top of page

ការបង្កើត​មជ្ឈមណ្ឌល​ជំងឺមហារីក​អាស៊ាន នឹង​កាត់បន្ថយ​ការចំណាយ​លើ​ការព្យាបាល​របស់​ពលរដ្ឋ​ក្នុងតំបន់

អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ហេង ម៉ូលីកា ត្រូវបានបោះពុម្ពផ្សាយក្នុង VOD​ Khmer កាលពីថ្ងៃទី ០៦ ខែធ្នូ​ឆ្នាំ២០២២​​។ ​ដើម្បីអានអត្ថបទអត្ថាធិប្បាយនេះនៅ គេហទំព័រដើម

 

មាតិកាអត្ថបទ

  1. ការទទួលបានថ្នាំព្យាបាលជំងឺមហារីកនៅតែជាឧបសគ្គចំពោះអ្នកជំងឺនៅទូទាំងអាស៊ាន

  2. តើមជ្ឈមណ្ឌលជំងឺមហារីកអាស៊ានអាចធ្វើអ្វីខ្លះ?


អូន រ៉េត​ត្រា ​ជា​​ពលរដ្ឋ​ខ្មែរម្នាក់​ដែលត្រូវបាន​រក​ឃើញថាមាន​ជំងឺ​មហា​រីកពោះវៀន​ធំ នៅ​ឆ្នាំ​២០១៧។ ​នាង​​បាន​សម្រេច​​ចិត្ត​​​ទៅ​ព្យាបាល​នៅ​ប្រទេសថៃ ​​ដោយ​សារ​​​តែ​​ជម្រើស​​ថ្នាំ និងបច្ចេក​​ទេស​ព្យាបាល​នៅកម្ពុជានៅ​មាន​​កម្រិត។


រ៉េតត្រា និងគ្រួសារ​របស់​នាង​ បាន​​ចំណាយ​ប្រាក់​​ជាង៤០ ០០០ដុល្លារ ​សម្រាប់​​កា​រ​ព្យាបាល​​ដោយ​ប្រើ​ថ្នាំ​គីមី​​​នៅ​​ប្រទេស​​ជិតខាងកម្ពុជា​មួយ​​នេះ។ ជាអកុសល ដោយសារការរាតត្បាតនៃជំងឺ​កូវីដ-១៩ រ៉េត​ត្រា មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​ប្រទេ​ស​​បាន ហើយការ​ព្យាបាល​របស់នាង​ក៏ត្រូវបានបញ្ឈប់។​ រ៉េតត្រា បានស្លាប់នៅខែវិច្ឆិកា ឆ្នាំ​២០២០។


ទោះបីជាឃើញផលអវិជ្ជមាន និងភាពលំបាកធ្ងន់ធ្ងរទាំងនេះក៏ដោយ ក៏ប្រទេសក្នុងសមាគមអាស៊ាន នៅតែពុំទាន់​ផ្ដល់​អាទិភាព​​ក្នុងការពិភាក្សាពីជំងឺមហារីក និងរកដំណោះស្រាយជាគោលនយោបាយ ឬសកម្មភាពសម្រាប់​ដោះ​​​​​ស្រាយ​បញ្ហា​នេះនៅឡើយ។ អាស៊ាន ជាសមាគម​ថ្នាក់​តំបន់​ គួរប្រើឥទ្ធិពល​រួម​ក្នុង​ការ​បង្កើត​ដំណោះ​ស្រាយ ជា​ពិសេស​​​ដំណោះស្រាយ​​ក្នុង​ការ​ទទួ​លបា​ន​ថ្នាំ​​ព្យាបាល​​ដែល​​ត្រូវ​​តា​ម​​ប្រភេទ​នៃ​ជំងឺមហារីករបស់​អ្នក​ជំងឺ ជាមួយ​នឹង​តម្លៃ​សមរម្យ។


