អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង សែស អរុណសក្តា បានធ្វើការបោះពុម្ភផ្សាយក្នុង Thmey Thmey កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។ ដើម្បីអានអត្ថាធិប្បាយនេះនៅគេហទំព័រដើម!
ចូរស្រមៃមើលទីក្រុងមួយដែលជនចាស់ជរាអាចធ្វើដំណើរទៅផ្សារទិញទំនិញដោយមិនចាំបាច់ត្រូវការជំនួយពីអ្នកដទៃ។ហើយជនដែលមានចក្ខុវិញ្ញាណខ្សោយអាចធ្វើដំណើរទៅលេងមិត្តភក្តិបានយ៉ាងងាយស្រួល។ចំណែកឯស្ត្រីមានផ្ទៃពោះអាចធ្វើដំណើរទៅពិនិត្យសុខភាពជាប្រចាំដោយគ្មានភាពលំបាក។ រីឯកុមារអាចធ្វើដំណើរទៅសាលារៀន និងត្រឡប់មកផ្ទះវិញដោយគ្មានការបារម្ភ។
នេះជាទីក្រុងមួយដែលសូម្បីតែអ្នកមានចំនូលតិចតួចក៏អាចមានលទ្ធភាពធ្វើដំណើរបំពេញការងារយ៉ាងប្រសើរ។ នៅក្នុងទីក្រុងបែបនេះ ប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការបម្លាស់ទីបានប្រកបដោយសមធម៌ ដោយមិនគិតពីលទ្ធភាពរាងកាយ និងស្ថានភាពសេដ្ឋកិច្ចសង្គម ឬក៏អាយុរបស់ពួកគេឡើយ។
សម្រាប់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ការបម្លាស់ទីប្រកបដោយសមធម៌ពេញលេញមិនទាន់សម្រេចបាននៅឡើយទេ ព្រោះទីប្រជុំជន និងទីក្រុងរបស់ប្រទេសកម្ពុជាត្រូវបានរចនាឡើងសម្រាប់ យានជំនិះឯកជន ជាពិសេស។
រថយន្ត និងទោចក្រយានយន្តគឺជា ឧបសគ្គ សម្រាប់សង្គមបរិយាបន្ន
នៅក្នុងទីក្រុងមួយដែលរៀបចំឡើងសម្រាប់តែធ្វើដំណើរតាមយានយន្ត បុគ្គល ដែលមិនអាចបើកបរបានគឺ មិនអាចធ្វើដំណើរទៅណាដោយខ្លួនឯងបានឡើយ។
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បើកបររថយន្ត អ្នកបើកបរត្រូវមានអាយុលើសពី ១៨ ឆ្នាំ ហើយឆ្លងកាត់ការប្រឡងបើកបរដោយជោគជ័យ រួមទាំងត្រូវមានកាយសម្បទា ផ្លូវចិត្តមាំមួន និងភ្នែកអាចមើលច្បាស់ល្អ។ ទោះបីជាមិនមានការតម្រូវឲ្យប្រឡងបើកបរ និងការកំណត់អាយុ សម្រាប់អ្នកបើកបរទោចក្រយានយន្តក៏ដោយ ក៏អ្នកបើកបរត្រូវវមានកាយសម្បទា និងផ្លូវចិត្តមាំមួនដើម្បីមានភាពក្លាហានគ្រប់គ្រាន់ក្នុងកាបើកបរម៉ូតូលើផ្លូវដ៏មមាញឹកដែរ ។
យ៉ាងណាមិញ លក្ខខណ្ឌទាំងនេះ បានផាត់ចេញនូវជនដែលមានពិការភាពផ្លូវចិត្ត ឬរាងកាយ មនុស្សចាស់ កុមារ អ្នកដែលមិនមានលទ្ធភាពចូលរៀនបើកបរ អ្នកដែលមិនមានលទ្ធភាពទិញ និងដំណើរការយានយន្ត និងជនដទៃទៀត។
ទោះជាកំណែទម្រង់ថ្មីៗបានពង្រីកសិទ្ធិក្នុងការបើកបរដោយរួមបញ្ចូលទម្រង់នៃពិការភាពរាងកាយមួយចំនួនក្តី វាបានត្រឹមតែព្យាបាលរោគសញ្ញានៃហេដ្ឋារចនាសម្ព័ន្ធមិនស្មើភាពគ្នាតែប៉ុណ្ណោះ ជាជាងដោះស្រាយដើមហេតុ។ផ្ទុយទៅវិញវាបានដាក់បន្ទុកដ៏ធ្ងន់ធ្ងរនៃការបើកបរ និងហានិភ័យទៅលើបុគ្គលដែលងាយរងគ្រោះទៅវិញ។
