អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ជា ដារ៉ា ត្រូវបានបោះពុម្ពផ្សាយក្នុង VOD Khmer កាលពីថ្ងៃទី ១៨ ខែតុលា ២០២២ ដោយមានអត្ថាធិប្បាយអំពីថ្នាក់រៀនឥតជញ្ជាំង អាចធ្វើឲ្យមនុស្សគ្រប់រូបមានឱកាសជោគជ័យ ទទួលបានការអប់រំដោយយុត្តិធម៌ និងភាពស្មើគ្នា។ សូមមើលអត្ថបទដើមនៅ ទីនេះ ហើយអានវានៅខាងក្រោម!
ប្រព័ន្ធអប់រំដែលមានលក្ខណៈទំហំមួយសមស្របទាំងអស់ និងកំណត់យកការសិក្សាតាមរយៈការបង្រៀនដោយផ្ទាល់ ដែលគ្រូនិងសិស្សតទល់មុខគ្នានៅក្នុងជញ្ជាំងបួននៃថ្នាក់រៀន ធ្វើឱ្យសិស្សជាច្រើននៅតំបន់ជនបទដែលមានភាពខ្វះខាតបាត់បង់ឱកាសទទួលបានការសិក្សាគ្រប់គ្រាន់។ ផ្ទុយទៅវិញ ថ្នាក់រៀនឥតជញ្ជាំង អាចធ្វើឱ្យមនុស្សគ្រប់រូបមានឱកាសជោគជ័យ ទទួលបានការអប់រំដោយយុត្តិធម៌ និងស្មើភាពគ្នា។
ប្រព័ន្ធអប់រំដែលមានគ្រូបង្រៀនដោយផ្ទាល់ ទល់មុខគ្នាជាមួយសិស្ស ក្នុងថ្នាក់រៀនដែលមានជញ្ជាំងបួនបិទជិត ទំនងក្លាយជាប្រព័ន្ធអប់រំបុរាណមួយដែលមិនផ្ដល់លទ្ធភាពទូលំទូលាយសម្រាប់សិស្សជាច្រើននៅតំបន់ជនបទដែលមានជីវភាពខ្វះខាតទេ។ ផ្ទុយទៅវិញ ការអភិវឌ្ឍថ្នាក់រៀនឥតជញ្ជាំង ឬថ្នាក់រៀនអនឡាញ ឬហៅម្យ៉ាងទៀតថា ថ្នាក់ឌីជីថល អាចនឹងផ្ដល់ឱកាសជោគជ័យស្មើភាពគ្នា ទាំងសម្រាប់សិស្សានុសិស្សនៅទីក្រុងឬទីប្រជុំជន ក៏ដូចជាសិស្សានុសិស្សនៅតាមតំបន់ជនបទផងដែរ។
សាកស្រមៃដល់អនាគតមួយនេះ គឺនៅព្រឹកមួយវេលាម៉ោង៩ សិស្សស្រីម្នាក់ឈ្មោះ ចាន់ វត្តី និងមិត្តភក្តិរបស់នាង កំពុងអង្គុយលើកៅអីសាឡុង ខ្លះនៅលើកម្រាល និងនៅលើតុខ្ពស់ៗ ក្បែររានហាលនៃសាលបង្រៀនមួយ។ មិត្តរួមថ្នាក់របស់នាងផ្សេងទៀតភាគច្រើនជាសិស្សក្រីក្រ ដែលអាចត្រូវជួយការងាររកស៊ី និងស្រែចម្ការ ដើម្បីសម្រាលបន្ទុកជីវភាពរបស់ឪពុកម្ដាយពួកគេ កំពុងចូលរៀនតាមប្រព័ន្ធ Zoom។ Zoom គឺជាប្រព័ន្ធអនឡាញមួយក្នុងចំណោមប្រព័ន្ធអនឡាញផ្សេងទៀត ដែលគេអាចយកមកប្រើសម្រាប់កិច្ចប្រជុំ ឬការពិភាក្សាជាក្រុមពីចម្ងាយ ទាំងក្នុងនិងក្រៅប្រទេស ក្នុងតំបន់ឬពីជ្រុងជ្រោយផ្សេងៗនៃពិភពលោក។ ក្រៅពី Zoom នៅមាន Telegram, Skype, Messenger, Microsoft Teams, Skillshare, Khan Academy, Coursera ជាដើម។ មេរៀនព្រឹកនេះ គឺរៀនតាមបែបការពិភាក្សាជាក្រុម ដែលសម្របសម្រួលដោយគ្រូរបស់ពួកគេ ក៏ដូចជាដំណើរកម្សាន្តជាក់ស្ដែង ដែលធ្វើឡើងតាមរយៈ Google Earth និងបច្ចេកវិទ្យាពិភពពិត ដែលបន្ថែមដោយពត៌មានឌីជីថល (Augmented Reality) ទៅកាន់បឹងទន្លេសាប។