យោងតាមទិន្នន័យចុងក្រោយបំផុតក្នុងឆ្នាំ​២០២០ ពីទីភ្នាក់ងារអន្តរជាតិស្រាវជ្រាវពីជំងឺមហារីក (International Agency for Research on Cancer) ​អ្នក​ជំងឺមហារីកថ្មីជាង ១លាន​ករណី​ កើត​​ឡើង​​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​មាន​មនុស្ស​ប្រហែល៧០០ ០០០​នាក់​បាន​ស្លាប់។ ជាមួយ​គ្នានេះ គេរំពឹង​​ថា អ្នកកើតជំងឺមហារីក​​នឹង​​កើន​​ឡើង​​រហូត​ដល់ ១,៦លាន​ករណី​​​ ក្នុងរយៈ​ពេលប៉ុន្មាន​ឆ្នាំខាង​មុខ។


ក្នុងឆ្នាំ២០១៥ ការសិក្សាតាមដានលើអ្នកជំងឺមហារីក ៩ ៥១៣នាក់ នៅទូទាំងតំបន់អាស៊ាន បាន​រក​ឃើញ​​ថា​ ជាង ៧៥% នៃអ្នកជំងឺទាំងនោះ នឹងស្លាប់ ឬជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុក្នុងរយៈ​ពេលមួយ​ឆ្នាំ​ បន្ទាប់ពីការទទួលរោគវិនិច្ឆយថាពួក​គេបានកើតជំងឺមហារីក។ ៤៤% នៃអ្នកជំងឺ​ដែលបានរស់រាន​មាន​ជីវិត​នៅឆ្នាំដំបូង​បន្ទាប់ពីការធ្វើរោគវិនិច្ឆយ អះអាងថា ពួកគេបាន​​ចំណាយ​​ប្រាក់​​សន្សំ​​​ពេញ​មួយ​ជីវិត​លើ​​ការ​ព្យាបាល​​ជំងឺ​​​ដ៏​កាច​​សាហាវ​នេះ។


ការទទួលបានថ្នាំព្យាបាលជំងឺមហារីកនៅតែជាឧបសគ្គចំពោះអ្នកជំងឺនៅទូទាំងអាស៊ាន


ប្រព័ន្ធសុខាភិបាលនៅទូទាំងតំបន់អាស៊ាន កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ នៅពេល​និយាយ​ដល់​ការ​ព្យាបាលជំងឺ​មហារីក។ បញ្ហា​មួយ​ដែល​កំពុង​ចោទ​​ខ្លាំង​​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន ​គឺ​ការ​ខ្វះ​លទ្ធភាព​ទទួល​បាន​ថ្នាំ​មហារី​ក មិន​​ថា​​ដោយសារ​បញ្ហា​កង្វះ​ខាត​ថ្នាំដែលត្រូវនឹងប្រភេទជាក់លាក់នៃជំងឺមហារីក ឬ​ដោយសារ​តម្លៃ​ខ្ពស់​ពេក​នៃថ្នាំទាំងនោះទេ។


ការស្ទង់មតិជាសកលមួយ នៅឆ្នាំ២០១៦ បង្ហាញថា លទ្ធភាពទទួលបានថ្នាំថ្មីៗ ច្រើនតែមាន​កម្រិត​នៅទូទាំងអាស៊ីអាគ្នេយ៍។ កង្វះលទ្ធភាពប្រើប្រាស់ និងលទ្ធភាពទទួល​បានថ្នាំថ្មីៗ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់លទ្ធផលនៃការព្យាបាលជំងឺមហារីក ដែលភាគច្រើន​គឺជាមហារីកសុដន់ ពោះវៀនធំ និងសួត។ បញ្ហា​​កង្វះ​​​​ថ្នាំ​ព្យាបាល​នេះធ្វើឱ្យ​​​អ្នកជំងឺច្រើនជាងមួយភាគបីនៅក្នុងតំបន់អាស៊ី បានស្លាប់។


