬទម្រង់នៃការអន្តរាគមន៍ផ្សេងទៀតនៅក្នុងទឹកដីរបស់ពួកគេ ហើយវាជាតម្រូវការផ្លូវច្បាប់ដែលត្រូវបានផ្តល់ជូនយ៉ាងទូលំទូលាយនៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែជាក់ស្តែង ច្បាប់នេះត្រូវបានគោរពយ៉ាងលំបាក។
ក្រៅពីការខាតបង់សម្ភារ គម្រោងហេដ្ឋារចនាសម្ពន្ធធំៗជាច្រើនបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងវប្បធម៌ដ៏រឹងមាំរបស់សហគមន៍ជនជាតិដើម ចំពោះដីរបស់ពួកគេ ហើយបាននាំឱ្យមានការបាត់បង់វប្បធម៌ និងអត្តសញ្ញាណដូនតា។
ជាឧទាហរណ៍ ក្នុងឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជាបានអនុម័តការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២។ អាងស្តុកទឹករបស់ទំនប់នេះត្រូវបានសាងសង់នៅលើទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា។ ទឹកនៃអាងស្តុករបស់ទំនប់នេះ បានជន់ពន្លិចភូមិដ្ឋានប្រជាជនជាច្រើន និងបង្ខំឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនរាប់ពាន់នាក់ ដែលពួកគេភាគច្រើនបានរស់នៅក្នុងតំបន់រងគ្រោះនេះជាច្រើនជំនាន់មកហើយ។ ជនជាតិដើមព្នង ដែលជាជនជាតិដើមមួយនៃជនជាតិដើម ២៤ក្រុម ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា គឺជាក្រុមមួយដែលបានរងផលប៉ះពាល់ ជាពិសេសពីការសាងសង់ និងដំណើរប្រតិបត្តិការទំនប់។
បន្ទាប់ពីដំណើរការផ្លាស់ប្តូរទីលំនៅដ៏យូររបស់រដ្ឋាភិបាល អ្នកភូមិមួយចំនួនបានយល់ព្រមតាំងទីលំនៅថ្មីជាថ្នូរនឹងសំណង។ ប៉ុន្តែនៅភូមិក្បាលរមាស បើទោះជាដីត្រូវជន់លិចទាំងស្រុងក៏ដោយ ក៏អ្នកភូមិជនជាតិដើមព្នង ៥២គ្រួសារ មិនព្រមរើចេញនោះទេ ព្រោះគេយល់ថាមិនអាចបោះបង់ចោលដីដូនតាបានឡើយ។ ជាលទ្ធផល សហគមន៍ទទួលរងសម្ពាធជាច្រើន រួមទាំងការគំរាមកំហែងពីរដ្ឋាភិបាល ការយាយីតាមប្រព័ន្ធតុលាការ និងសំខាន់បំផុតគឺកង្វះលទ្ធភាពទទួលបានសេវាសាធារណៈជាមូលដ្ឋាន ដូចជា ទឹកស្អាត ជាដើម។
ជនជាតិដើមព្នង គ្រាន់តែជាក្រុមសហគមន៍ជនជាតិដើមមួយរបស់ប្រទេសកម្ពុជា ហើយការតស៊ូរបស់ពួកគេតំណាងឱ្យផ្នែកមួយនៃរឿងរ៉ាវនៃជនជាតិដើមនៅក្នុងប្រទេសនេះ។ ជនជាតិដើម បានរស់នៅជាចម្បងនៅក្នុងខេត្តភាគឦសានប្រទេសដែលសម្បូរធនធាន ហើយជាតំបន់ដែលពួកគេនៅមានចំនួនច្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ សហគមន៍ជាច្រើនប្រឈមមុខនឹងផលប៉ះពាល់ដោយគម្រោងនេះ ដូចជា ទំនប់វារីអគ្គិសនីសេសានក្រោម២ បង្ខំពួកគេបោះបង់ទឹកដីកំណើតរបស់ពួកគេ។
ខណៈដែលរដ្ឋសមាជិកអាស៊ានមើលឃើញព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀតជាធនធានដែលត្រូវដកហូតដើម្បីកំណើនសេដ្ឋកិច្ច សហគមន៍ជនជាតិដើមក្នុងតំបន់រស់នៅក្នុងព្រៃ ហើយជាប្រពៃណីបានពឹងផ្អែកលើធនធានព្រៃទាំងនេះសម្រាប់ចិញ្ចឹមជីវិត ធ្វើកសិកម្ម និងទាញយកឱសថ ក៏ដូចជាសម្រាប់ប្រតិបត្តិវប្បធម៌ និងជំនឿសាសនារបស់ពួកគេ។ ជាធម្មតា ពួកគេមិនចង់ឃើញប្រភពនៃជីវិតរបស់ពួកគេត្រូវបានបំផ្លាញនោះឡើយ។