ចាន់ វត្តី និងមិត្តភក្តិរបស់នាង មកថ្នាក់រៀនរូបវន្តតែនៅពេលដែលពួកគេចាំបាច់ត្រូវប្រាស្រ័យទាក់ទង និងចែករំលែកគំនិតគ្នាទៅវិញទៅមក ឬក៏ដើម្បីចូលរួមកម្មវិធីរបស់សាលា និងសហគមន៍ដោយផ្ទាល់តែប៉ុណ្ណោះ។ ថ្នាក់រៀនឌីជីថលនេះបានក្លាយជាមធ្យោបាយងាយស្រួលមួយសម្រាប់គ្រូបង្រៀនក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសិស្ស និងក្រុមគ្រួសាររបស់ពួកគេ តាមដានវឌ្ឍនភាពនិងការវាយតម្លៃការសិក្សា ក៏ដូចជាបង្កើតមេរៀនខ្លីៗ វីដេអូអប់រំ កម្មវិធីសំណួរនិងចម្លើយ និងហ្គេមអប់រំផ្សេងៗជាច្រើនទៀត។
ដោយសារបណ្ណាល័យឌីជីថលដែលពោរពេញដោយសៀវភៅ ធនធានអប់រំ ខ្លឹមសារវគ្គសិក្សា និងឯកសារយោងអនឡាញជាច្រើន ព្រមទាំងថ្នាក់រៀនឌីជីថលដែលត្រូវបានបង្កើតឡើងក្នុងស្រុក និងមានតម្លៃទាប ធ្វើឱ្យសិស្សានុសិស្សអាចរៀន សហការ ចែករំលែកគ្នាទៅវិញទៅមក។ ជាពិសេស ថ្នាក់រៀនឌីជីថលអនុញ្ញាតឱ្យសិស្សស្ថិតនៅជាមួយក្រុមគ្រួសារ មិនថានៅលើទូកនេសាទ ឬចេញទៅវាលស្រែ ក៏ពួកគេអាចរៀនពីចម្ងាយបានដែរ។
ចក្ខុវិស័យនៅថ្ងៃអនាគតមួយនេះមានភាពផ្ទុយស្រលះពីតថភាពក្នុងវិស័យអប់រំនៅប្រទេសកម្ពុជាសព្វថ្ងៃ។ ជាទូទៅ ក្នុងសាលារៀនកម្ពុជាមានអគារសិក្សារូបវន្តជាជួរៗ ដែលមានសិស្សជាមធ្យម ៤០នាក់ក្នុងមួយបន្ទប់ ដោយពួកគេអង្គុយនៅតុរៀនជាជួរកៀកៗគ្នា និងមានគ្រូបង្រៀនម្នាក់ឈរឧទ្ទេសពីក្ដារខៀន។
គេសង្កេតឃើញថា រូបមន្តរអប់រំនៅតាមសាលារៀនបែបនេះ ធ្វើឱ្យមានគម្លាតដ៏ធំមួយរវាងការអប់រំនៅទីក្រុង និងទីជនបទ នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ។ ជាការពិត សិស្សនៅតាមជនបទមានការលំបាកក្នុងការសិក្សាតាំងពីមុនការផ្ទុះជំងឺកូវីដ-១៩ទៅទៀត ហើយកម្រិតសិក្សារបស់ពួកគេពិបាកតាមទាន់សិស្សនៅទីក្រុងណាស់។ មូលហេតុ ដោយសារកង្វះគ្រូបង្រៀនជាប់លាប់ កង្វះសាលារៀន និងសម្ភារអនាម័យជាមូលដ្ឋាននៅតំបន់ជនបទ។ ម្យ៉ាងទៀត ការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតក៏នៅមានកម្រិតទាបផងដែរ។ លុះជំងឺកូវីដ-១៩ ចាប់ផ្តើមរីករាលដាលក្នុងសហគមន៍ បញ្ហាប្រឈមខាងលើកាន់តែអាក្រក់ទៅៗ ហើយបានបណ្តាលឱ្យមានការខាតបង់ការសិក្សាយ៉ាងធំធេង ជាពិសេសសម្រាប់សិស្សនៅជនបទ។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រសួងអប់រំបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដោយផ្តោតលើការកសាងអគារសិក្សារូបវន្តបន្ថែម បំពាក់សម្ភារបរិក្ខារគ្រប់គ្រាន់ និងពង្រាយគ្រូបង្រៀនបន្ថែមទៀត។ ទោះជាយ៉ាងនេះក្តី យុទ្ធសាស្ត្រនេះនៅតែពឹងផ្អែកលើរូបមន្តអប់រំសិក្សានៅតាមសាលារៀនជាចម្បងដដែល។ដូច្នេះ រូបមន្តនេះហួសសម័យទៅហើយ និងគ្មានប្រសិទ្ធភាពសម្រាប់បរិបទកម្ពុជាសព្វថ្ងៃទេ។
គេជឿជាក់ថា ប្រព័ន្ធបែបនេះភាគច្រើនផ្តល់អត្ថប្រយោជន៍ដល់សិស្សដែលរស់នៅក្បែរសាលារៀន សាកលវិទ្យាល័យធំៗ និងតាមទីប្រជុំជន ទីក្រុងតែប៉ុណ្ណោះ ឬមួយក៏សិស្សណាដែលមានមធ្យោបាយ និងលទ្ធភាពគ្រប់គ្រាន់ ដែលអនុញ្ញាតឱ្យពួកគេលះបង់ពេលវេលាជាក់លាក់មួយក្នុងការសិក្សាបាន។ សរុបមក វាជាប្រព័ន្ធមួយដែលបង្កការលំបាកដល់សិស្សដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមទាប និងនៅក្នុងតំបន់ដែលខ្វះខាត។ ពោលគឺវិធីសាស្រ្តនៃការសិក្សានៅសាលារៀនតាមបែបប្រពៃណី មិនសមស្របនឹងសិស្សដែលងាយរងគ្រោះបំផុតក្នុងប្រទេសកម្ពុជាទេ ដោយសារហេតុផលសំខាន់ៗមួយចំនួន នោះគឺការបង្រៀនតាមបែបបុរាណត្រូវពឹងផ្អែកខ្លាំងលើការបង្រៀន ឬការឧទ្ទេសរបស់គ្រូ ដែលមានន័យថា វាទាមទារឱ្យមានការវិនិយោគដ៏សម្បើមក្នុងការគ្រប់គ្រងគ្រូបង្រៀន ខណៈដែលក្រសួងអប់រំកំពុងតែរកដំណោះស្រាយចំពោះការខ្វះខាតគ្រូបង្រៀនដែលមានសមត្ថភាពឱ្យបម្រើការជាប់លាប់នៅតាមបណ្តាខេត្ត ទីជនបទ ពីព្រោះតែអត្រាគ្រូបង្រៀនលាឈប់ពីវិជ្ជាជីវៈបង្រៀនប្រចាំឆ្នាំខ្ពស់។
ក្រៅពីនេះ វិធីសាស្ត្របែបប្រពៃណីនេះតម្រូវឱ្យមានការសាងសង់ និងថែទាំអគារសិក្សារូបវន្ត។ អគារសិក្សាមួយដែលអាចដាក់សិស្សប្រហែល ៧៥ទៅ ២០០នាក់ ចំណាយជាមធ្យមពី ៤០ ០០០ ទៅ ៧០ ០០០ដុល្លារសហរដ្ឋអាមេរិក ក្នុងការសាងសង់។ នេះមិនទាន់រាប់បញ្ចូលថ្លៃថែទាំអគារសិក្សា គ្រឿងសម្ភារ និងបរិក្ខារឡើយ។