នៅប្រទេស​ថៃ និង​ម៉ាឡេស៊ី ​ត្រូវ​បាន​គេ​ចាត់​ទុក​ថាមាន​ហេដ្ឋារចនាសម្ពន្ធ​វេជ្ជសាស្ត្រ​ល្អ​គួរ​សម។ តែ​​យ៉ាង​ណា អ្នកជំងឺមហារីកនៅក្នុងប្រទេសទាំងពីរនេះ នៅតែមានកម្រិតក្នុងការទទួលបាន​ឱសថថ្មីៗ​ដែល​​​ជា​បច្ចេក​វិទ្យា​ចុង​ក្រោយ ក្នុង​ការ​ព្យាបាល​ជំងឺ​ពួក​គេ ហើយការព្យាបាលដោយប្រើឱសថទំនើបទាំងនេះតែង​មានតម្លៃ​​ថ្លៃ​ខ្លាំង ដែលជា​បន្ទុក​ធ្ងន់​សម្រាប់​​អ្នក​ជំងឺ និង​គ្រួសារ​របស់​ពួក​គេ។ ជាការពិតណាស់ អ្នកស្រាវជ្រាវ​បានរក​ឃើញ​​ថា ការខ្វះលទ្ធភាពប្រើប្រាស់ថ្នាំ pertuzumab ដែលជាថ្នាំអង់ទីករ​ ដើម្បីព្យាបាលអ្នកជំងឺមហារីក​​សុដន់​​ប្រភេទ​ HER2 ធ្វើ​ឱ្យ​​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ ​លើ​លទ្ធផល​​ជោគ​ជ័យ​នៃ​ការ​ព្យាបាល​​អ្នក​ជំងឺ​នៅ​​ក្នុង​ប្រទេស​ជាច្រើន​នៅ​ទូទាំងអាស៊ាន។ បន្ថែមពីលើនេះ អ្នកស្រាវជ្រាវបានបន្តថា ការខ្វះលទ្ធភាព​ប្រើប្រាស់​ថ្នាំនេះ ​បាន​នាំឱ្យអ្នក​ជំងឺ​បាត់​បង់​រយៈ​ពេល​រស់រានមាន​ជីវិតជាមធ្យម ១៥,៧ខែ។


នៅ​ប្រទេស​ហ្វីលីពីន​វិញ ថ្នាំដែលប្រើដើម្បីព្យាបាលជំងឺមហារីកសុដន់ប្រភេទ HER2 មិន​មាន​ភាពខ្វះខាតឡើយ ប៉ុន្តែថ្នាំនេះនៅតែមានតម្លៃថ្លៃ​ សម្រាប់អ្នកជំងឺ​ភាគច្រើន ​ដែលធ្វើឱ្យ​​​​ពួកគេមិនមាន​លទ្ធភាព​ប្រើ​​ប្រាស់ថ្នាំនេះឡើយ។


កង្វះ​ថ្នាំ​ព្យាបាល​ជំងឺមហារីក ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​កម្រិត​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ម៉ាឡេស៊ី។ ឧបសគ្គដែលត្រូវបានរាយការណ៍មកសំខាន់ គឺ​​ការខ្វះខាតប្រភពផ្គត់ផ្គង់ថ្នាំដែលអាចទុកចិត្តបាន នេះក៏ដោយ​សារ​ភាពខ្វះការផ្តល់ផលប្រយោជន៍ពាណិជ្ជកម្មសម្រាប់អ្នកផ្គត់ផ្គង់ក្នុងការនាំចូលថ្នាំ និងបន្តចែកចាយក្នុងទីផ្សារជាតិ។ កត្តាទាំងនេះហើយធ្វើឱ្យ​​​ថ្នាំសម្រាប់ព្យាបាលជំងឺ​មហារីក​មានតម្លៃថ្លៃហួសពីសមត្ថ​ភាព​អ្នក​ជំងឺ បើទោះជា​ពួក​គេ​អាច​​​រក​ថ្នាំទាំងនោះបានក៏ដោយ។