លើសពីនេះទៅទៀត ការពឹងផ្អែកជាចម្បងលើយានយន្តនិងទោចក្រយានយន្ត ក៏មានគុណវិបត្តិជាច្រើន ដូចជា គ្រោះថ្នាក់ចរាចរណ៍ ជាកត្តាចម្បងនៃការស្លាប់និងរបួសនៅកម្ពុជា។ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តមានហានិភ័យខ្ពស់ធ្ងន់ធ្ងរ ។
បច្ចុប្បន្ននេះ ការឡើងថ្លៃនៃប្រេងឥន្ធនៈធ្វើឱ្យមានការចំណាយកាន់តែខ្ពស់សម្រាប់ប្រជាជនកម្ពុជា ដែលភាគច្រើនមានប្រាក់ចំណូលដ៏តិចតួចដែលជាការដាក់បន្ទុកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរមកលើក្រុមគ្រួសាររបស់ពួកគេ។ការសិក្សាមួយបង្ហាញថា ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍គេប៉ាន់ប្រមាណថាអ្នកមានកម្មសិទ្ធិរថយន្តធុនមធ្យម ត្រូវចំណាយប្រចាំឆ្នាំជាមធ្យម (រួមបញ្ចូលប្រេងឥន្ធនៈ ការថែទាំ និងពន្ធ) ប្រមាណចំនួន ៥,២៦១ ដុល្លារ ក្នុងមួយឆ្នាំ ខណៈដែលចំណាយប្រចាំឆ្នាំសម្រាប់ទោចក្រយានយន្តវិញ ចំណាយប្រមាណ ៣៥៣ ដុល្លារក្នុងមួយឆ្នាំ គិតត្រឹមឆ្នាំ 2020 ។
យោងតាមទស្សនៈដែលផ្តោតលើសមធម៌សង្គម ការរៀបចំទីក្រុងជុំវិញតម្រូវការការប្រើប្រាស់យានជំនិះឯកជន បានរារាំងភាពបម្លាស់ទីរបស់ប្រជាពលរដ្ឋមួយផ្នែកធំ ហើយធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យខ្ពស់និងរងសំពាធហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរថែមទៀតផង។ ហេតុដូច្នេះ ការប្រើប្រាស់យានជំនិះឯកជន មិនមែនជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធមធ្យោយបាយធ្វើដំនើរនិងដឹកជញ្ជូនដែលងាយស្រួល សុវត្ថិភាព និងមានតម្លៃសមរម្យនោះទេ។
ការផ្តល់អាទិភាពដល់មធ្យោបាយថ្មើរជើងនិងការជិះកង់ និងមធ្យោបាយធ្វើដំណើរសាធារណៈ
ផ្ទុយពីទីក្រុងដែលផ្តោតលើយានជំនិះ ទីក្រុងដែលរៀបចំឡើងជុំវិញការធ្វើដំណើរដោយថ្មើរជើងនិងជិះកង់ និងមធ្យោបាយសាធារណៈដូចជារថយន្តក្រុងឬរថភ្លើងជាដើម មានលក្ខណៈប្រសើរជាងក្នុងការផ្តល់នូវលទ្ធភាពបម្លាស់ទីប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
បម្លាស់ទីដោយថ្មើរជើងនិងជិះកង់គឺស្ទើរតែមិនចាំបាច់ត្រូវការចំណាយថវិកាឡើយ ដូច្នេះគ្រប់បុគ្គល អាចធ្វើដំណើរប្រកបដោយសុវត្ថិភាព ងាយស្រួល និងមានតម្លៃសមរម្យ។ លើសពីនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធសម្រាប់អ្នកថ្មើរជើងនិងជិះកង់ដែលរចនាឡើងយ៉ាងល្អ អាចអនុញ្ញាតឱ្យជនពិការដែលពឹងផ្អែកលើរទេះរុញ អាចធ្វើដំណើរក្នុងទីក្រុងដោយសុវត្ថិភាពដោយមិនចាំបាច់មានជំនួយពីអ្នកដទៃ។
សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ មធ្យោបាយធ្វើដំណើរសាធារណៈ មានសារៈសំខាន់ខ្លាំងណាស់។ វាអាចជួយសន្សំការចំណាយ ប្រកបដោយនិរន្តរភាព និងបំពេញតម្រូវការសម្រាប់ប្រជាពលរដ្ឋដែលមានពិការភាពផងដែរ។
តំបន់ភូមិស្រុកដែលត្រូវបានរៀបចំឡើងជុំវិញប្រព័ន្ធមធ្យោបាយធ្វើដំណើរសាធារណៈ នឹងផ្តល់នូវភាពងាយស្រួលខ្លាំងជូនប្រជាជនរស់នៅនៅទីនោះក្នុងការធ្វើដំណើរទៅកាន់កន្លែងនានាក្នុងក្រុង។ ការចំណាយលើការសាងសង់និងដំណើរការប្រព័ន្ធមធ្យោបាយធ្វើដំណើរសាធារណៈ មានប្រសិទ្ធិភាពខ្ពស់ជាង បើធៀបទៅនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលផ្តោតលើយានយន្ត។ កត្តាទាំងនេះ នឹងធ្វើឱ្យបម្លាស់ទីតាមមធ្យោបាយធ្វើដំណើរសាធារណៈមានតម្លៃសមរម្យជាងសម្រាប់ប្រជាពលរដ្ឋទូទៅ និងអនុញ្ញាតប្រជាពលរដ្ឋក្រីក្រក៏អាចមានលទ្ធភាពធ្វើដំណើរជាប្រចាំផងដែរ។
លើសពីនេះទៅទៀត ប្រព័ន្ធមធ្យោបាយធ្វើដំណើរសាធារណៈអាចធ្វើការកែច្នៃដើម្បីសម្រួលដល់ជនមានពិការភាពបានងាយស្រួលជាង បើធៀបនឹងយានជំនិះឯកជន។ ឡានក្រុងអាចបំពាក់ឧបករណ៍លើករទេះរុញ ដើម្បីឲ្យអ្នកប្រើប្រាស់រទេះរុញឡើងជិះឡានក្រុងដោយសុវត្ថិភាព រីឯស្ថានីយដឹកជញ្ជូនអាចបំពាក់ជណ្តើរយន្តនិងផ្លូវជម្រាល ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ ជូនជនពិការ។
ការរៀបចំដងផ្លូវសម្រាប់អ្នកថ្មើរជើងនិងអ្នកជិះកង់ ជាមួយនឹងមធ្យោបាយធ្វើដំណើរសាធារណៈ នឹងផ្តល់នូវបម្លាស់ទីប្រកបដោយសមធម៌ ក្នុងការធ្វើដំណើរទាំងផ្លូវជិតនិងផ្លូវឆ្ងាយ។ ជនពិការ កុមារ ក្មេងជំទង់ ស្ត្រី និងគ្រួសារដែលមានចំណូលទាប អាចទទួលបានឱកាសការងារ លំនៅដ្ឋាន សេវាកម្មថែទាំសុខភាព និងសេវាកម្មសំខាន់ៗផ្សេងទៀត ប្រសើរជាងមុន នៅពេលដែលមានការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។
លើសពីបម្លាស់ទីប្រកបដោយសមធម៌
នៅពេលដែលមនុស្សធ្វើដំណើរតាមមធ្យោបាយរៀងៗខ្លួន ពោលគឺរថយន្តនិងទោចក្រយានយន្តផ្ទាល់ខ្លួន ទំនាក់ទំនងគ្នាក្នុងសហគមន៍គឺស្ទើរតែមិនអាចទៅរួចទេ។វាមិនខុសពីអារម្មណ៍ខណៈដែលជួបមិត្តភក្តិ ពេលដើរនៅលើចិញ្ចើមផ្លូវ ធៀបនឹងអារម្មណ៍ពេលដែលបើកបរយានជំនិះ គ្រាន់តែឆ្លងកាត់គ្នា។
បញ្ហាបន្ថែមពីនេះទៅទៀត គឺទិដ្ឋភាពតាមដងផ្លូវដែលមានចំណតរថយន្តជាច្រើន និង ចរាចណ៏កក់កុញ ធ្វើឱ្យខូចសោភ័ណភាពតាមដងផ្លូវដែលបណ្តាលមកពីការពឹងផ្អែកលើយានជំនិះឯកជន។ ជាលទ្ធផល កង្វះការប្រា ស្រ័យទាក់ទង់ និង ទិដ្ឋភាពនេះបានជះឥទ្ធិពលអវិជ្ជមានដល់ទីប្រជុំជននិងទីក្រុង និងបង្កើនគម្លាតសង្គមកម្ពុជា។
ផ្ទុយទៅវិញ ទីក្រុងមួយដែលផ្តោតសំខាន់លើតម្រូវការអ្នកថ្មើរជើងនិងមធ្យោបាយធ្វើដំណើរសាធារណៈ ក៏ជួយជំរុញឱ្យមានការរួបរួមគ្នា ការជឿទុកចិត្តគ្នា និងការយស់ឃើញថាខ្លួនឯងជាសមាជិកមួយនៃសហគមន៍ផងដែរ។