ការសិក្សានៅក្នុងថ្នាក់រៀនបែបនេះបង្កើតបរិយាកាសដែលមិនអាចបត់បែនបាន ហើយដែលចៀសមិនផុតពីការប្រើប្រាស់កម្មវិធីសិក្សាបង្រួបបង្រួម និងធ្វើការប្រលងផ្អែកលើការទន្ទេញចងចាំ ហើយមើលរំលងភាពខុសគ្នានៃការសិក្សារបស់សិស្ស និងសិស្សដែលមានពិការភាពក្នុងការសិក្សាផងដែរ។ ថ្នាក់រៀននេះមិនមានប្រសិទ្ធភាពក្នុងការបណ្ដុះបណ្ដាលជំនាញទន់ ដូចជា ជំនាញនៃការគិតរិះគន់ ការគិតឆ្លុះបញ្ចាំង ការដោះស្រាយបញ្ហា និងការសហការដែលជាជំនាញសំខាន់នៃសតវត្សរ៍ទី២១ទេ ពីព្រោះសិស្សមានសេរីភាពតិចតួចណាស់ក្នុងការផ្លាស់ទីជុំវិញបន្ទប់រៀន ចូលរួមក្នុងការពិភាក្សាជាក្រុម ជំរុញឱ្យមានទំនាក់ទំនងរវាងមិត្តភក្តិ និងក្នុងការដោះស្រាយបញ្ហាដោយខ្លួនគេផ្ទាល់។
ភាពតឹងតែងនៃការសិក្សាតាមបែបប្រពៃណី ក៏មានន័យថា នៅពេលដែលគ្រួសារមួយត្រូវការកូនប្រុសឬកូនស្រីរបស់ពួកគេ ដើម្បីជួយរកប្រាក់ចំណូល និងរួមចំណែកដល់ផ្នែកហិរញ្ញវត្ថុនៃគ្រួសារ ទោះបីជាបណ្ដោះអាសន្នក៏ដោយ សិស្សងាយនឹងបោះបង់ការសិក្សាទាំងស្រុង ជាជាងអាចបន្តការសិក្សារបស់ពួកគេតាមលទ្ធភាពដែលពួកគេអាចឆ្លៀតបាន។
ដូច្នេះ កម្ពុជាត្រូវតែវិនិយោគលើការផ្លាស់ប្តូរពីប្រព័ន្ធអប់រំនៅតាមសាលារៀនបែបប្រពៃណី ទៅជាការអប់រំលើប្រព័ន្ធសិក្សាពីចម្ងាយ និងបើកចំហដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ដើម្បីអភិវឌ្ឍថ្នាក់រៀនឌីជីថល ដែលផ្តល់លទ្ធភាពអាចបត់បែនតាមសិស្ស ព្រមទាំងអាចលុបបំបាត់ឧបសគ្គចម្ងាយ និងពេលវេលាដែលរារាំងដល់ការសិក្សា។
វិធីសាស្រ្តនៃការសិក្សានៅសតវត្សរ៍ទី២១ តាមបែបបច្ចេកវិទ្យាឌីជីថលកើតឡើងតាមរយៈការរៀបចំដែលមានលក្ខណៈចម្រុះ ឯកជនភាវូបនីយកម្ម និងអាចបត់បែនបាន។ ការសិក្សាបែបបុរាណ គេត្រូវសាងសង់សាលាមួយសម្រាប់សិស្សមួយពាន់នាក់ដើម្បីរៀន ប៉ុន្តែបច្ចុប្បន្ន ការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតតែមួយអាចជំនួសការសាងសង់សាលានោះបាន។ ជាមួយនឹងការសិក្សាបែបថ្មីនេះ អ្នកសិក្សាទាំងអស់អាចរកបានសម្ភារសិក្សា កម្រងសំណួរ និងវីដេអូបង្រៀន ប្រកបដោយគុណភាពរាប់លាន គ្រប់ពេល និងពីគ្រប់ទីកន្លែង។
ប្រទេសជាច្រើនកំពុងវិនិយោគលើគោលគំនិតនៃថ្នាក់រៀនដែលគ្មានជញ្ជាំងនេះរួចមកហើយ ដើម្បីដោះស្រាយឧបសគ្គផ្នែករដ្ឋបាលនិងការសិក្សា ខណៈដែលសិស្សអាចប្រឈមមុខនឹងការមិនយល់ខ្លឹមសារនៃការសិក្សាដោយផ្ទាល់ ដែលគ្រូនិងសិស្សតទល់មុខគ្នានៅសាលារៀនតាមបែបប្រពៃណី។