ដូច​គ្នា​នេះដែរ នៅក្នុងប្រទេសកម្ពុជា ការទទួលបានការព្យាបាលដោយ​ប្រើថ្នាំគីមី​​ក្នុងតម្លៃ​សមរម្យ ​នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ នេះបើយោងតាមវេជ្ជបណ្ឌិត Katherine Tarlock, MD អ្នកស្ម័គ្រចិត្តសម្រាប់កម្មវិធី Health Volunteers Overseas (HVO) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។


វេជ្ជបណ្ឌិត Ben Watkins, MD ដែល​ជាអ្នកស្ម័គ្រ​ចិត្ត​ម្នាក់ទៀតនៅក្នុងកម្មវិធី HVO បាន​បន្ថែមថា ដោយសារតែការ​ចំណាយ​ទាក់ទង​នឹង​ថ្នាំ​មហារីក​ទាំង​នេះ គ្រូពេទ្យជារឿយៗត្រូវថ្លឹងថ្លែងការប្រើថ្នាំព្យាបាល និងបន្ទុកហិរញ្ញវត្ថុរបស់អ្នកជំងឺមហារីកនៅកម្ពុជា ហើយវិធី​ដែល​ល្អ​បំផុតសម្រាប់ការព្យាបាលអ្នកជំងឺនៅកម្ពុជា គឺការប្រើប្រាស់​ប្រភេទ​​ថ្នាំដែល​​​រក​ឃើញ​ថាមាន​ប្រសិទ្ធភាព​ចំពោះ​អ្នក​ជំងឺនៅសហរដ្ឋអាមេរិក។ លោកថា ការធ្វើបែបនេះ គឺកាត់បន្ថយការចំណាយលើការសាកល្បងព្យាបាល​​ដោយ​ប្រើ​ប្រភេទ​ថ្មី ឬថ្នាំប្រភេទថ្មី ដែលអាចមានប្រសិទ្ធភាពល្អប្រសើរជាងអ្វីដែលធ្លាប់មាន ប៉ុន្ដែ​ក៏​ត្រូវ​ការ​ការចំណាយ​ខ្ពស់​ផង​ដែរ។


ទន្ទឹមនឹងនេះ នៅប្រទេសវៀតណាមវិញ ភាពខុសគ្នានៃភូមិសាស្ត្រដែលកើតចេញពីតំបន់ភ្នំរបស់ប្រទេសនេះ បាន​បង្ក​ឱ្យ​​មាន​បញ្ហា​ប្រឈម ដែលនាំឱ្យ​មានការពិបាកក្នុងការចែកចាយថ្នាំ និងសេវាព្យាបាលដោយ​ប្រើថ្នាំ​គីមី ​ដល់​មន្ទីរ​ពេទ្យនៅតាមខេត្ត។ ជាងនេះទៅទៀត ភាពមានកម្រិតនៃការផ្គត់ផ្គង់ថ្នាំដែលជាបច្ចេកវិទ្យាថ្មី ក៏ជាកង្វល់ផងដែរ​​នៅ​ប្រទេសវៀតណាម។ ថ្នាំ ដែលជាបច្ចេកវិទ្យាថ្មី សម្រាប់ព្យាបាលប្រភេទជាក់លាក់នៃជំងឺមហារីក មាន​នៅ​មន្ទីរ​ពេទ្យ​ជាតិជំនាញជំងឺមហារីក ក្នុងទីក្រុងហាណូយ ប៉ុន្ដែថ្នាំប្រភេទនេះនៅតែមានតម្លៃថ្លៃសម្រាប់អ្នកជំងឺវៀតណាម បើ​ទោះ​​បីជា​មានការឧបត្ថម្ភខ្លះលើការ​ចំណាយថ្លៃថ្នាំពីរដ្ឋាភិបាលក៏ដោយ។