នៅពេលដែលមានទីធ្លាត្រូវបានរៀបចំសម្រាប់មនុស្ស និងសកម្មភាពផ្សេងៗនោះ គុណភាពនៃទីធ្លាសាធារណៈនឹងមានភាពប្រសើរឡើង។
នេះគឺដោយសារតែមានការបើកឱកាសសម្រាប់ការធ្វើទំនាក់ទំនង សកម្មភាពពាណិជ្ជកម្ម ការកម្សាន្តនានា។ ការប្រាស្រ័យទាក់ទងគ្នារវាងមនុស្សនឹងមនុស្សកាន់តែច្រើន ជំរុញឱ្យមានការចេះចែករំលែកទីធ្លា និងការកសាងសហគមន៍មួយជុំវិញទីធ្លាសាធារណៈ។
នៅពេលដងផ្លូវដែលផ្តោតលើយានយន្តជាសំខាន់ វានឹងបង្កឲ្យមានការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលម៉ោងកកស្ទះ។ ប៉ុន្តែវាបែរជាស្ងាត់គ្មានមនុស្សនៅពេលហួសម៉ោងកកស្ទះ ដែលបង្កឲ្យមានក្តីបារម្ភពីទំនុកចិត្ត និងសុវត្ថិភាពផងដែរ ។
ដោយឡែក ដងផ្លូវដែលមានចរាចរណ៍ដោយថ្មើរជើងនិងការជិះកង់ឥតឈប់ឈរ មានបណ្តាហាងនានា សួនកុមារ និងទីធ្លាតូចៗ នឹងមានបរិយាកាសរាក់ទាក់ និងមានភាពកក់ក្តៅ ដោយសារតែកន្លែងដែលមានវត្តមានមនុស្សច្រើន ត្រូវបានគេយល់ថាមានសុវត្ថិភាពជាង និងកាន់តែមានទំនុកចិត្ត ព្រោះមានបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ។
កត្តាទាំងនេះគឺជាភាពខុសគ្នារវាងមជ្ឈដ្ឋានដែលផ្តោតលើការឆ្លើយតបនឹងតម្រូវការរបស់មនុស្ស និងមជ្ឈដ្ឋានដែលផ្តោតលើយានជំនិះជាចម្បង។
ដោយសារកង្វះកត្តាទាំងនេះនៅក្នុងទីក្រុង ធ្វើឲ្យអ្នកទីក្រុងនៅកម្ពុជាយើងជាច្រើនប្រាថ្នាចង់បានការប្រាស្រ័យទាក់ទងរវាងគ្នានឹងគ្នានៅតាមភូមិជនបទ។ អ្វីដែលធ្វើឱ្យទំនាក់ទំនងឃ្លាតឆ្ងាយពីគ្នានឹងគ្នានោះគឺ ទីធ្លាសាធារណៈដែលត្រូវបានលះបង់ឲ្យយានជំនិះ។
អ្វីដែលទីក្រុងនៅកម្ពុជាកំពុងខ្វះខាត
ការបម្លាស់ទីប្រកបដោយសមធម៌ អនុញ្ញាតឱ្យអ្នកទីក្រុងអាចធ្វើដំណើរដោយងាយស្រួល ក្នុងតម្លៃសមរម្យ និងមានសុវត្ថិភាព។ ការរៀបចំប្រព័ន្ធមធ្យោបាយធ្វើដំណើរសាធារណៈ និងការធ្វើដំណើរដោយថ្មើរជើងនិងជិះកង់ អាចធានាបានថាប្រជាពលរដ្ឋទាំងអស់ដែលមានវ័យ សមត្ថភាព និងស្ថានភាពសេដ្ឋកិច្ចសង្គមផ្សេងៗគ្នា សុទ្ធតែមានឱកាសទទួលបានអត្ថប្រយោជន៍និងលទ្ធភាពធ្វើដំណើរបានដោយងាយស្រួល។
លើសពីនេះទៅទៀត បរិស្ថានទីក្រុងដែលមានភាពងាយស្រួលសម្រាប់អ្នកថ្មើរជើងនិងជិះកង់ នឹងរួមចំណែកដល់ការកសាងទំនាក់ទំនងសង្គម បង្កើនភាពរួបរួមជាសហគមន៍។ការចល័តប្រកបដោយសមធម៌ គឺជាធាតុផ្សំដ៏សំខាន់ក្នុងការបង្កើតសង្គមមួយដែលស្អិតរមួត។ ទីក្រុងដែលសម្រេចបាននូវការចល័តប្រកបដោយសមធម៌ មិនត្រឹមតែផ្តល់ឱកាសប្រកបដោយភាពយុត្តិធម៌ឱ្យប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីក្រុងដែលអាចធ្វើឱ្យអ្នករស់នៅរួបរួមគ្នាផងដែរ៕
Comments