បរាជ័យក្នុងការទទួលស្គាល់និងការពារសិទ្ធិជនជាតិដើម
ដោយសារនិន្នាការកើនឡើងឆ្ពោះទៅរកសមាហរណកម្មក្នុងតំបន់ សហគមន៍ជនជាតិដើមទាមទារឱ្យអាស៊ានទទួលស្គាល់សហគមន៍របស់គេយ៉ាងច្បាស់ និងការពារសិទ្ធិរបស់ពួកគេ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានចំពោះសហគមន៍ជនជាតិដើមក្នុងតំបន់ គឺមិនគ្រប់គ្រាន់ទេ។ ការទទួលស្គាល់សិទ្ធិជនជាតិដើមឱ្យបានច្បាស់លាស់ និងមិនយល់ច្រឡំ គឺជាជំហានដំបូងសម្រាប់អង្គការ (អាស៊ាន) មួយនេះ ដើម្បីចាប់ផ្តើមការប្តេជ្ញាចិត្តដែលអាចជឿទុកចិត្តបានក្នុងការការពារសិទ្ធិមនុស្សនៅក្នុងតំបន់។
សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម (UNDRIP) សំដៅលើជនជាតិដើមថាជា «ប្រជាជនដាច់ដោយឡែកដែលមានសិទ្ធិសមូហភាពពីកំណើតលើដីធ្លី ដែនទឹកដី និងធនធានរបស់ពួកគេ»។ ទោះបីជារដ្ឋសមាជិកអាស៊ានទាំងអស់បានបោះឆ្នោតគាំទ្រការអនុម័ត UNDRIP ក្នុងឆ្នាំ២០០៧ ក៏ដោយ ក៏ធម្មនុញ្ញរបស់ប្លុកនេះមិនសំដៅលើការទទួលស្គាល់សិទ្ធិសមូហភាពរបស់ជនជាតិដើមនោះទេ។
ទោះបីជាមានការជឿនលឿនខ្លះៗក្នុងសមាហរណកម្មសិទ្ធិមនុស្សជាផ្នែកនៃក្របខណ្ឌរបស់ខ្លួនក៏ដោយ ក៏អាស៊ានបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍មិនជ្រៀតជ្រែកក្នុង «កិច្ចការផ្ទៃក្នុង» នៃរដ្ឋជាសមាជិករបស់ខ្លួន។ ការភ័យខ្លាចនៃការផ្ទុយនឹងសកម្មភាពរបស់រដ្ឋាភិបាល ជាពិសេសចំពោះសំណួររសើប ដូចជាជម្លោះនៅប៉ាពួន រារាំងយន្តការរបស់អាស៊ានមិនឱ្យមានប្រសិទ្ធភាពនៅពេលដែលមានការរំលោភសិទ្ធិមនុស្សកើតឡើង។ នៅក្នុងការអនុវត្ត ស្ថាប័នទាំងអស់ដែលត្រូវបានបង្កើតឡើងដើម្បីការពារសិទ្ធិមនុស្សក្នុងបណ្ដាប្រទេសអាស៊ាន មិនអាចធ្វើសកម្មភាពលើសពីជា «មជ្ឈមណ្ឌលព័ត៌មាន» សាមញ្ញនោះទេ។ ការបរាជ័យនៃសកម្មភាពរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ គឺជាប្រធានបទនៃការព្រួយបារម្ភសម្រាប់ក្រុមមនុស្សដូចជាជនជាតិដើម ដែលពួកគេទំនងជាទទួលរងនូវការឈឺចាប់។
ផ្ទុយទៅនឹងការសន្មតមួយចំនួន ជនជាតិដើមមិនប្រឆាំងទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចទេ។ ពួកគេគ្រាន់តែទាមទារឱ្យអនុវត្តតាមរបៀបដែលសមស្របនឹងកម្មសិទ្ធិដីធ្លីរបស់ពួកគេ និងគោរពសិទ្ធិសមូហភាពរបស់ពួកគេ។ កំណើនសេដ្ឋកិច្ច និងសិទ្ធិមនុស្ស មិនមែនប្រឆាំងគ្នានោះទេ។ ការអភិវឌ្ឍអាចមានទាំងនិរន្តរភាព រួមទាំងផ្តល់ឱកាសនិងធនធានស្មើភាពសម្រាប់ជនជាតិដើមភាគតិច ហើយដើម្បីទទួលជោគជ័យត្រង់ចំណុចនេះ សំឡេងជនជាតិដើមត្រូវតែយកចិត្តទុកដាក់៕
Commentaires