តម្រូវការខ្ពស់ និងការផ្គត់ផ្គង់ថ្នាំមហារីកនៅមានកម្រិត ក៏អាចបណ្តាលឱ្យមានការនាំចូលថ្នាំក្លែងក្លាយ ដែល​បង្ក​ជា​បញ្ហា​ប្រឈមពិតប្រាកដចំពោះទីផ្សារអាស៊ីអាគ្នេយ៍ផងដែរ។ ជាឧទាហរណ៍ កាលពីខែឧសភា ឆ្នាំ២០២២ អតីត​អនុរដ្ឋមន្ត្រីសុខាភិបាលវៀតណាមម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ជុំវិញ​ការជាប់ពាក់ព័ន្ធ​របស់​គាត់ ​ក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនថ្នាំពេទ្យនាំចូលថ្នាំមហារីកក្លែងក្លាយចូលទៅក្នុងប្រទេសវៀតណាម។


ទោះបីជាអាចមានឆន្ទៈក្នុងការបង្កើតយន្តការ ដែលអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានឱសថ​ដែល​ជាបច្ចេក​​វិទ្យា​ថ្មី ត្រូវ​ជាមួយប្រភេទជំងឺ ដែលមានតម្លៃសមរម្យក៏ដោយ ក៏គេ​សង្កេត​ឃើញ​ថា ប្រទេសសមាជិកអាស៊ាន​​​​នៅ​ពុំ​ទាន់​​មាន​ភស្តុតាង​ជាទិន្នន័យ​ច្បាស់​លាស់ និងគ្រប់គ្រាន់ពីជំងឺមហារីក ក្នុងប្រទេសរបស់ខ្លួននៅឡើយទេ។ ទិន្ន​ន័យ​ទាំង​នោះ រួម​មាន បន្ទុកថវិកា​រដ្ឋដែល​ត្រូវចំណាយលើករណីជំងឺមហារីក និង​បញ្ជីថ្នាំមហារីកថ្នាក់ជាតិ​។​ ​ជា​ការពិត​ណាស់ អវត្តមាននៃទិន្នន័យទាំងនេះជាឧបសគ្គក្នុងការបង្កើតគោលនយោបាយអាទិភាព​សម្រាប់​ដោះស្រាយបញ្ហាដែលបានលើកឡើង។


ដោយមើលឃើញពីស្ថានភាពនេះ អាស៊ានគួរតែពិចារណាឱ្យបានហ្មត់ចត់​អំពីការ​បង្កើត​មជ្ឈ​មណ្ឌល​ជំងឺមហារីក​ក្នុង​តំបន់ ដែលនឹងអនុញ្ញាតឱ្យរដ្ឋជាសមាជិកសិក្សា ពិភាក្សា ប្រមូលទិន្នន័យ និងផ្តោតលើ​ការសហការ​ជាតំបន់ ក្នុង​ការនាំយកថ្នាំដែលជាបច្ចេកវិទ្យាថ្មី ជាមួយនឹងតម្លៃសមរម្យ មកព្យាបាលអ្នកជំងឺមហារីកនៅអាស៊ីអាគ្នេយ៍។


តើមជ្ឈមណ្ឌលជំងឺមហារីកអាស៊ានអាចធ្វើអ្វីខ្លះ?


ទោះបីជាមានការព្យាករអំពីការកើនឡើងនៃករណីជំងឺមហារីកក៏ដោយ ក៏មិនទាន់មានកិច្ច​ខិតខំប្រឹងប្រែង​រួមគ្នា​នៅទូទាំងតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះនៅឡើយ។ មជ្ឈ​មណ្ឌលជំងឺមហារីក​អាស៊ាន នឹង​​ក្លាយ​​​ជា​​កន្លែង​ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាត​លទ្ធភាពប្រើប្រាស់ថ្នាំមហារីក មិនថាដោយសារកង្វះថ្នាំ ឬថ្នាំមាន​តម្លៃ​​ខ្ពស់​​​ឡើយ។