ដើម្បីបំពេញតាមតម្រូវការរបស់សិស្សដែលខ្វះខាត អង្គការ Open Learning Exchange នៅប្រទេសនេប៉ាល់ បានបង្កើត E-Pustakalaya ដែលជាបណ្ណាល័យឌីជីថលឥតគិតថ្លៃ និងបើកចំហ ដើម្បីលើកទឹកចិត្តឱ្យមានការអាននិងការរៀនដោយឯករាជ្យ តាមរយៈការស្រាវជ្រាវ និងការសាកសួរ ដោយប្រើភាសានេប៉ាល់ ភាសាអង់គ្លេស និងភាសាសញ្ញានេប៉ាល់រួមបញ្ចូលគ្នា ហើយរួមបញ្ចូលនូវម៉ូឌុលសិក្សាបែបពហុព័ត៌មាន និងសិក្សាសកម្ម។
ដូចគ្នានេះដែរ កម្មវិធី Kolibri ដែលជាវេទិកាសិក្សាឌីជីថល និងដែលត្រូវបានបង្កើតឡើងនៅរដ្ឋកាលីហ្វ័រញ៉ា មិនតម្រូវឱ្យសិស្សភ្ជាប់អ៊ីនធឺណិតជានិច្ចឡើយ។ កម្មវិធីនេះអនុញ្ញាតឱ្យឧបករណ៍ស្វែងរកនិងភ្ជាប់គ្នាទៅវិញទៅមក ចែករំលែកមាតិកានិងធ្វើសមកាលកម្មទិន្នន័យ (sync data) នៅលើបណ្ដាញ Wi-Fi ក្នុងតំបន់ បន្ទាប់មក គេអាចប្រើទិន្នន័យនោះបាន ទោះដាច់អ៊ីនធឺណេតក៏ដោយ។ កម្មវិធីនេះក៏បានជួយសិស្សរាប់លាននាក់នៅក្នុងប្រទេសជាង២០០ ឱ្យមានឱកាសរៀនសូត្រ បន្ទាប់ពីពួកគេបានបោះបង់ការសិក្សា និងបានជួបការលំបាកក្នុងការតភ្ជាប់អ៊ីនធឺណិត និងអគ្គិសនី។
ការសិក្សាវាយតម្លៃលទ្ធផលនៃគម្រោងថ្នាក់រៀនឌីជីថលនៅប្រទេសហ្គាតេម៉ាឡា កាមេរូន និងឥណ្ឌា បានរកឃើញថា ការរៀនសូត្ររបស់សិស្សសម្រេចបានលទ្ធផលខ្ពស់ជាងមុន ក្នុងមុខវិជ្ជាគណិតវិទ្យា អក្ខរកម្មឌីជីថល បំនិនវិភាគនិងច្នៃប្រតិដ្ឋ។ ការស្រាវជ្រាវមួយនៅអនុតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិក បង្ហាញថា ការពង្រីកគម្រោងសិក្សាតាមប្រព័ន្ធឌីជីថល អាចជួយបណ្ដុះបណ្ដាលកម្លាំងពលកម្មឱ្យកាន់តែមានគុណភាព និងមានជំនាញច្បាស់លាស់ និងនាំទៅរកផលប្រយោជន៍សេដ្ឋកិច្ច ស្មើនឹងទឹកប្រាក់២ពាន់លានដុល្លារក្នុងមួយឆ្នាំ គិតត្រឹមឆ្នាំ២០២៥។
ឧទាហរណ៍ខាងលើអាចឱ្យប្រទេសកម្ពុជាពិចារណាក្នុងការវិនិយោគទៅលើថ្នាក់រៀនឥតជញ្ជាំង ដែលសិស្សអាចជ្រើសរើសថា ពួកគេចង់រៀននៅកន្លែងណា និងពេលណា ដូច្នេះសិស្សអាចមានអារម្មណ៍រីករាយជាមួយការសិក្សាតាមរបៀបដែលមិនសូវមានរចនាសម្ពន្ធច្រើន មិនថានៅទីណា និងពេលណានោះទេ។
ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ គំនិតផ្តួចផ្តើមមួយចំនួនបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការសិក្សាតាមប្រព័ន្ធឌីជីថល ប៉ុន្តែគំនិតផ្តួចផ្តើមនេះបានជួបប្រទះបញ្ហាប្រឈមធំៗជាច្រើន ដូចជា ការចូលរួមរបស់សិស្សមិនបានពេញលេញ ការតាំងចិត្តក្នុងការសិក្សាមិនទាន់រឹងមាំ និងប្រព័ន្ធអ៊ីនធឺណិតដើរមិនល្អ ជាដើម។ មនុស្សជាច្រើនបានឃើញការបរាជ័យនៅក្នុងបទពិសោធការសិក្សាអនឡាញទាំងនេះ ហើយបានស្នើសុំឱ្យត្រលប់ទៅសាលារៀនវិញ។
ថ្នាក់រៀនឥតជញ្ជាំងពេញលេញមួយត្រូវការបណ្ណាល័យឌីជីថលមួយ និងវេទិកាសិក្សាមួយដូចជា កម្មវិធី Kolibri ដែលជាកន្លែងផ្ដល់ធនធាននៃការសិក្សា និងសហគមន៍។ កម្មវិធីនេះត្រូវបង្កើតឡើងសម្រាប់ប្រើប្រាស់បានទាំងពេលមានឬក៏គ្មានអ៊ីនធឺណិត។ ប៉ុន្តែវាចាំបាច់ត្រូវបង្រៀនសិស្សឱ្យមានភាពឯករាជ្យ និងមានសមត្ថភាពរៀនដោយខ្លួនឯងលើកម្មវិធីនេះ។ សិស្សអាចត្រូវការកន្លែងសិក្សា ឬថ្នាក់រៀនរូបវន្តក្រៅម៉ោងសម្រាប់តែពេលវេលាដែលពួកគេត្រូវការជួបគ្រូ មានការពិភាក្សាជាក្រុមដោយផ្ទាល់ រៀបចំផែនការសកម្មភាពរួមគ្នាជាមួយដៃគូ ឬសេណារីយ៉ូផ្សេងទៀត ក្រៅពីនោះ សិស្សទាំងអស់អាចបន្តរៀនដោយខ្លួនឯងតាមពេលវេលារបស់ពួកគេនៅផ្ទះ។
ការផ្លាស់ប្ដូររចនាសម្ពន្ធអប់រំបែបនេះ មានន័យថា អគារសិក្សាបែបប្រពៃណីធំៗដែលមានចំនួនប្រាំថ្នាក់នោះ គឺលែងមានភាពចាំបាច់ទៀតហើយ ដោយសារគ្រូបង្រៀននឹងសម្របសម្រួលសិស្សតិចជាងមុន នៅនឹងមួយកន្លែងក្នុងពេលតែមួយ។ ទំហំអគារត្រូវការសម្រាប់សិស្សក៏អាចកាត់បន្ថយបានប្រហែល ៥០% ដែរ ដូច្នេះក្រសួងអប់រំអាចកាត់បន្ថយការចំណាយដ៏ចម្បងមួយ ហើយក្រសួងអាចបង្វែរចំណាយដែលត្រូវកាត់បន្ថយនេះ ដើម្បីវិនិយោគបន្ថែមទៀតលើជម្រើសនៃការសិក្សាឌីជីថលវិញ។
ក្រសួងអប់រំអាចធ្វើការជាដៃគូជាមួយក្រុមហ៊ុន និងថ្នាលបណ្ដុះបណ្ដាលអាជីវកម្មខាងផ្នែកបច្ចេកវិទ្យាអប់រំ ក្នុងការរិះរកបង្កើតប្រព័ន្ធបណ្ណាល័យឌីជីថលដោយឥតគិតថ្លៃ និងបើកចំហ និងប្រើប្រាស់វេទិកាសិក្សាឌីជីថល ជាពិសេសផ្តោតលើសិស្សនៅតំបន់ដែលខ្វះខាត ដូចជា កង្វះនៃអគារសិក្សា គ្រូបង្រៀន អគ្គិសនី និងការតភ្ជាប់អ៊ីនធឺណិត។