តួនាទីចម្បងមួយដែលមជ្ឈមណ្ឌលជំងឺមហារីកអាស៊ានអាចដើរតួបាន គឺ​ជាកន្លែងប្រមូលផ្តុំ​ទិន្នន័យពាក់​ព័ន្ធជំងឺ​មហារីក​ពីប្រទេសជាសមាជិក។ ភស្តុតាងដោយផ្អែកលើទិន្នន័យ នឹងជួយអ្នកបង្កើត​គោលនយោបាយ​នៅតាម​ប្រទេស​នីមួយៗនិងក្នុងតំបន់ ក្នុងការរៀបចំផែនការថ្នាក់ជាតិប្រកបដោយប្រសិទ្ធភាព។ នាពេលបច្ចុប្បន្ន ទិន្នន័យ​ស្តី​ពី អត្រាជំងឺមហារីក អត្រាប្រភេទជំងឺមហារីកនីមួយៗ និងតម្រូវការថ្នាំសំខាន់ៗ នៅមានកម្រិត និងខ្វះ​ខាត​នៅ​ក្នុងប្រទេសសមាជិកអាស៊ាន។ ប្រសិនបើ​ថ្នាក់​តំបន់ មាន​សិទ្ធិ​ចូល​ប្រើ​​ទិន្នន័យ​​ដែល​អាចទុក​ចិត្ត​បាន​ជុំវិញជំងឺមហា​រីក អ្នកបង្កើតគោលនយោបាយតាម​ប្រទេស អាចរៀបចំ​ផែនការឆ្លើយ​តប​កាន់​​​តែមាន​​ប្រសិទ្ធ​ភាព​​ ចំពោះ​តម្រូវ​ការរបស់​អ្នក​ជំងឺ។


ឧទាហរណ៍ ប្រសិន​បើមានទិន្នន័យច្បាស់លាស់ ​​អ្នក​បង្កើត​គោល​នយោបាយ​​អាចពិចារណា​ដាក់ថ្នាំ​ដែល​​មា​ន​​តម្រូវការ​​ខ្ពស់​ក្នុង​បញ្ជី​ឱសថ​ជាតិ​របស់​ប្រទេស​ពួក​គេ ដូច្នេះ អ្ន​ក​ជំងឺ​នឹង​​ចំណាយ​តិចសម្រាប់​ថ្នាំដែល​ពួកគេត្រូវ​ការបំ​ផុត។ ទិន្នន័យច្បាស់លាស់អំពីតម្រូវការថ្នាំ ក៏នឹងជួយឱ្យប្រទេសនីមួយៗចៀសផុតពីការខ្វះខាតថ្នាំ ដែលអាច​នាំទៅ​រក​បញ្ហានៃការកើនឡើងតម្លៃថ្នាំផងដែរ។


យោងតាមការសិក្សាឆ្នាំ២០១៩ ស្តីពី ការកែលម្អលទ្ធភាពទទួលបានឱសថ ពីចន្លោះឆ្នាំ​២០០០ ទៅឆ្នាំ​២០១០ រដ្ឋសមាជិកអាស៊ានភាគច្រើនបានរាយការណ៍ពីការកើនឡើងនៃការចំណាយលើការនាំចូលឱសថ ដែលករណីនេះ​ មជ្ឈ​មណ្ឌល​​មហារីក​អាស៊ាន ក៏អាចដើរតួជាសំខាន់ដោយប្រើអំណាចសមូហភាព ដើម្បីចរចាតម្លៃថ្នាំ​ទូទាំង​តំបន់ ជា​ជាង​​ប្រទេស​នីមួយៗ​ចរចា​ដោយ​ខ្លួន​ឯង។