ធាតុផ្សំសំខាន់ៗនៃគំនិតផ្តួចផ្តើមទាំងនេះ គឺឧបករណ៍សិក្សា និងការតភ្ជាប់ទៅនឹងប្រព័ន្ធអ៊ីនធឺណិត។ ក្រសួងគួរតែបង្កើតគម្រោងបណ្ណសិក្សាសម្រាប់សិស្សក្រីក្រ និងផ្តល់ថេប្លេត (tablet) ដែលមានតម្លៃទាប និងដុំ USB ចល័ត។ សិស្សអាចប្រើថេប្លេតនោះ ដើម្បីចូលប្រើប្រាស់ខ្លឹមសារសិក្សាដែលបង្កើតឡើងក្នុងមូលដ្ឋានអាចប្រើបានទាំងជាមួយអ៊ីនធឺណិតនិងគ្មានអ៊ីនធឺណិត។ នៅកន្លែងដែលសេវាអ៊ីនធឺណិកម្រិតទាប សិស្សអាចប្រើប្រាស់ការចែករំលែកបែបស្នីឃឺណែត (Sneakernet Sharing) ដោយថតចម្លង ឬទាញយកធនធានអប់រំពីបណ្ណាល័យឌីជីថលបើកចំហ ហើយប្រើប្រាស់ដុំUSBចល័ត ដើម្បីចែកចាយវាទៅអ្នកដទៃនៅក្នុងតំបន់។
ការវិនិយោគកាន់តែច្រើនទៅលើការតភ្ជាប់អ៊ីនធឺណិតទូទាំងប្រទេស គឺជាការចាំបាច់សម្រាប់ការផ្តល់ថាមពលរយៈពេលវែងដល់សាលារៀនដែលមិនមានការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណេត នៅក្នុងតំបន់ដែលខ្វះខាតនោះ។ ក្រសួងអាចធ្វើការជាមួយក្រុមហ៊ុនសាជីវកម្ម និងដៃគូស្ថាប័នមិនរកប្រាក់ចំណេញ ដើម្បីរៀបចំផែនទីជាក់ស្តែងរបស់សាលាណាដែលពិបាកបំផុតក្នុងការតភ្ជាប់ និងពិបាកទៅដល់ ហើយបង្កើតកម្មវិធីជំនួយហិរញ្ញវត្ថុដល់សាលាទាំងនោះ។ យុទ្ធសាស្ត្រនេះអាចជួយសន្សំសំចៃថវិការបស់រដ្ឋាភិបាល សម្រាប់តែសាលារៀនដែលខ្វះខាត ថែមទាំងអាចទាក់ទាញការវិនិយោគឯកជនក្នុងសេវាកម្មអ៊ីនធឺណិតនិងបច្ចេកវិទ្យាដែលមានតម្លៃទាប ដូចជា កុំព្យូទ័រលើតុ កុំព្យូទ័រ Raspberry Pi រ៉ោតទ័រឥតខ្សែ ដុំservers និងបន្ទះថាមពលពន្លឺព្រះអាទិត្យ។
ការកាត់បន្ថយការពឹងផ្អែករបស់យើងលើអគារសិក្សាបែបប្រពៃណី លើការបង្រៀនដោយគ្រូតាមបែបប្រពៃណី និងលើសៀវភៅសិក្សា អាចពង្រីកឱកាសរៀនសូត្រដល់សិស្សដែលងាយរងគ្រោះបំផុតក្នុងប្រទេសកម្ពុជា តាមរបៀបការផ្លាស់ប្ដូរទំនើប និងវិជ្ជមាន។ ការវិនិយោគលើប្រភេទនៃការរៀនបែបវិមជ្ឈការនេះមានសក្តានុពលក្នុងការផ្តល់ឱ្យសិស្សទាំងនេះនូវភាពងាយស្រួល និងភាពបត់បែនកាន់តែច្រើនទៅតាមពេលវេលា ទីកន្លែង និងរបៀបដែលពួកគេរៀន ដោយធ្វើឱ្យក្លាយជាប្រព័ន្ធអប់រំមួយដែលដំណើរការដោយផ្ដោតសំខាន់លើអ្វីដែលសិស្សត្រូវការ៕
បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សាប៊ូថងទេសអន្លុង ស្ថិតក្នុងខេត្តរតនគិរី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។ (ហេង វិចិត្រ)
Comments