លើសពីនេះ បញ្ហាមួយទៀត គឺគម្លាតដ៏ធំខុសគ្នានៃតម្លៃ​ថ្នាំព្យាបាលជំងឺមហារីក រវាងបណ្តាប្រទេសនៅអាស៊ាន។ ជា​ឧទាហរណ៍ គិតត្រឹមឆ្នាំ​២០១៧ ថ្នាំព្យាបាលជំងឺមហារីក​ខួរ​ឆ្អឹង និង​ជំងឺ​មហារីក​កូន​កណ្តុរ​ មាន​តម្លៃ ៣ ៦២២,២២ដុល្លារ ក្នុងប្រទេសម៉ាឡេស៊ី និង ៤ ៦៣០,១២ដុល្លារ ក្នុងប្រទេសថៃ។ ចំណែកឯថ្នាំ​ដែល​​ប្រើ​​សម្រាប់​ព្យាបាលជំងឺមហារីកពោះវៀន មាន​តម្លៃ ១៥៩,៤៧​ដុល្លារ ក្នុងប្រទេសម៉ាឡេស៊ី និង ៨៩,២​ដុល្លារ នៅ​ក្នុ​ង​​ប្រទេស​ថៃ។​ ការពិតនេះ បញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ​ឆ្លងព្រំដែនរបស់អាស៊ាន ជាពិសេស​ទាក់ទង​នឹង​របៀបដែលស្ថាប័នថ្នាក់តំបន់អាចមានឥទ្ធិពលលើតម្លាភាពនៃតម្លៃឱ​សថ និងការចរចាតម្លៃនៅទូទាំងតំបន់។


អាស៊ាន អាចរៀនសូត្រពីការ​សហការ​ក្នុងតំបន់អន្តរ​រដ្ឋាភិបាល ដែលធ្លាប់កើតមានរវាងប្រទេសបែលហ្ស៊ិក ហូឡង់ លុចសំបួ និងអូទ្រីស (BeNeLuxA) ក្នុងឆ្នាំ​២០១៥ ដែលការសហការនេះបានបង្កើត​ឡើងដើម្បី​ចរចា​រួមគ្នា​លើ​តម្លៃ​ឱសថ និងចែករំលែកព័ត៌មានឆ្លងព្រំដែន ដើម្បីចៀសវាងភាពមិនស៊ីចង្វាក់គ្នានៃព័ត៌មានរវាងអ្នកទិញ និងក្រុមហ៊ុនឱសថ។ ដោយដើរតាមគន្លងរបស់ BeNeLuxA នៅក្នុងឆ្នាំ២០១៧ សម្ពន្ធមិត្តនៃរដ្ឋសមាជិក​សហភាព​អឺរ៉ុបភាគ​​ខាង​ត្បូង មាន​ដូច​ជា ប្រទេសម៉ាល់តា (Malta), ស៊ីប (Cyprus), ក្រិក អ៊ីតាលី អេស្ប៉ាញ និងព័រទុយហ្គាល់ បាន​ចុះហត្ថលេខាលើសេចក្តីប្រកាស Valletta ដើម្បី​ស្វែង​រក​យុទ្ធសាស្រ្ត​រួមគ្នា​ក្នុងការ​ចរចា​លើតម្លៃឱសថថ្មីៗ​ជាមួយឧស្សាហកម្មឱសថសាស្រ្ត។


ជំងឺមហារីក​ គឺ​ជា​បញ្ហា​ធំ​សម្រាប់​រដ្ឋាភិបាល​នីមួយៗ​ក្នុងការដោះស្រាយ​ ដូច្នេះអាស៊ាន​គួរ​តែ​រួម​គ្នា​ដោះស្រាយបញ្ហានេះជាថ្នាក់តំបន់​។ ការបង្កើតមជ្ឈមណ្ឌលជំងឺ​មហារីកអាស៊ាន​ មានសក្តា​នុពល​​ក្នុង​ការ​ពង្រឹង​សមត្ថភាពក្នុងតំបន់ ក្នុងការការពារអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ និងផ្តល់នូវ​លទ្ធផល​ល្អប្រសើរ​សម្រាប់​អ្នកដែលកំពុងប្រឈមមុខនឹងជំងឺនេះ៕


 

Komentarai


bottom of page